ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅកម្ពុជាបង្ហាញពីការយកចិត្តទុកដាក់របស់មនុស្សចំពោះធម្មជាតិ និងបរិស្ថាន


មណ្ឌលគិរី - អនាគតដែលយើងប្រាថ្នា ជាប្រធានបទនៃទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ ប្រារព្វឡើងដើម្បីជំរុញការប្តេជ្ញាចិត្តរួមគ្នាសម្រាប់និរន្តរភាពនៃភពផែនដី ។ កម្ពុជាបានប្រារព្ធពិធីនេះកាលពីថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧ព្រឹកដល់ ៩យប់នៅសួនច្បារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តមណ្ឌលគិរី តំណាងអង្គការ WWF តំណាងសហភាពអឺរ៉ុប សិល្បករ សិល្បការិនី និងវិស័យឯកជនជាច្រើនទៀត ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ទិវាមួយម៉ោងសម្រាប់ភពផែនដី គឺជាឱកាសល្អមួយសម្រាប់មនុស្សទាំងអស់គ្នា បង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថាន និងប្រាប់ដល់អ្នកដទៃទៀតឱ្យបានយល់ពីសារៈសំខាន់នៃធនធានធម្មជាតិចំពោះជីវិតនៅលើភពផែនដី ។ ទន្ទឹមគ្នានេះ ទិវាមួយម៉ោងសម្រាប់ភពផែនដីនឹងចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាច្រើនដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន ជាពិសេសការប្រែប្រួលអាកាសធាតុ ការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលជាកត្តាគំរាម កំហែងសកលដល់មនុស្ស និងធម្មជាតិ ។
ចំណែកលោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា មានប្រសាសន៍ថា ការថែរក្សាការពារធនធានធម្មជាតិ និងភពផែនដីដែលជាផ្ទះរួមមនុស្សទាំងអស់គ្នា ដែលជាកាតព្វកិច្ចរួម ។ លោកបន្តថា ធនធានធម្មជាតិ ព្រមទាំងប្រព័ន្ធអេកូឡូស៊ី ផ្តល់នូវមូលដ្ឋានគ្រឹះ សម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ខណៈវាក៏ជាធាតុដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ។
លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា បានបញ្ជាក់ថា ៖ “យើងអាចកសាងអនាគតមួយដែលមនុស្ស និងធម្មជាតិអាចរស់នៅបានដោយសុខដុមរមនាជាមួយគ្នា” ។
ទន្ទឹមគ្នាដែរនេះ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បាននិយាយថា ទិវាមួយម៉ោងសម្រាប់ភពផែនដីបានបន្តឆ្លុះបញ្ចាំងឱ្យឃើញពីលទ្ធផលដែលទទួលបានចេញពីភាពរួបរួមសាមគ្គីគ្នា ដែលអាចធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានចំពោះវិបត្តិអាកាសធាតុ តាមរយៈការកាត់បន្ថយការប្រើប្រាស់ថាមពល និងបន្តប្រកាន់ខ្ជាប់នូវសកម្មភាពមេត្រីភាពបរិស្ថានងាយៗ ក្នុងការរស់នៅប្រចាំថ្ងៃ ។
ជាការកត់សម្គាល់ កម្ពុជាបានចូលរួមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ដែលបង្ហាញឱ្យឃើញកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពការពារបរិស្ថានតាមរយៈសហគមន៍ និងរដ្ឋាភិបាល ។ ការពង្រឹងអនាម័យស្អាត សន្សំសំចៃការប្រើប្រាស់ទឹក និងថាមពលអគ្គិសនី ការដាំដើមឈើនៅផ្ទះ និងក្នុងសហគមន៍ជាផ្នែកនៃការចូលរួមលើកកម្ពស់ការរស់នៅឱ្យកាន់តែប្រសើរឡើងសម្រាប់ទាំងអស់គ្នា ។
លើសពីនេះការលើកទឹកចិត្តឱ្យមានការចូលរួមពីយុវជនក្នុងការការពារបរិស្ថាន មិនមែនត្រឹមតែជួយឱ្យយុវជនផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចក្លាយជាគំរូសម្រាប់សមាជិកគ្រួសារ និងសហគមន៍ ដើម្បីលើកទឹកចិត្តពួកគេឱ្យមានទំនួលខុសត្រូវថែមទៀតក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ សម្រាប់ការកសាងអនាគតមួយដ៏ល្អប្រសើរ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យព្រៃឈើជាតិ និងប្រព័ន្ធព័ត៌មានសុវត្ថិភាពបរិស្ថាន និងសង្គម សម្រាប់ការអនុវត្តន៍គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ (REDD+) និងកំណត់គោលដៅកាត់បន្ថយអត្រានៃការបាត់បង់ព្រៃឈើមកត្រឹមពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០ ក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដី (FOLU) ស្របតាមយុទ្ធសាស្ត្ររ៉េដបូកជាតិកម្ពុជា ៕

