រវាង ០៧ឆ្នាំទៀតក្រសួងឧស្សាហកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទីប្រជុំជនបាន ១០០%


ភ្នំពេញ - ពេលវេលារវាង ០៧ឆ្នាំទៀតត្រឹមឆ្នាំ២០៣០ ខាងមុខ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់ថា ប្រជាពលរដ្ឋទីប្រជុំជនទាំងអស់មានទឹកស្អាតប្រើប្រាស់ ១០០% ស្របតាមផែនការ។ នេះបើតាមលទ្ធផលសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលការងាររយៈពេល ០៥ឆ្នាំ ដែលក្រសួងបានប្រកាសកាលពីថ្ងៃទី១១ សីហាកន្លង នៅទីស្តីការគណៈរដ្ឋមន្ត្រី។
មន្ត្រីជំនាញបានលើកឡើងថា អគ្គនាយកដ្ឋានទឹកស្អាតកំពុងខិតខំជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យផ្គត់ផ្គង់ទឹកស្អាតសម្រាប់បម្រើឱ្យជីវភាពរស់នៅរបស់ប្រជាជន តាមរយៈផលិតកម្មនិងសេវាកម្ម ដើម្បីលើកកម្ពស់សុខុមាលភាព កាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់ក្នុងតំបន់ទីប្រជុំជន ជាយក្រុង និងជនបទ។ ការលើកកម្ពស់ទឹកស្អាតនេះ ស្របតាមគោលដៅផ្គត់ផ្គង់ទឹកស្អាតឆ្នាំ២០២៥ ប្រជាជននៅតំបន់ទីប្រជុំជន ៩០% ទទួលសេវាទឹកស្អាតប្រើប្រាស់ និងនៅឆ្នាំ២០៣០ ប្រជាជនចំនួន ១០០% ។
ក្រសួងបានបញ្ជាក់ថា ប្រជាជនរស់នៅទីប្រជុំជននឹងទទួលសេវាទឹកស្អាតប្រើប្រាស់មានគុណភាពល្អ និងថ្លៃសមរម្យ តាមរយៈការពង្រីកសមត្ថភាពផលិត និងលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជនក្នុងការវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស។
ជាក់ស្ដែងគិតត្រឹមឆ្នាំ២០២១ អត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធបណ្តាញក្នុងតំបន់ទីប្រជុំជនបានកើនឡើងដល់ ៦៥.៧៩% ស្មើនឹងជាង ១លានប្រាំបួនសែនគ្រួសារ។ ទន្ទឹមគ្នានេះ ក្រសួងក៏បានខិតខំបង្កើនសមត្ថភាពផលិត ពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាត និងបានកំណត់ថ្លៃលក់ទឹក ព្រមទាំងអនុវត្តកម្មវិធីឧបត្ថម្ភធនសំដៅធានាជួយដល់ប្រជាជនក្រីក អាចទទួលបានសេវាទឹកស្អាតប្រកបដោយគុណភាព និងតម្លៃសមរម្យ ស្របតាមកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ។

