ប្រជាសហគមន៍រំពឹង​ថាផ្សារ​ស​ហគមន៍​កសិកម្មកសិករ​ព្រៃ​វិ​ហារនឹង​ជួយនាំ​កសិផល​ទៅដល់​ទីផ្សារកាន់តែទូលំទូលាយ

ថ្ងៃពុធ ទី២៧ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 533
1

កំពង់ស្ពឺ - ផ្សារសហគមន៍កសិកម្មកសិករព្រៃវិហារ នៅភូមិចំការដូង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដាក់សម្ភោធ​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការ នៅថ្ងៃទី២៧ ខែកក្កដានេះ ដោយមានការចូលរួមពី​​លោក ចែម ភិនរិទ្ធី អភិបាលស្រុកគងពិសី និង​លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំ​ប្រទេស​អង្គការហេហ្វឺអន្តរជាតិកម្ពុជា អាជ្ញាធរឃុំ និងប្រជាពលរដ្ឋនៅ​ក្នុង​សហ​គម​ន៍​។

លោក ម៉ិញ សាវឿន ប្រធានសហគមន៍កសិករព្រៃវិហារ បានបញ្ជាក់ថា គោលបំណង​​​បង្កើត​ផ្សារសហគមន៍​នេះ​​​ ដើម្បី​រៀបចំជា​ទីកន្លែងប្រមូលផ្តុំ​​កសិផលដឹកជញ្ជូនទៅ​​កាន់ទីផ្សារក្នុងតំបន់ និង​ទីផ្សារ​នៅ​ភ្នំ​ពេញ ព្រមទាំងប្រមូលទិ​ញកសិផលរបស់សមាជិក និងធ្វើជាកន្លែងលក់ធាតុចូលកសិកម្ម និងផ្តល់​​សេវាកម្មនានាដល់សមាជិកក្នុងសហគមន៌​ទាំងមូល។

បើតាមអង្គការហេហ្វឺអន្តរជាតិកម្ពុជា បានឱ្យដឹងថា ផ្សារសហគមន៍កសិកម្មកសិករព្រៃវិហារ ជាផ្សារ​មួយក្នុងចំណោម​ផ្សារទាំង ០៦កន្លែង ដែល​បានគាំទ្រដោយគម្រោងកម្មវិធីភីភីអ៊ិនភី-PPNP ។ ក្នុងនោះ​សហគមន៍បានទទួលបាន​ការគាំទ្រ​ជាច្រើនពីអង្គការហេហ្វឺកម្ពុជា រួមមាន ការបណ្តុះបណ្តាលដល់​ក្រុមប្រឹក្សាសហគមន៍ និងសមាជិក​ក្នុង​​ការពង្រឹងគ្រប់គ្រង និងការធ្វើអាជីវកម្មរបស់សហគមន៍ បច្ចេក​ទេសចិញ្ចឹមមាន់និងបន្លែ និង​មូលនិធិផ្សេងៗជាដើម។

គួរបញ្ជាក់ថា សហគមន៍ព្រៃវិហារបានបង្កើតឡើងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ក្រោម​ជំនួយ​មូលនិធិរបស់អង្គការហេហ្វឺអន្តរជាតិកម្ពុជា។ សហគមន៍​​ចាប់ផ្តើមដំណើរ​ការ​ដោយមានការចូលរួមពីសមាជិកចំនួន ១២៥គ្រួសារ ភាគហ៊ុនដែលចាប់ផ្តើមដោយភាគហ៊ុនសរុប​ចំនួន ១៥៦២ដុល្លារ ហើយមុខរបរដំបូងគឺមានឥណទានកសិកម្មតែមួយមុខតែប៉ុណ្ណោះ ។

គិតមកត្រឹម​​ដល់ឆ្នាំ២០២២ ដោយមានអន្តរាគមន៍ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរនិងការិយាល័យ​​ពាក់ព័ន្ធនានា អង្គការជាតិ និងអន្តរជាតិនានា ទាំងចំណេះដឹងធនធាន និងជាពិសេសក្រោមមូល​និធិ​​​របស់អង្គការហេហ្វឺអន្តរជាតិកម្ពុជា​ សហគមន៍មានសមជិកសរុបចំនួន ២៩៤នាក់ ភាគហ៊ុនសរុបមានចំនួន ១៧.១៦៦ ដុល្លារ និងសរុបដើមទុនមានចំនួន ៧៤.៣៨៣ដុល្លារ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន