រោងចក្រកាត់ដេរសម្លៀកបំពាក់ពីរនៅខេត្តកំពតដាក់ឱ្យប្រើប្រាស់បន្ទប់បំបៅដោះកូន

ថ្ងៃសុក្រ ទី២៤ ខែមិថុនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 423
1

ខេត្តកំពត - នាព្រឹកថ្ងៃសុក្រនេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ KEME GARMENT (CAMBODIA) និង JIA GARMENT បានដាក់ឱ្យប្រើប្រាស់បន្ទប់បំបៅដោះកូនដោយទឹកដោះម្តាយស្របតាមស្តង់ដារបច្ចេកទេស ដើម្បីផ្តល់ឱកាសនិងលើកទឹកចិត្តឱ្យស្រី្តកម្មការិនីមានលទ្ធភាពគ្រប់គ្រាន់បំបៅកូនដោយទឹកដោះម្តាយឱ្យបានពេញលេញ ។ កម្មវិធីនេះ មានអ្នកចូលរួមសរុបចំនួនជាង១៦០នាក់ និងមានកម្មការិនីសរុបចំនួន២,៧៤៨ នាក់ ។ 

 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានក្រើនរំលឹកបងប្អូនកម្មករកម្មការិនី និងអង្គពិធីទាំងមូលថា ទឹកដោះម្តាយមានគុណតម្លៃដ៏ល្អឥតខ្ចោះចំពោះទារកនិងកុមារ ។ ទឹកដោះម្តាយជួយឱ្យទារកនិងកុមារមានបញ្ញាឈ្លាសវៃ មានខួរក្បាលល្អ រៀនពូកែ មានសុខភាពល្អប្រសើរ គ្មានជំងឺ និងរាងកាយមាំមួន ។

 

 

លោកជំទាវវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា របាយការណ៍អង្កេតសុខភាព និងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជាមាននិន្នាការបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងពីអត្រា ៦៥% នៅឆ្នាំ ២០១៤ មកនៅត្រឹម៥១% នៅឆ្នាំ២០២២ ។ ទន្ទឹមគ្នានេះ ស្ត្រី៧៦% ធ្វើការងារនៅក្នុងប្រពន្ធ័ ហើយពួកគាត់ភាគច្រើនបានបញ្ឈប់ការបំបៅដោះកូននៅពេលត្រឡប់មកធ្វើការងារវិញ ។

 

បញ្ហាខាងលើនេះ អ្នកជំនាញបានបញ្ជាក់ទៀតថា បញ្ហាសំខាន់មួយទៀត គឺកង្វះខាតការគាំទ្រពីស្ថាប័ន និងនិយោជកនៅកន្លែងធ្វើការ គ្មានការលើកទឹកចិត្តពីសមាជិកគ្រួសារផ្ទាល់ ដូចជាប្តី ម្ដាយនិងឪពុកខ្លួនឯង ម្ដាយនិងឪពុកក្មេក ជីដូន ជីតា និងមនុស្សជុំវិញខ្លួន ដោយគិតថា ការបំបៅកូនដោយទឹកដោះម្ដាយជាទំនួលខុសត្រូវផ្តាច់មុខរបស់ម្តាយតែម្នាក់ឯង ។ នេះជាការគិតដោយគ្រោះថ្នាក់ដែលធ្វើឱ្យស្រ្តីងាយនឹងបោះបង់ការបំបៅដោះកូន ។ 

 

លោក ហ៊ូ ក្រើន នាយករងអង្គការហេទ្បែនខេលល័រ មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវនៅប្រទេសផ្សេងៗ នាពេលកន្លងមកបានរកឃើញថា គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការមានផលចំណេញច្រើនសម្រាប់និយោជិត និងនិយោជក ។ 

 

នាយករងអង្គការហេទ្បែនខេលល័រ ៖ការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការកាត់បន្ថយថ្លៃថែទាំសុខភាពសម្រាប់ម្តាយនិងកូន, កាត់បន្ថយការអវត្តមានបុគ្គលិក, បង្កើនផលិតភាពការងារ, ធ្វើឱ្យបរិយាកាសនៅកន្លែងធ្វើការមានលក្ខណៈល្អប្រសើរ, បុគ្គលិកស្រ្តីដែលបន្តការងាររយ:ពេលយូរមានអត្រាខ្ពស់, កម្មករមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារ និងមានការកាត់បន្ថយការចំណាយលើការជ្រើសរើស និងការបណ្តុះបណ្តាលនិយោជក 

 

លោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ  មានប្រសាសន៍ថា បានលើកឡើងថា ឧបសគ្គមួយសម្រាប់ម្តាយ គឺពួកគេមានពេលសម្រាកលំហែមាតុភាពត្រឹមតែបីខែប៉ុណ្ណោះ ជាមួយនឹងការទូទាត់ត្រឹមតែ ៥0% នៃប្រាក់បៀវត្សរ៍របស់ពួកគេ ដែលធ្វើឱ្យមានបញ្ហាសេដ្ឋកិច្ចគ្រួសារពិបាកទាំងក្នុងពេលលំហែមាតុភាព និងក្រោយសម្រាលកូនរួច ដើម្បីធានាការបំបៅកូនដោយទឹកដោះម្តាយ និងបន្តការបំបៅកូនដោយទឹកដោះតែមួយមុខគត់រយ:ពេល៦ខែ ។ 

 

បន្ទប់បំបៅដោះកូននៅ កន្លែងធ្វើការអាចជួយឱ្យស្ត្រីបន្តការបំបៅកូនដោយទឹកដោះតែមួយមុខគត់រយ:ពេល ៦ខែបន្ទាប់ពីត្រលប់ចូលមកធ្វើការវិញ និងបន្តបំបៅដោះកូនរហូតដល់អាយុពីរឆ្នាំ និងលើសពីនេះ។ ការបំបៅកូនដោយទឹកដោះម្តាយ និងចំណងរវាងម្តាយ និងកូនមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ និងការលូតលាស់របស់កុមារនៅដំណាក់កាលដំបូងនៃជីវិតរបស់កុមារ។ នេះជាការបញ្ជាក់របស់លោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ

 

ស្របគ្នានេះ លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធអភិបាលរងខេត្តកំពត បានលើកថា រដ្ឋបាលខេត្តកំពតអំពាវនាវដល់កន្លែងធ្វើការដទៃទៀតក្នុងភូមិសាស្ត្រខេត្តកំពត មេត្តាពិចារណារៀបចំឱ្យមានបន្ទប់បំបៅដោះកូន ដើម្បីសម្រួលឱ្យស្ត្រីដែលត្រឡប់មកធ្វើការវិញអាចបន្តការបំបៅដោះកូនតទៅទៀត ស្របតាមមាត្រា១៨៤ និង១៨៥ នៃច្បាប់ការងាររបស់កម្ពុជា។  

 

រដ្ឋបាលខេត្តគាំទ្រទាំងស្រុងសំណើររបស់គម្រោងការលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារគាំទ្រដោយអង្គការ Helen Keller និងគម្រោង MUSEFO ដែលផ្តួចផ្តើមគំនិតជជែក និងពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងការពិចារណាការសម្រួលខ្លឹមសារខ្លះៗលើរយៈពេលលំហែមាតុភាព និងតម្រូវការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ ព្រមទាំងខ្លឹមសារលើប្រាក់បៀវត្សដែលមានចែងក្នុងច្បាប់ការងារកម្ពុជា ។ 

 

ការសម្រួលខ្លឹមសារនេះនឹងផ្តល់ឱកាសដល់ស្រ្តីជាម្តាយអាចបន្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយ:ពេល ៦ខែស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលផង និងស្របតាមការប្តេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធអភិបាលរងខេត្តកំពត ៕

 

អត្ថបទពេញនិយម