អ្នកជំនាញសុខភាព ៖ ទម្លាប់ឱ្យរាងកាយមានលំហាត់ប្រាណជាប្រចាំ ជួយសុខភាពផ្លូវកាយនិងចិត្តបានល្អប្រសើរជានិច្ច
ភ្នំពេញ - នាឱកាសបិទកម្មវិធីយុវជនជើងឯកអាហារូបត្ថម្ភពាក់កណ្តាលម៉ារ៉ាតុន នៅពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ដែលមានអ្នកចូលរួមជិត ១ពាន់នាក់សម្រាប់រយៈចម្ងាយ ៣គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ទម្លាប់ឱ្យរាងកាយមានលំហាត់ប្រាណជាប្រចាំ ជួយសុខភាពផ្លូវកាយនិងចិត្តបានល្អប្រសើរជានិច្ច។
លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រជាច្រើនលើពិភពលោកបានបង្ហាញថា ការហាត់ប្រាណទៀងទាត់ និងបរិភោគអាហារចម្រុះមុខជាប្រចាំ មានសារៈសំខាន់ណាស់សម្រាប់សុខភាព។ តាមការសិក្សានាពេលថ្មីៗនេះបានរកឃើញថា ក្រៅពីធ្វើឱ្យរាងកាយមាំមួនមានសុខភាពល្អ ការហាត់ប្រាណ និងការរស់នៅបែបសកម្មអាចកាត់បន្ថយការប្រឈមនឹងជំងឺបាក់ទឹកចិត្តបានរហូតដល់ពីរភាភាគបី។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានបញ្ជាក់បន្ថែមថា អ្នកស្រាវជ្រាវបានវាយតម្លៃទៅលើការសិក្សាចំនួន ៤៩ មកពីទូទាំងពិភពលោក បានរកឃើញថា អ្នកដែលធ្វើសកម្មភាពរាងកាយច្រើនបំផុតទំនងជាមិនសូវមានបញ្ហាបាក់ទឹកចិត្តច្រើន ដូចអ្នកដែលធ្វើសកម្មភាពតិចតួចបំផុតឡើយ។ ការសិក្សាក៏បានរកឃើញថា ពេលហាត់ប្រាណ រាងកាយបញ្ចេញអង់ដូហ្វីន ដែលជាសារធាតុគីមីម្យ៉ាងធ្វើឱ្យមនុស្សមានអារម្មណ៍រីករាយ និងសុខស្រួលជាងមុន”។ អ្នកហាត់ប្រាណមានអារម្មណ៍ប្រសើរភ្លាមៗត្រឹមរយៈពេល ២-៣ នាទីក្រោយធ្វើចលនា។
អ្នកជំនាញសុខភាពសាធារណៈរូបនេះ បានបន្តទៀតថា ហាត់ប្រាណទៀងទាត់អាចផ្លាស់ប្តូររូបរាង បង្កើនទំនុកចិត្ត ក្តីស្រលាញ់ និងគោរពខ្លួនឯងជាងមុន។ ការហាត់ប្រាណពិតជាអាចបង្កើនថាមពលខ្លាំងក្លាជាងមុន។ បើយើងហាត់ប្រាណទៀងទាត់ យើងនឹងមានសាច់ដុំរឹងមាំ និងចេះអត់ធ្មត់ច្រើនជាងមុន។ លើសពីនេះវាជួយឱ្យរាងកាយបង្កើនអុកស៊ីហ្សែន និងនាំសារជាតិចិញ្ចឹមទៅកាន់ជាលិកាក្នុងខ្លួន ជួយសម្រួលប្រព័ន្ធសរសៃឈាមបេះដូង និងប្រព័ន្ធដង្ហើមដំណើរការល្អជាងមុន ព្រមទាំងធ្វើឲ្យថាមពលក្នុងខ្លួនយើងកើនជាលំដាប់។
“ប្រសិនបើយើងហាត់ប្រាណតែមួយមុខមិនគិតគូរដល់របបអាហារ យើងក៏មិនអាចគ្រប់គ្រងទម្ងន់ និងការពារសុខភាពយើងបានឡើយ។ អ្វីដែលយើងបរិភោគអាចប៉ះពាល់និងជះឥទ្ធិពលដល់សមត្ថភាពរាងកាយរបស់យើងក្នុងការការពារប្រយុទ្ធប្រឆាំងការឆ្លងជំងឺផ្សេងៗ។ របបអាហារសុខភាពមានសារៈសំខាន់សម្រាប់ទ្រទ្រង់ប្រព័ន្ធការពាររាងកាយរបស់យើង” ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។
សូមជម្រាបថា សារជាតិចិញ្ចឹមល្អពីចំណីអាហារអាចកាត់បន្ថយលទ្ធភាពនៃការវិវឌ្ឍន៍បញ្ហាសុខភាពផ្សេងៗបានផងដែរដូចជា ការលើសទម្ងន់ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកប្រភេទមួយចំនួន។ ចំពោះទារក របបអាហារសុខភាព មានន័យថា ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខក្នុងរយៈពេល ៦ខែដំបូងនៃជីវិតរបស់ពួកគេ និងការផ្តល់អាហារបន្ថែមមានសុវត្ថិភាពដើម្បីបំពេញលើទឹកដោះម្តាយចាប់ពីអាយុ ៦ខែដល់ ២ឆ្នាំនិងលើសពីនេះ។ សម្រាប់កុមារតូចរបបអាហារសុខភាពនិងតុល្យភាព គឺចាំបាច់សម្រាប់ការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍសតិបញ្ញាស្មារតីរបស់ពួកគាត់។
ដោយឡែកសម្រាប់មនុស្សចាស់ របបអាហារសុខភាពអាចជួយធ្វើឱ្យជីវិតពួកគាត់ មានសុខភាពល្អនិងសកម្មជាងមុន។ ចំពោះមនុស្សវ័យជំទង់ និងយុវជន របបអាហារសុខភាពសំបូរទៅដោយសារជាតិចិញ្ចឹមអាចជួយដល់ការលូតលាស់ឆ្អឹង, ការផ្លាស់ប្តូរអ័រម៉ូននិងការអភិវឌ្ឍសរីរាង្គ និងជាលិកា រួមទាំងខួរក្បាលផងដែរ។ ពួកគេគួរតែបរិភោគអាហារសុខភាព និងកំណត់បរិមាណសមស្របក្នុងការទទួលអាហារកែច្នៃ ភេសជ្ជៈមានជាតិស្ករ និងការញ៉ាំអាហារនៅខាងក្រៅផ្ទះ។ ទម្លាប់បរិភោគអាហារសុខភាព និងការហាត់ប្រាណអាចជួយឱ្យពួកគេបន្ថយហានិភ័យនៃបញ្ហាលើសទម្ងន់៕