របបអាហារសុខភាពកើតចេញពីជម្រើសនិងរបៀបចម្អិនមុខម្ហូបបានត្រឹមត្រូវ

ថ្ងៃអាទិត្យ ទី១០ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 595
1

កំពង់ស្ពឺ - ឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានទេសធម្មជាតិដ៏ស្រស់ត្រកាលគ្របដណ្តប់ដោយព្រៃស្រល់លើខ្នងភ្នំនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ហើយបរិយាកាលព្រឹកនេះកាន់តែរីករាយ និងស្រស់ស្អាតមួយកម្រិតទៀត នៅពេលដែលក្រុមយុវអាហារូបត្ថម្ភនៃអង្គការ Helen Keller អន្តរជាតិ ប្រមាណជាង ៣០នាក់ បាននាំគ្នាសិក្សានិងចម្អិនម្ហូបអាហារដោយផ្ទាល់ដៃរួមគ្នា បំណងជម្រើសបន្លែត្រីសាច់និងរៀនពីរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព ។ 

កម្មវិធីនេះដែរ ក៏មានវត្តមានតំណាងអង្គការ Helen Keller តំណាង គម្រោង MESEFO នៃអង្គការ GIZ ព្រមទាំងយុវជនតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី ។ 

កញ្ញា ឈុន បូរមី អ្នកសម្របសម្រួលយុវជនជើងឯកអាហារូបត្ថម្ភមាន បាននិយាយថា កម្មវិធីបោះជំរុំយុវជននៅថ្ងៃទី០៧-០៨ ខែមេសានេះ មានគោលបំណងបួនសំខាន់ រួមមាន ៖

  1. បង្កើនការយល់ដឹងរបស់យុវជនជើងឯកអាហារូបត្ថម្ភស្តីពីជម្រើសនិងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព ។
  2. ប្រឡងប្រណាំងលើការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពដែលដាក់ពិន្ទុដោយចុងភៅជំនាញ ។
  3. ផ្តល់វេទិកាដល់យុវជនដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងមតិយោបល់លើជម្រើសនិងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព ។
  4. ពិភាក្សាលើយុទ្ធនាការមិត្តអប់រំមិត្ត សមិទ្ធិផល បញ្ហាប្រឈម ដំណោះស្រាយ និងជំហានបន្ទាប់ ។  

លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller មានប្រសាសន៍ថា ដំណើរបោះជំរុំយុវជនអាហារូបត្ថនេះ យុវជនទាំងអស់មានឱកាសយល់ពីសារៈសំខាន់នៃរបបអាហារសុខភាពដែលពួកគេទទួលការបណ្តុះបណ្តាលពេលកន្លងទៅ ។ ទន្ទឹមគ្នានេះ ពួកគេនឹងមានឱកាសបញ្ចេញស្នាដៃដោយផ្ទាល់ក្នុងការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព តាមរយ:ការប្រកួតប្រជែងគ្នាក្រោមការត្រួតពិនិត្យពីចុងភៅជំនាញ។ 

នាយករងអង្គការ Helen Keller លោក ហ៊ូ ក្រើន បានបញ្ជាក់ទាំងស្នាមញញឹមថា ៖ “បន្តិចទៀតយើងនឹងឃើញថា តើប្អូនៗមានទេពកោសល្យប៉ុណ្ណាក្នុងការប្រើប្រាស់ចំណេះដឹងដែលបានទទួលកន្លងមក និងនៅថ្ងៃនេះពីចុងភៅជំនាញរបស់យើងសម្រាប់ការអនុវត្តជាក់ស្តែង។ ខ្ញុំទន្ទឹងរង់ចាំមើលលទ្ធផលការប្រកួតប្រជែងនេះ"។ 

នៅក្នុងកម្មវិធីចម្អិតចុងភៅពិសេសបានបង្ហាញពីរបៀបធ្វើអាហារសុខភាពបីមុខទៅកាន់យុវជនទាំងអស់ រួមមាន សម្លរកកូរ សម្លរម្ជូរស្រែ និងឆាបន្លែគ្រប់មុខ ដោយពន្យល់យ៉ាងល្អិតល្អន់លើគ្រឿងផ្សំ សម្ភារៈចម្អិនដែល ត្រូវការ និងដំណើរការមុនពេល កំឡុងពេល និងក្រោយពេលចម្អិនម្ហូបសម្រាប់អាហារសុខភាព ។ ដោយឡែក ការផ្តល់ពិន្ទុលើការប្រកួតរៀបចំចម្អិនអាហារសុខភាពនេះ ផ្តោតលើការរៀបចំមុនពេលចម្អិន របៀបធ្វើ ការងារក្រុម រសជាតិអាហារ ភាពប៉ិនប្រសប់ក្នុងការច្នៃប្រតិដ្ឋ អនាម័យ ទេពកោសល្យបង្ហាញមុខម្ហូបបន្ទាប់ពីចម្អិនរួច និងការរៀបចំសម្ភារៈទុកដាក់វិញ ។  

សូមជម្រាបថា កំឡុងពេលការប្រកួតធ្វើអាហារសុខភាពនេះ មានការសង្កេតមើលយ៉ាងម៉ត់ចត់ពីចុងភៅពិសេស និងគណ:កម្មការត្រួតពិនិត្យក្រោមបរិយាកាសសប្បាយរីករាយ មិត្តភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ។ បន្ទាប់ពីកម្មវិធីធ្វើអាហារសុខភាពត្រូវបានបញ្ចប់មក កម្មវិធីភ្លក្ស មុខម្ហូបដែលជាស្នាដៃរបស់ក្រុមនិមួយៗត្រូវបានធ្វើឡើង។ ក្រុមយុវជននីមួយៗទទួលបានវត្ថុអនុស្សាវរីយ៍ពីកម្មវិធីដោយមានភាពសប្បាយរីករាយនិងចងចាំនូវបទពិសោធន៍ល្អៗក្នុងរយ:ពេលពីរថ្ងៃនៅហើយបានប្តេជ្ញាផ្សព្វផ្សាយសារគន្លឹះសំខាន់ៗនៃរបបអាហារសុខ ភាព  ដល់មិត្តភក្តិនិងគ្រួសារ ។

កញ្ញា ឃឹម ស្រីពៅ យុវតីមកពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្មនិងជនបទ បាននិយាយថា កម្មវិធីបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភ មិនត្រឹមតែធ្វើឱ្យយល់យុវជនយល់ដឹងពីអាហារូបត្ថម្ភទេ តែធ្វើឲ្យយុវជនមានការប្រាស្រ័យទាក់ទងគ្នាបានកាន់តែស្និតស្នាល ចេះជួយធ្វើការងារជាក្រុមបានល្អ មិនត្រឹមតែប៉ុណ្ណោះយុវជនយើងក៏បានលេងល្បែងប្រជាប្រិយ៍ខ្មែរផងដែរ ។ 

ទន្ទឹមគ្នានេះ កញ្ញា ឃឹម ស្រីពៅ  បានបញ្ជាក់ ៖ "កម្មវិធីបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភ ខ្ញុំពិតជាមានចិត្តសប្បាយរីករាយដោយសារកម្មវិធីនេះធ្វើឱ្យយុវជនមកពីស្ថាប័ន និងសាកលវិទ្យាល័យផ្សេងៗគ្នា ស្គាល់គ្នាតាមរយ:ការបែងចែកក្រុមប្រកួតប្រជែងធ្វើម្ហូបអាហារដែលពោលពេញដោយអាហារូបត្ថម្ភ”។ 

ដោយឡែកកញ្ញា ភូរិម៉ា យុវជនជើងឯកអាហារូបត្ថម្ភអង្គការ Helen Keller បាននិយាយថា ការបោះជំរំយុវជនជើងឯកអាហារូបត្ថម្ភបានផ្តល់ចំណេះដឹងថ្មីៗទាក់ទងនឹងវិធីសាស្រ្តក្នុងការបន្ថែមគ្រឿងផ្សំដើម្បីជួយបង្កើនតម្លៃអាហារូបត្ថម្ភនិងរសជាតិនៃរបបអាហារសុខភាព ។ លើសពីនេះទៀត យុវជនបានទទួលបទពិសោធន៍ថ្មីៗពីការប្រកួតប្រជែងចម្អិនម្ហូបដើម្បីទទួលបានឣាហារូបត្ថម្ភល្អ និងបន្តចែករំលែកទៅកាន់បងប្អូន ក្រុមគ្រួសារឣំពីចំណេះដឹងឣំពីរបបអាហារសុខភាព ។ 

និយាយលាយដោយស្នាមញញឹមយុវជន គិន សុភាភិរុន ជាមកពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្មនិងជនបទ បានឱ្យដឹងថា កម្មវិធីបោះជំរុំយុវជនជើងឯកអារហារូបត្ថម្ភ ពិតជាឱកាសល្អ បានផ្តល់ចំណេះដឹង និងបទពិសោធន៏ចម្អិនអាហារសុខភាពល្អ និងបានស្គាល់មិត្តភិត្តច្រើន។ សុភាភិរុន បានសំណូមពរថា អង្គការ Helen Keller និង GIZ គួរមានកម្មវិធីបោះជំរុំយុវជនជើងឯកអារហារូបត្ថម្ភនៅតាមបណ្តាខេត្តផ្សេងៗទៀតឱ្យបានច្រើន ។

អ្នកស្រីវេជ្ជបណ្ឌិត Sanne Sigh អ្នកជំនាញអាហារូបត្ថម្ភគម្រោង MUSEFO នៃអង្គការ GIZ និងលោក អ៊ុន សំអឿន តំណាងគម្រោង MESEFO នៃអង្គការ GIZ មានប្រសាសន៍ថា នៅពេលយុវជនបានយល់ច្បាស់ពីសារៈសំខាន់នៃរបបអាហារសុខភាព នោះនឹងជួយលើកកម្ពស់សុខភាពនិងការលូតលាស់រាងកាយរបស់ពួកគេយ៉ាងល្អ។ 

“ក្នុងនាមគម្រោង MUSEFO នៃអង្គការ GIZ ខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗទាំងអស់ដើម្បីសួរសំណួររដល់ចុងភៅជំនាញ និងអ្នកជំនាញអាហារូបត្ថម្ភផ្សេងទៀតដែលនៅទីនេះអំពីរបៀបការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព ហើយត្រូវចែករំលែកចំណេះដឹងនេះដល់ក្រុមគ្រួសា និងមិត្តភក្តិ ដើម្បីឱ្យពួកគេមានសុខភាពល្អ ព្រមទាំងអាហរូបត្ថម្ភត្រឹមត្រូវ "។ នេះជាការបញ្ជាក់របស់អ្នកស្រីវេជ្ជបណ្ឌិត Sanne Sigh អ្នកជំនាញអាហារូបត្ថម្ភគម្រោង MUSEFO នៃអង្គការ GIZ ៕

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង