ប្រភពធនធានអាហារពីរុក្ខជាតិប្រសើរសម្រាប់សុខភាព និងលើកកម្ពស់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព


ភ្នំពេញ - អាហារដែលមនុស្សទទួលទានប្រចាំថ្ងៃ របៀបផលិតអាហាររបស់មនុស្ស និងបរិមាណដែលខ្ជះខ្ជាយ ឬបាត់បង់ មានផលប៉ះពាល់ធំធេងទៅលើសុខភាពមនុស្ស និងចីរភាពបរិស្ថាន ។ ទន្ទឹមគ្នានេះ អាហារដែលមានប្រភពពីរុក្ខជាតិច្រើនជាងការទទួលទានសាច់ ជាប្រភេទអាហារដែលផ្តល់ផលល្អដល់សុខភាព និងមានចីរភាពសម្រាប់មនុស្សនិងភពផែនដី ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមវេជ្ជបណ្ឌិត សយ អ៊ឹង ប្រធាននាយកដ្ឋានសុខភាព សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។
ឯកឧត្តមវេជ្ជបណ្ឌិត សយ អ៊ឹង បានបញ្ជាក់ថា ការបរិភោគអាហារឱ្យបានត្រឹមត្រូវ គឺជាវិធីមួយដ៏សំខាន់ជួយដល់បណ្តាប្រទេសនានាដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ។
ចំណុចរបបអាហារសុខភាពនេះ ឯកឧត្តមវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា ផ្អែកតាមអង្គការសុខភាពពិភពលោក (WHO, 2018) របបអាហារសុខភាព រួមមាន ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងគ្រាប់រុក្ខជាតិ ព្រមទាំងអាហារមានជាតិសរសៃជាដើម ។ របបអាហារសុខភាព ក៏រាប់ទាំងអាហារសម្រន់ ភេសជ្ជៈដែលមានជាតិស្ករ ឬគ្មានជាតិស្ករ សាច់កែច្នៃ និងអំបិលដែលប្រើប្រាស់ទទួលទាននៅក្នុងកម្រិតកំណត់ណាមួយ ។ ការបរិភោគចំណីអាហារមានប្រភពពីរុក្ខជាតិឱ្យបានច្រើន អាចជួយសុខភាពបានយ៉ាងប្រសើរ ព្រមទាំងចូលរួមលើកកម្ពស់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព ។
ស្របនឹងការលើកឡើងនេះ បើតាមគណៈកម្មការទទួលបន្ទុកស្បៀង ភពផែនដី និងសុខភាព (EAT – LANCET) បានបង្ហាញពីយុទ្ធសាស្ត្រទូលាយចំនួនប្រាំចំណុច បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីកែសម្រួលទៅលើអ្វីដែលមនុស្សទទួលទាន និងរបៀបផលិតអាហាររបស់មនុស្ស រួមមាន ៖
- លើកទឹកចិត្តឱ្យមនុស្សជ្រើសរើសយករបបអាហារសុខភាព តាមរយៈកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងនូវភាពមានស្បៀង និងលទ្ធភាពទទួលបានស្បៀងដែលនាំមកនូវសុខភាពល្អ ។ ការធ្វើបែបនេះអាចបង្កើនចំណាយរបស់អ្នកប្រើប្រាស់ ដូច្នេះរដ្ឋាភិបាលចាំបាច់ត្រូវផ្តល់ការគាំពារសុខភាពដល់ក្រុមមនុស្សងាយរងគ្រោះ (ក្រុមជនងាយរងគ្រោះ) ដើម្បីការពារក្រុម ដែលមានចំណូលទាបមិនឱ្យបន្តជួបប្រទះនឹងបញ្ហាអាហារូបត្ថម្ភ ។
- ផ្តោតការយកចិត្តទុកដាក់ក្នុងវិស័យកសិកម្មនិងការផលិតដំណាំក្នុងបរិមាណច្រើន ឱ្យទៅជាសកម្មភាពផលិតដំណាំចម្រុះមុខ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ។
- ការធ្វើប្រពលវប្បកម្មកសិកម្មប្រកបដោយចីរភាព ដោយពិចារណាពីស្ថានភាពក្នុងមូលដ្ឋាន ដើម្បីគាំទ្រដល់ការធ្វើកសិកម្មដែលសមស្រប និងការផលិតដំណាំដែលមានគុណភាពខ្ពស់ប្រកបដោយចីរភាព ។
- ការពារប្រព័ន្ធបរិស្ថានធម្មជាតិ និងធានាឱ្យមានការបន្តការផ្គត់ផ្គង់ស្បៀង តាមរយៈការការពារតំបន់ធម្មជាតិនៅលើដី ហាមប្រាមការរុករានដី បង្កើនសកម្មភាពស្តារដីដែលរេចរឹល ការលើកកម្ពស់អភិបាលកិច្ចវិស័យជលផល និងជំរុញការងារវារីវប្បកម្ម ។
- មនុស្សគ្រប់រូបត្រូវចូលរួមកាត់បន្ថយភាពខ្ជះខ្ជាយស្បៀងអាហារ ភាគច្រើននៅក្នុងប្រព័ន្ធផលិតកម្មស្បៀងដែលធ្វើផែនការប្រមូលផលមិនបានល្អ ខ្វះខាតទីផ្សារលក់កសិផល និងកង្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់រក្សាទុក និងកែច្នៃស្បៀង ។ ទន្ទឹមគ្នានេះ ការបង្កើនការវិនិយោគទៅលើបច្ចេកវិទ្យានិងការអប់រំដល់កសិករ គឺជាតម្រូវការចាំបាច់ដើម្បីកាត់បន្ថយភាពខ្ជះខ្ជាយស្បៀងទាំងបច្ចុប្បន្ន និងទៅអនាគត ។
ឯកឧត្តមវេជ្ជបណ្ឌិត សយ អ៊ឹង ប្រធាននាយកដ្ឋានសុខភាព សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា ៖ “ប្រព័ន្ធស្បៀងប្រកបដោយចីរភាព គឺជាប្រព័ន្ធស្បៀងដែលផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា គ្មានផលប៉ះពាល់ទៅលើមូលដ្ឋានសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីធានាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សជំនាន់ក្រោយ”។
សូមជម្រាបថា តាមអង្គការស្បៀងអាហារពិភពលោក (FAO) និងអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ប្រព័ន្ធស្បៀងដែលមានចីរភាព ត្រូវតែជាប្រព័ន្ធដែលផ្តល់ប្រាក់ចំណេញ (ចីរភាពផ្នែកសេដ្ឋកិច្ច) ប្រព័ន្ធនេះត្រូវផ្តល់ផលប្រយោជន៍ឱ្យបានធំធេងដល់សង្គមទាំងមូល (ចីរភាពផ្នែកសង្គម) និងមានផលពាល់ជាវិជ្ជមាន ឬពុំមានផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថានធម្មជាតិ (ចីរភាពផ្នែកបរិស្ថាន) ៕

