អ្នកជំនាញកសិកម្មជំរុញឱ្យកសិករអនុវត្តកសិកម្មឆ្លាតវៃ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ

ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 198
1

ភ្នំពេញ - អ្នកជំនាញផ្នែកកសិកម្មនៅកម្ពុជា បានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនប្រជាជននៅទូទាំងពិភពលោកនាំឱ្យមានការកើនឡើងនៃតម្រូវការស្បៀងអាហារ ដែលជាហេតុជំរុញឱ្យបណ្តាប្រទេសនានាខិតខំរិះរកបច្ចេកវិទ្យាថ្មីៗ សម្រាប់ជំរុញផលិតភាពទិន្នផលកសិកម្មឆ្លើយតបទៅនឹងកំណើននេះ។ យ៉ាងណាមិញ អ្នកជំនាញនៅកម្ពុជាបានលើកឡើងថា ទន្ទឹមនឹងការស្វែងរកបច្ចេកវិទ្យាថ្មីៗ កសិករក៏ត្រូវយកចិត្តទុកដាក់លើការអនុវត្តន៍កសិ កម្មវៃឆ្លាតផងដែរ ដើម្បីប្រកួតប្រជែងទាំងក្នុងកម្រិតថ្នាក់ជាតិ និងតំបន់។

ករណីនេះត្រូវបាន លោក ជូ ចំរើន នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា បើយើងនិយាយដល់ការអនុវត្តកសិកម្មវៃឆ្លាត គឺជាធ្វើកសិកម្មដែលគិតទៅដល់ការបំរែបំរួលអាកាសធាតុ ខណៈបច្ចុប្បន្នបញ្ហាអាកាសធាតុ គឺទាមទារឱ្យបណ្តាប្រទេសទេសទាំងត្រូវតែយកចិត្តទុកដាក់ ។

លោកបានបន្តថា បញ្ហាប្រែប្រួលអាកាសធាតុកំពុងប៉ះពា​ល់ដល់វិស័យកសិកម្ម មានដូចជា ការបំរែបំរួលរបបទឹកភ្លៀង ទឹកជំនន់ ខ្វះទឹក និងការឡើងកំដៅផែនដីជាដើម ហើយបញ្ហាទាំងនេះ ភាគច្រើនកើតឡើងដោយសារកត្តាមនុស្ស ។ លោកថា ដើម្បីដោះស្រាយបញ្ហានេះ គឺទាម​ទារ​ឱ្យផ្តោតការគិតគូរទៅលើការអនុវត្តកសិកម្មវៃឆ្លាត តាមរយៈការប្រើប្រាស់ធនធានទឹក ធនធានដីឱ្យអស់លទ្ធភាព ដែលមិនសំដៅលើការកាប់បំផ្លាញព្រៃឈើនោះឡើយ។

ជាងនេះទៀត កសិកម្មវៃឆ្លាតមិនមែនជាស្តង់ដារដែលតម្រូវឱ្យធ្វើបែបនេះ ឬបែបនេះនោះទេ តែវាគឺជាវិធីសាស្រ្តដាក់បញ្ចូលគ្នាទាំងពីវិធីសាស្រ្តបុរាណក្តី សម័យទំនើបក្តី តែសំដៅលើផ្តល់បច្ចេកទេសសំខាន់ៗ ធ្វើយ៉ាងណាជំរុញកសិករអាចទទួលបានផលិតផលកសិកម្មកើនឡើង ព្រមទាំងពង្រឹងគុណភាព រួមជាមួយការកាត់បន្ថយចំណាយថ្លៃដើមផលិត ព្រមទាំងទទួលប្រាក់ចំណូលពីកសិកម្ម ។

អ្នកជំនាញផ្នែកកសិកម្មវៃឆ្លាតរូបនេះ បានបន្ថែមដូច្នេះថា៖ “​ការធ្វើកសិកម្មវៃឆ្លាត គឺត្រូវមានវិធីសាស្រ្តបន្សុំានឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការផ្តោតលើការផ្តល់ពូជដែលមានទិន្និផលខ្ពស់ ការប្រើប្រាស់ជីធម្មជាតិ និងសុវត្ថិភាព ការបង្កើនផលិតកម្មកសិកម្ម ការដាំដំណាំរួមផ្សំ ការប្រើប្រាស់ធនធានដែលមានស្រាប់និងការគ្រប់គ្រងគុណភាពដី ការស្តុកទឹកនិងជីកស្រះ ការដាំដុះដំណាំនានាដែលសមស្របទៅនឹងរដូវកាល និងអាកាសធាតុ ដើម្បីជំរុញការអនុវត្កសិកម្មវៃឆ្លាតឱ្យមានប្រសិទ្ធិភាពខ្ពស់”

ពាក់ព័ន្ធនឹងការជំរុញកសិកម្មឆ្លាតវៃនេះដែរ លោក ហ៊ូ ក្រើន នាយអង្គការ Helen Keller អន្តរជាតិកម្ពុជា បានលើកឡើងដែរថា ដើម្បីឱ្យការអនុវត្តឱ្យមានប្រសិទ្ធភាព គឺទាមទារត្រូវបណ្តុះបណ្តាល និងផ្សព្វផ្សាយឱ្យបានទូលាយទៅដល់កសិករ ព្រមទាំងពង្រឹងសមត្ថភាពឱ្យយល់ដឹងពីគុណតម្លៃនៃកសិកម្មឆ្លាតវៃ ព្រោះថា កសិកម្មប្រភេទនេះហាក់នេះថ្មីបន្តិចសម្រាប់កសិករកម្ពុជា ។

ចំណែកឯកឧត្តម ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា បច្ចុប្បន្នក្រសួងកសិកម្មបានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តន៍បច្ចេកទេសកសិកម្មឆ្លាតវៃក្នុងបរិបទអាកាសធាតុប្រែប្រួល ធ្វើយ៉ាងណាជំរុញកំណើនផលិតកម្មស្បៀងនៅក្នុងចំណោមសមាជិកសហគមន៍កសិកម្ម ដើម្បីឆ្លើយតបបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពគ្រួសារក្រីក្រនៅក្នុងសហគមន៍ ​។

គួរបញ្ជាក់ដែរថា  ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើទំនើបកម្មវិស័យកសិកម្មដើម្បីប្រែក្លាយវិស័យនេះពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបបើកទូលាយ ឈានទៅរកដំណាក់កាលថ្មី ដោយផ្តោតលើផលិតកម្មតាមបែបប្រពលវប្បកម្មស៊ីជម្រៅនិងឆ្លាតវៃ ។ ជាក់ស្តែងកាលពីពេលថ្មីក្រសួងកសិកម្ម និស្ថាប័នពាក់ព័ន្ធ បានប្រកាសអនុវត្តន៍គម្រោង “លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ” ដែលកំពុងអនុវត្តន៍ជួយពង្រឹងប្រព័ន្ធស្បៀងគ្រួសារកសិករក្រីក្រក្នុងខេត្តចំនួន៣ គឺខេត្តកំពត តាកែវ និងកំពង់ធំ។ 

គម្រោងនេះផ្តោតសំខាន់លើការផ្តល់បច្ចេកទេសពាក់ព័ន្ធនឹងការធ្វើកសិកម្មឆ្លាតវៃ និងការផ្លាស់ប្ដូរឥរិយាបថអាហារូបត្ថម្ភ ព្រមជាមួយការផ្តល់ធនធានកសិកម្មកមួយចំនួនដូចជាពូជបន្លែ និងស្រូវ ជីធម្មជាតិ សួនបន្លែសំណាញ់ ម៉ាស៊ីនដាំស្រូវ ផ្ទាំងប៉ាណូផ្សព្វផ្សាយព័ត៌មានកសិកម្ម និងផ្ទាំង solar panel ជាដើម។ គម្រោងនេះដែរ មានផែនការជ្រើសសហគមន៍កសិកម្មចំនួន១០០ និងអ្នកផលិតបន្លែ និងស្រូវចំនួន ៤ពាន់គ្រួសារ នៅក្នុងទាំងខេត្តបីដែលនឹងផ្តល់ប្រយោជន៍ដល់អ្នកបរិភោគប្រមាណជាង ៤លាននាក់៕ 

អត្ថបទ៖ សែម ពិសី

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង