លោក យី គឹមថាន ៖ អង្គការ Plan បន្តលើកកម្ពស់សកម្មភាពការងារអនាម័យ ដើម្បីសុខភាពកុមារនិងក្មេងស្រីកម្ពុជា
ភ្នំពេញ - នាឱកាសក្រសួងអភិវឌ្ឍន៍ជនបទប្រកាសដាក់ឱ្យប្រើប្រាស់ឯកសារគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់សកម្មភាពការងារបញ្ចប់ការបន្ទោបង់ពាសវាពាសកាល (ODF) នៅព្រឹកថ្ងៃចន្ទនេះ នាយករងប្រចាំប្រទេសរបស់អង្គការ Plan អន្តរជាតិកម្ពុជា បានលើកឡើងថា អង្គការ Plan នឹងបន្តគាំទ្រការងារលើកកម្ពស់ទឹកស្អាតនិងអនាម័យដល់ក្រសួងអភិវឌ្ឍន៍ជនបទ ទាំងផ្តល់ធនធានថវិកា និងបច្ចេកទេសតាមលទ្ធភាព ដើម្បីគាំទ្រសុខភាពកុមារនិងក្មេងស្រីកម្ពុជា ។
លោក យី គឹមថាន បានលើកឡើងថា ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនឹងចូលរួមចំណែកកាត់បន្ថយជំងឺកុមារ និងកង្វះអាហារូបត្ថម្ភដែលជះឥទ្ធិពលដល់ការអភិវឌ្ឍន៍ ការរៀនសូត្ររបស់កុមារ និងឱកាសសេដ្ឋកិច្ចនៅពេលខាងមុខ ។ ជាពិសេសសម្រាប់ក្មេងស្រី និងស្ត្រី គឺអាចជួយលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់នៅពេលធ្វើដំណើរផ្លូវឆ្ងាយ ឬនៅពេលយប់ទៅបន្ទោបង់នៅក្នុងព្រៃ ឬកន្លែងស្ងាត់ ។
នាយករងប្រចាំប្រទេសរបស់អង្គការ Plan អន្តរជាតិកម្ពុជា មានប្រសាសន៍ថា ៖ “ដើម្បីឱ្យមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តន៍គោលការណ៍ណែនាំ ស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាលកាលនេះ អង្គការភ្លែននៅបន្តជួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការរៀបចំ បង្កើតឯកសារបណ្តុះបណ្តាលពីការផ្ទៀងផ្ទាត់ ODF និងវគ្តសិក្ខាសាលាតម្រង់ទិសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅក្នុងខេត្តគោលដៅរបស់អង្គការភ្លែនអន្តរជាតិ”។
ស្របគ្នានេះ លោក យី គឹមថាន បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការគាំទ្របច្ចេកទេសជំនាញ អង្គការ Plan ក៏បានគាំទ្រដល់បោះពុម្ភគោលការណ៍ណែនាំស្តីពីបញ្ចប់ការបន្ទោបង់ពាសវាពាសកាល (ODF) ចុះតាមដាន និងផ្ទៀងផ្ទាត់បន្ថែមទៀតនៅខេត្តគោលដៅរបស់ខ្លួន និងរួមបញ្ចូលរាជធានីភ្នំពេញ ខេត្ត កែប និងក្រុងព្រះសីហនុ ។ លោកជឿជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ រដ្ឋបាលថ្នាក់ក្រោមជាតិ តួអង្គពាក់ព័ន្ធដទៃទៀត និងសហគមន៍មូលដ្ឋានចូលរួមអនុវត្តគោលការណ៍ណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។
សូមជម្រាបថា កន្លងទៅកម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា (CRSHIP) អង្គការភ្លែនអន្តរជាតិបានជ្រើសរើសជាភ្នាក់ងារប្រតិបត្តិ (EA) បានធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិ និងមន្ទីរ ក៏ដូចជានាយកដ្ឋានជំនាញរបស់ក្រសួងអភិវឌ្ឍន៏ជនបទ ចាប់ពីឆ្នាំ២០១១-២០២០ ដោយមានពីរដំណាក់កាល។
ដំណាក់កាលទី១ មានចំនួនប្រាំមួយខេត្ត រួមមាន ស្វាយរៀង កណ្តាល កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ និងតាកែវ និងដំណាក់ទី២ បានពង្រីកទៅខេត្តមួយចំនួនទៀត រួមមាន ខេត្តកំពត ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ ។ គម្រោង CRSHIP បានផ្តល់ផលប្រយោជន៍ដល់គ្រួសារចំនួនជាង ៤សែនប្រាំមួយម៉ឺនគ្រួសារ នៅក្នុង ៣, ៥០០ ភូមិ មកពី ៩៦ស្រុក និង ១១ខេត្ត ដែលខេត្តទាំងនោះមានអត្រាគ្របដណ្តប់អនាម័យតិចជាង ៥០% ៕