មង្គលមេឌា

សារព័ត៌មានប្រកបដោយចំណេះដឹង និងវិជ្ជាជីវៈ

១. សាវតា

ដោយមើលឃើញថា ប្រជាជនកម្ពុជា ជាពិសេសប្រជាជនដែលរស់នៅតាមទីជនបទមានការយល់ដឹងអំពីវិស័យទឹកស្អាត និងអនាម័យនៅមានកម្រិត ខណៈការផ្សព្វផ្សាយពីបញ្ហានេះនៅមិនទាន់បានទូលំទូលាយនៅឡើយ ប្រព័ន្ធផ្សព្វផ្សាយចម្រុះ “មង្គលមេឌា” បានចាប់បង្កើតឡើងនៅដើមឆ្នាំ២០២២ ។ មង្គលបង្កើតឡើងដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា សមាជិកគ្រួសារ និងសង្គមឱ្យមានសុភមង្គល ព្រមទាំងចូលរួមកសាងធនធានមនុស្សប្រកបដោយថាមពល តាមរយៈការបង្កើនលទ្ធភាពរបស់ប្រជាជនឱ្យទទួលបាននូវព័ត៌មានចាំបាច់ទាក់ទងនឹងទឹកស្អាត និងអនាម័យ អាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ប្រកបដោយវិជ្ជាជីវៈព័ត៌មាន ។

មង្គលមេឌាជាប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ដែលមានអាស័យដ្ឋានអេឡិចត្រូនិក mongkolmeida.com បង្កើតឡើងតាមរយៈបទពិសោធន៍ការងារទទួលបានពីបណ្តាញអ្នកសារព័ត៌មានទឹក និងអនាម័យ (WASH Journalists Network) ដែលគាំទ្រព័ត៌មានវិស័យទឹកស្អាត និងអនាម័យ និងឈរលើបុព្វហេតុបម្រើការងារសង្គមដោយស្ម័គ្រចិត្តលើការចងក្រងព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានទូលំទូលាយ ។

២. ចក្ខុវិស័យ

មង្គលមេឌាចង់ឃើញប្រជាជនកម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបានព័ត៌មានទឹកស្អាត និងអនាម័យ អាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ សម្បូរបែប បច្ចុប្បន្នភាព ត្រឹមត្រូវ ស្របតាមវិជ្ជាជីវៈសារព័ត៌មាន ដែលឈានទៅរកសុភមង្គលផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ។

៣. គោលបំណង

មង្គលមេឌាមានគោលបំណងផ្សព្វផ្សាយព័ត៌មាន ចំណេះដឹង និងបំណិនរស់នៅពីវិស័យទឹកស្អាត និងអនាម័យ អាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ បរិស្ថាន និងការប្រែប្រួលអាកាសធាតុទៅកាន់ប្រជាជនកម្ពុជា ។

៤. គោលបំណងជាក់លាក់

  • ក. ប្រជាជនមានការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទវិជ្ជមានទៅលើការប្រើប្រាស់ទឹកស្អាត និងរស់នៅមានអនាម័យល្អប្រសើរ ។
  • ខ. ប្រជាជនយល់ដឹងពីអាហារូបត្ថម្ភ និងរៀបចំអាហារសម្រាប់គ្រួសារដែលមានសារធាតុ ចិញ្ចឹមចម្រុះមុខបានប្រសើរជាងមុន ។
  • គ. ប្រជាជនយល់ដឹងអំពីបញ្ហាបរិស្ថាន និងសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ។

Image
លោក ម៉ៅ សំណាង ស្ថាបនិកមង្គលមេឌា
បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មាន និងតំណាងអ្នកសារព័ត៌មានទឹកស្អាតនិងអនាម័យនៅកម្ពុជា (WJN) ។ លោកធ្លាប់បម្រើការងារវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយចម្រុះ ។

លេខទូរស័ព្ទ ០១១ ៧៥១ ១០២ ។