អាហារកង្វះមីក្រូសារជាតិបណ្តាលឱ្យរាងកាយ និងប្រាជ្ញារបស់កុមារលូតលាស់យឺត

ថ្ងៃពុធ ទី២០ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 502
1

កណ្តាល - បញ្ហាកង្វះមីក្រូសារជាតិជាពិសេសជាតិអ៊ីយ៉ូដបណ្តាលឱ្យរាងកាយ និងប្រាជ្ញាសា្មរតីរបស់កុមារលូតលាស់យឺតយ៉ាវ ហើយប្រសិនបើបញ្ហានេះ កើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយ នោះវានឹងបណ្តាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមកនឹងធ្វើឱ្យខួរក្បាលមិនអាចលូតលាស់ល្អ និងមិនអាចកែវិញបាននោះទេ។ 

នេះបើតាមប្រសាសន៍ឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងឱកាសបើកវេទិកាយុវជនស្តីពី “សុវត្ថិភាពចំណីអាហារ និងការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ” នៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ។

រូបភាព UNICEF Cambodia/2020/Antoine Raab

ឯកឧត្ដមមានប្រសាសន៍បញ្ជាក់ថា យោងលើលទ្ធផលការអង្កេតប្រជាសាស្ត្រនិងសុខភាពនៅឆ្នាំ២០១៤ បានឱ្យដឹងថា ស្ត្រីចំនួន ៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអ៊ីយ៉ូតនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដារឡើយ ។ រីឯស្ត្រីចំនួន ៦២% និងកុមារ ៦៤% មានបញ្ហាកង្វះជាតិស័ង្កសី។  

ទន្ទឹមគ្នានេះ កង្វះជាតិហ្វូលេតក៏នៅតែជាបញ្ហាដែលប៉ះពាល់ដល់ស្ត្រី ១៨% ។ កង្វះជីវជាតិ D ក៏ជាបញ្ហាសុខភាពសាធារណៈកម្រិតមធ្យមនៅក្នុងប្រទេសផងដែរ ដែលប៉ះពាល់ដល់ស្ត្រីកម្ពុជា ៣១% ។ លើសពីនេះ កង្វះជីវជាតិ B1 ក្នុងចំណោមស្ត្រីក៏ត្រូវបានរកឃើញថាស្ថិតនៅកម្រិតដែលមានមានបញ្ហាផងដែរ ។ 

ឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ៖ “ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រសួងផែនសហការជាមួយស្ថាប័នពាក់ព័ន្ធបាននិងកំពុងជំរុញការងារបញ្ចូលមីក្រូសារជាតិសំខាន់ៗដូចជាជាតិអ៊ីយ៉ូដ ជីវជាតិ A និងជាតិដែកជាដើមទៅក្នុងចំណីអាហារ ប្រយោជន៍ ដើម្បីរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ និងរបបអាហារសុខភាពឲ្យកាន់តែប្រសើរឡើង”។  

អាហារកង្វះមីក្រូសារជាតិ និងបញ្ហាសុវត្ថិភាពចំណីអាហារ បានបង្ហាញថាកម្ពុជាបាននិងកំពុងប្រឈមមុខជាខ្លាំងលើសុវត្ថិភាពចំណីអាហារដែលទាមទារឲ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយជាប្រព័ន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់មួយ។ 

សូមជម្រាបថា សុវត្ថិភាពចំណិអាហារបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ។ សុវត្ថិភាពចំណីអាហារពាក់ពន្ធ័ដោយផ្ទាល់លើប្រព័ន្ធស្បៀង គឺចាប់ពីដំណាក់កាលផលិតកម្ម ការកែច្នៃ ការចែកចាយ និងរក្សាទុក រហូតដល់ការរៀបចំនិងការបរិភោគអាហារ ពោលគឺចាប់ពីកសិដ្ឋានរហូតដល់តុបាយ។ 

ផ្អែកតាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីសុវត្ថិភាពចំណីអាហារនិងរបបអាហារសុខភាពកាន់តែមានសារៈសំខាន់ ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែរឹងមាំ ផ្តល់នូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប មានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងមានចីរភាពបរិស្ថាន ចីរភាពសង្គម និងចីរភាពសេដ្ឋកិច្ច សម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។ 

ចំពោះការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារវិញ រួមចំណែកសំខាន់លើកកម្ពស់អាហារូបត្ថម្ភ ដូចមានចែងក្នុងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩ - ២០២៣ និងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្ពោះទៅឆ្នាំ២០៣០ ៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន