អ្នកស្រីបណ្ឌិត Sanne Sigh ៖ បន្ទប់បំបៅដោះកូននៅកន្លែងសំខាន់សម្រាប់សុខភាពមាតា និងកុមារ

ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 464
1

កំពង់ធំ - អ្នកស្រីបណ្ឌិត Sanne Sigh ទីប្រឹក្សាគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា បន្ទប់បំបៅដោះកូននៅកន្លែងសំខាន់សម្រាប់សុខភាពមាតា និងកុមារ ។ ការលើកឡើងនេះ នៅក្នុងឱកាសពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូននៅរោងចក្រតានបៀនកំពង់ធំ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ។

ទីប្រឹក្សាគម្រោង MUSEFO នៃអង្គការ GIZ  រូបនេះបានបញ្ជាក់ថា សព្វថ្ងៃស្រ្តី និងនិយោជិតចំណាយពេលវេលាភាគច្រើនរបស់ពួកគេនៅកន្លែងធ្វើការ ។ ដោយហេតុនេះ កន្លែងធ្វើការបានក្លាយទៅជាតួអង្គសំខាន់សម្រាប់អាហារូបត្ថម្ភ និងសុខភាពរបស់មាតា និងកុមារ ព្រមទាំងអាហារូបត្ថម្ភ និងសុខភាពរបស់និយោជិតទូទៅ។

អ្នកស្រីបណ្ឌិត Sanne Sigh ៖ “បន្ទប់សម្រាប់បំបៅដោះកូន ពុំមែនផ្តល់ប្រយោជន៍សម្រាប់តែបុគ្គលិកជាស្រ្តី ឬម្តាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់សុខភាព និងការអភិវឌ្ឍន៍សម្រាប់កុមារ ដោយអនុញ្ញាតឱ្យមានការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងបន្តបំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់និយោជក និងក្រុមការងារទាំងមូល ដែលជួយដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិផងដែរ”

សូមជម្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានគាំទ្រគម្រោង GIZ-MUSEFO តាមរយៈអង្គការ Helen Keller អន្តរជាតិ សម្រាប់ការអនុវត្តគម្រោងសាកល្បងលើក កម្ពស់ សុខភាព អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស ។

ការអនុវត្តគម្រោងនេះ ចូលរួមលើកកម្ពស់និងពង្រឹងសុខភាព អាហារូបត្ថម្ភ និងអនាម័យសម្រាប់ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងកុមារតូចនៅតាមកន្លែងធ្វើការ ក៏ដូចជារួមចំណែកលើកកម្ពស់ផលិតភាព ​ព្រមទាំងសេដ្ឋកិច្ចជាតិផងដែរ។

សូមរំលឹកដែរថា ភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ច្បាស់ថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលអាចទប់ស្កាត់មរណភាពទារកបានប្រហែល២០% ។ កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល ០៦ខែដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន ១៥ដង បើប្រៀបធៀបជាមួយកុមារ ដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយបានពេញលេញ។

ក្រសួងសុខាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់ថា កុមារមិនទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ មានទំហំខួរក្បាលតូចជាងកុមារដែលបានបៅដោយទឹកដោះម្តាយពេញលេញ។ មិនតែប៉ុណ្ណោះពួកគេបាត់បង់ភាពវៃឆ្លាត (IQ) ចំនួន ២.៦ពិន្ទុប្រៀបធៀបនឹងកុមារទទួលបានការបំបៅទឹកដោះម្តាយពេញលេញ ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន