ក្រសួងសុខាភិបាលផ្ដល់សម្ភារអប់រំដល់គម្រោងលើកកម្ពស់អាហារូបត្ថម្ភ​នៅខេត្តគោលដៅ៧ កាត់បន្ថយបញ្ហាក្រិសក្រិនកុមារ

ថ្ងៃច័ន្ទ ទី១៣ ខែមិថុនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 400
1

ភ្នំពេញ - នាព្រឹកថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលបានប្រគល់សម្ភារៈអប់រំ និងសម្ភារៈការិយាល័យដល់គម្រោងលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ដល់ខេត្តគោលដៅចំនួន ០៧ ព្រមទាំងអង្គភាពអនុវត្តគម្រោង រួមមាន ខេត្តព្រះវិហារ កោះកុង កំពង់ឆ្នាំង រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ។

 

ការផ្តល់ជូនសម្ភារៈអប់រំនាពេលនេះ សម្រាប់កម្មវិធីគាំពារមាតានិងទារក ដែលជាកម្មវិធីអាទិភាពចម្បងសម្រាប់យុទ្ធសាស្ត្រ និងគោលនយោបាយជាតិរបស់ក្រសួងសុខាភិបាល ដើម្បីលុបបំបាត់បញ្ហាក្រិសក្រិនកុមារ និងសុខភាពសាធារណៈ ។

 

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយិកាគម្រោងអាហារូបត្ថម្ភនៅកម្ពុជា មានប្រសាសន៍ថា ក្រសួងសុខាភិបាល ក៏ដូចជាក្រុមប្រឹក្សាជាតិគាំទ្រអាហារូបត្ថម្ភនៅកម្ពុជានឹងបន្តកិច្ចសហការគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន ជនស្ម័គ្រចិត្តតាមមូលដ្ឋាន ពិសេសជាមួយក្រសួងសុខាភិបាលផ្ទាល់តែម្តង ដើម្បីលើកកម្ពស់សកម្មភាពអាហារូបត្ថម្ភឱ្យកាន់តែប្រសើរនៅតាមសហគគមន៍ និងខេត្តគោលដៅទាំងប្រាំពីរ ។

 

លោកជំទាវ យក់ សម្បត្តិ មានប្រសាសន៍បញ្ជាក់ថា អាហារូបត្ថម្ភសំខាន់សម្រាប់ការលូតលាស់របស់ទារកនិងកុមារ ។ កុមារនឹងមានបញ្ញានិងស្មារតីល្អ ព្រមទាំងរៀនសូត្រពូកែ នោះពួកគេនឹងក្លាយជាធនធានមនុស្សល្អសម្រាប់ជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ 

 

សូមជម្រាបថា បើតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០១៤ របស់វិទ្យាស្ថានជាតិស្ថិតិ កាលពីឆ្នាំ២០១៥ បានបង្ហាញថា ក្រៅពីកត្តាភូមិសាស្ត្រ ភាពក្រីក្រក៏ដើរតួនាទីធំនៅក្នុងបញ្ហាកង្វះអាហារូបត្ថម្ភដែលប៉ះពាល់មកលើប្រជាជន ដោយក្នុងនោះកុមារមកពីក្រុមគ្រួសារដែលមានទ្រព្យធនទាបបំផុត ងាយនឹងមានបញ្ហាកង្វះអាហារូបត្ថម្ភខ្លាំងជាងកុមារដែលមកពីក្រុមគ្រួសារដែលមានទ្រព្យធនច្រើន។ 

 

តាមផែនការសកម្មភាពថ្នាក់ជាតិសម្រាប់ការបំបាត់ភាពស្រេកឃ្លាននៅកម្ពុជារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ ឆ្នាំ២០១៦ បានបង្ហាញថា កុមារ ៣២% មានបញ្ហាក្រិសក្រិន ២៤% មានទម្ងន់ស្រាលក្រោមស្តង់ដា ហើយ ១០% មានភាពស្គមស្គាំង ។ នេះជាប្រវាឡង់កង្វះអាហារូបត្ថម្ភដែលខ្ពស់ ហើយបង្ហាញឱ្យឃើញពីគម្លាតសមធម៌នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះបញ្ហាក្រិសក្រិនកើតមានច្រើននៅតាមទីជនបទ (៣៤%)ជាងនៅក្នុងទីក្រុង (២៤%) ហើយមិនសូវកើតមានចំពោះកុមារដែលមានម្តាយដែលបានទទួលការអប់រំច្រើននោះទេ ៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន