អគ្គិសនីកម្ពុជា ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ជូនប្រជាជនលើដែនកោះដាច់ស្រយាលនៅខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ខ្នាតតូចអនុភាព១៦២ គីឡូវ៉ាត់ ត្រូវបានដំឡើងនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៅក្នុងភូមិកោះឬស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ដែលជាលើដែនកោះដាច់ស្រយាលមួយពីទីរួមខេត្តកំពង់ឆ្នាំង។ ប្រព័ន្ធផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យខ្នាតតូចនេះជាអំណោយរបស់អគ្គិសនីកម្ពុជា ក្រុមហ៊ុនខ្មែរ SchneiTec និងក្រុមហ៊ុនដៃគូចិន ChiNT ដោយមានការគាំទ្រពីអាជ្ញាធរខេត្តកំពង់ឆ្នាំង។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនី បានធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំង២០២២ ដោយមានវត្តមានចូលរួមពីសំណាកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តមទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល អាជ្ញាធរខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងភូមិផ្ទាល់ ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ថា អគ្គិសនីកម្ពុជាបានយកចិត្តទុកដាក់ សាងសង់ខ្សែបញ្ជូននិងចែកចាយថាមពលអគ្គិសនី ពាសពេញផ្ទៃប្រទេស។ ដោយឡែកខេត្តកំពង់ឆ្នាំង មានតំបន់ដាច់ស្រយាលមួយចំនួនខណ្ឌដោយទន្លេសាប និង ដៃទន្លេជាច្រើន ដែលពុំទាន់មានអគ្គិសនីប្រើប្រាស់ ហើយអគ្គិសនីកម្ពុជា បាននឹងកំពុងខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាលទាំងនោះ មានថាមពលអគ្គិសនីប្រើប្រាស់។
ជាមួយគ្នានេះ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ស្រ៊ន សំឫទ្ធី បានរំពឹងថា ប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ នឹងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងជួយធ្វើជីវភាពរបស់ប្រជាជនមានភាពផ្លាស់ប្តូរប្រសើរជាងមុន ។
គួរបញ្ជាក់ថា ភូមិកោះឫស្សី គឺជាលើដែនកោះដាច់ស្រយាលមួយពីទីរួមខេត្តកំពង់ឆ្នាំង ស្ថិតនៅជាប់នឹងបឹងទន្លេសាប និងលិចទឹកនៅរដូវវស្សា។ ភូមិនេះ មិនធ្លាប់មានអគ្គិសនីបណ្តាញជាតិទៅដល់សម្រាប់ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់នោះទេ៕

