ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់កម្ចីដល់ក្រុមហ៊ុន De Heus គាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 312
1

ភ្នំពេញ - ពិធីចុះហត្ថលេខាលើឯកសារកម្ចីស្តីពីការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា បានចុះហត្ថលេខារវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយក្រុមហ៊ុន De Heus កាលពីថ្ងៃអង្គារ៍កន្លងទៅនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ តាមរយៈកម្ចីឥណទាននឹងជួយបំពេញតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មចំណីសត្វ បង្កើនគុណភាពតម្លៃ ដែលនឹងផ្តល់ជាប្រយោជន៍ចម្បងទៅដល់អ្នកដាំដុះ អ្នកចិញ្ចឹមសត្វ និងសហគមន៍ផលិត។

 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានិច្ចកាលបានគិតគូ សហការ ឧបត្ថម្ភ គាំទ្រ និងកៀរគរគ្រប់ភាគីពាក់ព័ន្ធមានតាមអភិក្រម រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ ដើម្បីសហការគ្នាបង្កើតបានជាចលករ និងបង្កើនសមត្ថភាពក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដាំដុះ កែច្នៃផលិតផលកសិកម្មដោយចាប់ពី A to Z (ការដាំដុះ ប្រមូលផល កែច្នៃ វេចខ្ចប់ ស្តុកទុក ដឹកជញ្ជូន ចែក ចាយ ឬនាំចេញ)

 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ភាពប្រទាក់ក្រឡាគ្នាក្នុងខ្សែច្រវាក់ផលិតកម្មនេះ ធ្វើឱ្យក្រសួងនឹកគិតដល់តួអង្គសំខាន់ទាំងបីដែលចាំបាច់ខានមិនបានក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម។ ក្រសួងបានដើរតួនាទីជាតួអង្គផ្ចុងផ្តើម ផ្គូផ្គង កៀគរ និងសម្របសម្រួលឱ្យគាគីទាំងបីសហការគ្នាក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា កិច្ចសន្យាផ្គត់ផ្គង់វត្ថុធាតុដើម និងកិច្ចសន្យាផ្តល់ឥណទាន ឬកម្ចីជាដើម។

 

ជាសមិទ្ធផលថ្មីមួយទៀតដែលបានប្រសូត្រចេញពីការខិតខំប្រឹងប្រែង ផ្តល់កិច្ចសហការគ្នាបានល្អរវាងភាគីពាក់ព័ន្ធ ឈានមកសម្រេចបាននូវកិច្ចព្រមព្រៀងកម្ចីឥណទានដើម្បីយកមកអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មចំណីសត្វ ដែលក្រុមហ៊ុន De Heus បាននិងកំពុងដំណើរការយ៉ាងសកម្ម ឆ្លើយតបបានទាន់ពេលទៅនឹងកំណើនផលិតកម្មសត្វ (ជ្រូក ត្រី និងបក្សី) នាពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

 

បើតាមក្រសួងកសិកម្ម ការផ្តល់ហិរញ្ញប្បទាននាពេលនេះ ប្រាកដនឹងជួយធ្វើឱ្យខ្សែច្រវាក់ផលិតកម្មចំណីសត្វមានការវិវឌ្ឍន៍កាន់តែល្អប្រសើរ ធានាបានទាំងបរិមាណផលិត គុណភាពចំណី សុវត្ថិភាព និងស្តការប្រកួតប្រជែងសម្រាប់ទីផ្សារក្នុងស្រុកនិងការនាំចេញ។ ទន្ទឹមគ្នានេះ កំណើនផលិតកម្មចំណីសត្វ វានឹងជះឥទ្ធិពលជាវិជ្ជមានដល់កំលាំងប្រមូលទិញវត្ថុធាតុដើមក្នុងស្រុក មានដូចជា ពោត ចុងអង្ករ កន្ទក់ ដំឡូងមី កាកស្ក ម្សៅត្រី ម្សៅឆ្អឹងហ្មត់ កាកស្រាបៀ កាកដូង ថ្មហ្មត់ និងសណ្តែកសៀងជាដើម។ 

 

ក្រសួងជឿជាក់ថា បើវត្ថុធាតុដើមមានទីផ្សារ ផលិតកម្មចំណីមាននិរន្តរភាព ការហូរចេញទៅក្រៅស្រុកនឹងត្រូវបានកាត់បន្ថយ ព្រមជាមួយនឹងការបង្កើនតម្លៃបន្ថែមផងដែរ។ ខ្សែច្រវាក់ផលិតកម្មចំណីសត្វ ក្នុងរោងចក្រដំណើរការប្រកបដោយនិរន្តរភាព បុគ្គលិក កម្មករមានការងារធ្វើ មានប្រាក់ចំណូល កម្រិតជីវភាពត្រូវបានលើកកម្ពស់ សមតាមក្តីប្រាថ្នារបស់រាជរដ្ឋាភិបាលក្នុងការជំរុញ ឬបង្កើនផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារ និងបង្កើនប្រាក់ចំណូល។ 

 

សូមជម្រាបផងដែរថា ក្រុមហ៊ុន De Heus THM គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនរួមទុនថ្មីមួយ។ ក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន ១៥ លានដុល្លារ ដើម្បីពង្រីកការសាងសង់រោងចក្រលើផ្ទៃដីចំនួន ៧ហិចតានៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ 

 

ក្រុមហ៊ុនមានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន ១៥ ពាន់តោនក្នុងមួយខែ ប្រើកម្លាំងពលកម្មចំនួន ៥២នាក់ ព្រមទាំងមានផែនការផលិតចំណីសត្វ ១៨០ពាន់តោនក្នុងមួយឆ្នាំ។ បច្ចេកទេសផលិតភាគច្រើននាំយកពីសហភាពអឺរ៉ុប២០% ហើយថាមពលដែលប្រើប្រាស់ក្នុងរោងចក្របានពីថាមពលពន្លឺព្រះអាទិត្យ។ គួរបញ្ជាក់ថា នាបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតចំណីចំនួន២៣ អាចផលិតចំណីសត្វបានប្រមាណ ១,២៤លានតោនក្នុងមួយឆ្នាំ អាចផ្គត់ផ្គង់បានត្រឺមតែចំនួន ៥៥% នៃសេចក្តីត្រូវការក្នុងស្រុកសរុបចំនួន ២,២៧លានតោនក្នុងមួយឆ្នាំ៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន