អង្គការ Helen Keller បង្ហាញមូលហេតុ ៤ចំណុចលើកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារនៅកន្លែងធ្វើការ

ថ្ងៃពុធ ទី០៤ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 510
1

កំពង់ធំ - នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន នៅរោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុនតានបៀនកំពង់ធំ លោក ហ៊ូ ក្រើន នាយរងអង្គការ Helen Keller បានចែករំលែកសារលើកម្ពស់អាហារូបត្ថម្ភ របបអាហារសុខភាព និងការចិញ្ចឹមទារកនិងកុមារនៅកន្លែងធ្វើការ ៤ចំណុច ដើម្បីជួយដល់សុខភាពកុមារ ការលូតលាស់ផ្នែករាងកាយ ការអភិវឌ្ឍផ្នែកខួរក្បាលនិងសតិបញ្ញាស្មារតីកុមារ ព្រមទាំងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម។ 

 

 

ទី១. ភស្តុតាងវិទ្យាសាស្រ្តជាច្រើនដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជាផងបានបញ្ជាក់យ៉ាងច្បាស់ថា ការបំបៅកូនដោយទឹកដោះម្តាយមានផលប្រយោជន៏យ៉ាងធំធេងសម្រាប់សុខភាពកុមារ, ការលូតលាស់ផ្នែករាងកាយ, ការអភិវឌ្ឍផ្នែកខួរក្បាលនិងសតិបញ្ញាស្មារតី,ព្រមទាំងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ។ 

 

លោក ហ៊ូ ក្រើន នាយរងអង្គការ Helen Keller បានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានរកឃើញប្រសិនបើយើងធ្វើការវិនិយោគថវិកាចំនួន ១ដុល្លារនាថ្ងៃនេះ ក្នុងការលើកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ដូចជាការបង្កើតបន្ទប់បំបៅដោះកូនជាដើម នោះនឹងចំណេញថវិកាបានមកវិញចំនួន ៣៥ដុល្លារសម្រាប់សេដ្ឋកិច្ចជាតិរបស់យើងនាពេលអនាគត។  

 

ទី២. ដោយមើលឃើញពីគុណតម្លៃដ៏ល្អឥតខ្ចោះរបស់ទឹកដោះម្តាយ ទើបប្រទេសកម្ពុជាមានគោលនយោបាយដោយផ្តោតសំខាន់លើបីចំណុច រួមមាន ៖

  • ជំរុញការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ។ 
  • ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុបាន ២ឆ្នាំឬលើស ។
  • ការចាប់ផ្តើមផ្តល់អាហារបន្ថែមចាប់ពីអាយុ៦ខែ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានសុវត្ថិភាព សមស្របតាមអាយុរបស់ទារក និងកុមារ ។ 

បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ដើម្បីបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ខែដំបូងនៃជីវិត ពីអាត្រា ៦៥% នៅឆ្នាំ២០១៤ ឱ្យបានដល់ ៨៥% នៅត្រឹមឆ្នាំ២០៣០។     

 

ទី៣. ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការអនុវត្តការប្តេជ្ញាចិត្តខាងលើនេះ ក្រោមជំនួយថវិការបស់ អង្គការ GIZ និងគម្រោងMUSEFO អង្គការ Helen Keller សហការជាមួយភាគីពាក់ព័ន្ធបាននិងកំពុងអនុត្តន៏នូវគម្រោងសាកល្បងមួយឈ្មោះថាគម្រោងលើកកម្ពស់អាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការដែលមានទីតាំងគោលដៅចំនួន ២៧កន្លែងរួមទាំងរោងចក្រកែច្នៃជ័រកៅស៊ូ តានបៀនកំពង់ធំ។ ថ្ងៃនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់បន្ទប់បំបៅដោះកូនលើទីបួនដែលបង្កើតឡើងដោយគម្រោង។ 

 

លោក ហ៊ូ ក្រើន នាយរងអង្គការ Helen Keller មានប្រសាសន៍ថា ៖គម្រោងសាកល្បងដំបូងបង្អស់នៅកម្ពុជាដែលបានបង្កើតបន្ទប់បំបៅដោះកូន មានលក្ខណ:ស្តង់ដារ មានសម្ភារៈនិងឧបករណ៍គ្រប់គ្រាន់ ប្រកបដោយផាសុខភាពសម្រាប់ស្ត្រីបំបៅដោះកូន។ គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនអាត្រាការបំបៅដោះកូន ព្រោះមានស្រ្តីចំនួនជាង ៣៧ម៉ឺននាក់កំពុងបំបៅដោះកូននៅកម្ពជា ហើយដែលភាគច្រើនបំផុតកំពុងបំរើការងារក្នុងប្រពន្ធ័ 

 

ទី៤. ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្របានរកឃើញថា ការលើកម្ពស់អាហារូបត្ថម្ភ របបអាហារសុខភាពនិងការចិញ្ចឹមទារកនៅកន្លែងធ្វើការ បានផ្តល់គុណតម្លៃនិងផលប្រយោជន៍ដល់និយោជកនិងនិយោជិតជាច្រើន ជាពិសេសការកើនឡើងផលិភាពការងារ ប្រាក់ចំណូល បរិយាកាសការងារមានលក្ខណៈល្អប្រសើរ អារម្មណ៍បុគ្គលិករីករាយក្នុងការបំពេញការងារ និងធ្វើឱ្យសុខភាពបុគ្គលិកមាន លក្ខណៈប្រសើរជាងមុន។ 

 

ទន្ទឹមគ្នានេះ លោកបានបញ្ជាក់ថា សម្រាប់រយៈពេលវែង កម្ពុជាគួរតែពិនិត្យមើលលទ្ធភាពកែសម្រួលខ្លឹមសារខ្លះៗលើរយៈ ពេលមាតុភាព និងបរិមាណប្រាក់សម្រាប់ពេលលំហែមាតុភាពនេះ។    

 

សូមជម្រាបថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន នៅរោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុនតានបៀនកំពង់ធំ បានប្រព្រឹត្តឡើង ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ ឯកឧត្តម ទូច សុខា អភិបាលខេត្តរងខេត្តកំពង់ធំ ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រី លោកបណ្ឌិត Farid Selmi នាយកគម្រោង MUSEFO នៃអង្គការ GIZ  នាយកក្រុមហ៊ុនតានបៀនកំពង់ធំ និងលោកស្រីបណ្ឌិត Sanne Sigh ទីប្រឹក្សាគម្រោង MUSEFO នៃអង្គការ GIZ

 

អត្ថបទពេញនិយម