ចំណេះដឹងអាហារូបត្ថម្ភនិងរបៀបចិញ្ចឹមទារកកុមារសំខាន់សម្រាប់ស្ត្រីនៅកន្លែងធ្វើការ

ថ្ងៃសុក្រ ទី០៩ ខែកញ្ញា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 421
1

ភ្នំពេញ - តាមរយៈការអនុវត្តគម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រ សហគ្រាស និងកន្លែងធ្វើការ បានបង្ហាញថា ការអប់រំចំណេះដឹងពីអាហារូបត្ថម្ភ និងរបៀបចិញ្ចឹមទារកកុមារ គឺសំខាន់បំផុតសម្រាប់ស្ត្រីគ្រប់រូប ព្រមទាំងបុគ្គលិកនៅកន្លែងធ្វើការ។ នេះបើតាមការលើកឡើងរបស់លោក ហ៊ូ ក្រើន នាយកប្រតិបត្តិនៃអង្គការ Helen Keller កម្ពុជា នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូននៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីព្រឹកថ្ងៃសុក្រកន្លងទៅ។ 

 

 

លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller កម្ពុជា មានប្រសាសន៍បញ្ជាក់ថា គម្រោងសាកល្បងខាងលើនេះ ផ្តោតសំខាន់លើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាពនិងអាហារូបត្ថម្ភ ដូចជា អាហារូបត្ថម្ភពេលមានផ្ទៃពោះ និងក្រោយសម្រាលការបំបៅកូនដោយទឹកដោះម្ដាយ, ការផ្ដល់អាហារបន្ថែមដល់កុមារការប្រឹក្សាលើរបបអាហារសារ:សំខាន់អនាម័យ, អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាពនិងថាមពលមាំមួន, និងការអប់រំស្តីពីរបៀបចិញ្ចឹមទារកនិងកុមារតូចកំឡុងពេលធ្វើការងារជាដើម។ 

 

នាយកអង្គការ Helen Keller ប្រចាំកម្ពុជា បានបញ្ជាក់ ៖ “ការអប់រំស្តីពីរបៀបចិញ្ចឹមទារកនិងកុមារតូចកំឡុងពេលធ្វើការងារ ធ្វើឡើងដើម្បីឱ្យទារកនិងកុមារមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវៃ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពការងារខ្ពស់”

 

សូមជម្រាបថា គម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ អនុវត្តឡើងក្នុងគោលបំណង បង្កបរិយាកាសងាយស្រួលដល់បុគ្គលិកស្ត្រីអាចបន្តបំបៅដោះកូនតទៅទៀតបន្ទាប់ពីត្រឡប់មកធ្វើការវិញ, ផ្ដល់លទ្ធភាពដល់ស្ត្រីមានកន្លែងច្របាច់ឬបូមទឹកដោះរក្សាទុកដើម្បីបំបៅកូន, បង្កើតបន្ទប់និងសម្ភារៈអប់រំសម្រាប់ម្តាយអានដើម្បីស្វែងយល់ពីអត្ថប្រយោជន៍នៃទឹកដោះម្តាយ អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនិងបង្កើនការអនុវត្តន៍ល្អៗនៅកន្លែង។ 

 

អង្គការ Helen Keller ជឿជាក់ថា គម្រោងនេះនឹងចូលរួមអនុវត្តការប្ដេជ្ញាចិត្តរបស់កម្ពុជាបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ០៦ខែ ឱ្យបានដល់៨៥% នៅឆ្នាំ២០៣០៕ 

 

អត្ថបទពេញនិយម