បុគ្គលិកនិងកម្មការិនី ២ម៉ឺននាក់នឹងទទួលផលពីគម្រោងអាហារូបត្ថម្ភ និងចិញ្ចឹមទារកនៅកន្លែងធ្វើការ

ថ្ងៃសុក្រ ទី០៩ ខែកញ្ញា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 31
1

ភ្នំពេញ - នាពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូននៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ព្រឹកនេះ លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller ប្រចាំកម្ពុជា បានលើកឡើងថា គម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការកំពុងអនុវត្តនៅរោងចក្រសហគ្រាស ស្ថាប័នរដ្ឋ និងអង្គការនានាចំនួន ២៨កន្លែង ។ ទីតាំងការងារទាំងនោះ ស្ថិតនៅរាជធានីភ្នំពេញខេត្តកណ្ដាលកំពត, និងខេត្តកំពង់ធំ ។ ម្រោងរំពឹងទុកថា បុគ្គលិក កម្មករ កម្មការិនីចំនួនជាង ២ម៉ឺននាក់នឹងបានទទួលផលប្រយោជន៍ពីគម្រោងនេះ។ 

 

 

លោក ហ៊ូ ក្រើន បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាទី តាំងគោលដៅមួយក្នុងចំណោមគោលដៅទាំង ២៨ កន្លែងដែល អង្គការ Helen Keller និងគម្រោង MUSEFO បាននិង កំពុងអនុវត្តគម្រោងសាកល្បងនេះ។

 

នាយកអង្គការ Helen Keller អន្តរជាតិកម្ពុជា លោក ហ៊ូ ក្រើន បានបញ្ជាក់បន្តថា ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនៅប្រទេសផ្សេងនាពេលកន្លងមកបានរកឃើញថា គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ មានផលចំណេញច្រើនសម្រាប់ និយោជិត និងនិយោជក។ 

 

លោកថា ផលចំណេញទាំងនោះ រួមមាន កាត់បន្ថយថ្លៃថែទាំសុខភាពសម្រាប់ម្តាយនិងកូន, កាត់បន្ថយការអវត្តមានបុគ្គលិកបង្កើនផលិតភាពការងារ, ធ្វើឱ្យបរិយាកាសនៅកន្លែងធ្វើការមានលក្ខណៈល្អប្រសើរ, បុគ្គលិកស្ត្រីដែលបន្តការងាររយៈពេលយូរមានអត្រាខ្ពស់កម្មករមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារ និងកាត់បន្ថយការចំណាយលើការជ្រើសរើស ព្រមទាំងការបណ្តុះបណ្តាលនិយោជក។ 

 

ទន្ទឹមគ្នានេះដែរ ការសិក្សាស្រាវជ្រាវក៏បានរកឃើញថា ការលើកកម្ពស់អាហារូបត្ថម្ភខាងលើ ក៏បានផ្តល់ជាវេទិកាមួយដល់ស្ត្រីដើម្បីពួកគេមានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា ការអប់រំអាហារូបត្ថម្ភនិងអនាម័យ ការអប់រំលើរបៀបចិញ្ចឹមទារកនិងកុមារ ការប្រឹក្សាលើរបបអាហារនិងសុខភាពរបស់ស្ត្រី និងច្បាប់ការងារជាដើម។

 

សូមជម្រាបថា គម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ គាំទ្រដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ និងគម្រោង MUSEFO តាមរយៈការសម្របសម្រួលរបស់អង្គការ Helen Keller អន្តរជាតិកម្ពុជា បានបង្កើតឱ្យមានបន្ទប់បំបៅដោះកូននៅតាមទីតាំងការងារនីមួយៗនៅក្នុងគម្រោង៕

 

អត្ថបទពេញនិយម