បឋមសិក្សា GHASI PURA សាលាអនាម័យគំរូនៅជាយក្រុងញ៉ូវដេលី
ក្រុងញ៉ូដេលី - Ghasi Pura ជាសាលាបឋមសិក្សាគំរូផ្នែកអនាម័យមួយស្ថិតនៅភាគខាងជើង ចម្ងាយ ៥៥គីឡូម៉ែត្រពីទីក្រុងញ៉ូវដេលី នៃប្រទេសឥណ្ឌា ។ សាលារៀននេះ បានក្លាយជាសាលាដែលផ្តល់ការអប់រំផ្នែកអនាម័យនិងទឹកស្អាតដល់សិស្សានុសិស្ស បន្ទាប់ពីផ្តល់ចំណេះដឹងទូទៅស្របតាមកម្មវិធីសិក្សារបស់រដ្ឋាភិបាល ។
លោកស្រី ម៉ាន់ជី ទេវី នាយិកាសាលាបឋមសិក្សា Ghasi Pura បានឱ្យដឹងថា សាលាបឋមសិក្សានេះបានអនុវត្តន៍គោលការណ៍អប់រំអនាម័យដល់សិស្សមានរយៈពេលប្រាំឆ្នាំហើយ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៣ ដោយមានការជួយជ្រោមជ្រែងពីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើផ្នែកទឹកស្អាតនិងអនាម័យ និងមានការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា ។
លោកស្រីមានប្រសាសន៍បន្តថា គោលបំណងធ្វើឱ្យសាលាបឋមសិក្សានេះក្លាយជាសាលាគំរូអនាម័យ ដោយសារចង់ផ្លាស់ប្តូរទម្លាប់ប្រជាជនក្នុងភូមិឱ្យចាប់អារម្មណ៍ចំពោះការប្រើប្រាស់បង្គន់អនាម័យនិងទឹកស្អាតប្រចាំថ្ងៃ តាមរយៈភាពជាគំរូផ្តើមចេញពីកូនៗរបស់ពួកគេ ។
ទន្ទឹមគ្នានេះ លោកស្រីនាយិកាសាលា បានបន្ថែមទៀតថា៖ “កន្លងទៅសិស្សនារីភាគច្រើនមិនទទួលបានចំណេះដឹងផ្សេងៗ ពីបញ្ហាអនាម័យទូលំទូលាយឡើយ ដោយសារពួកគេមានភាពខ្មាស់អៀន ! ដូច្នេះយើងចង់ឱ្យពួកគេទទួលបានការអប់រំបញ្ហាហ្នឹង ដើម្បីឱ្យសិស្សមានសុខភាពល្អ ហើយការសិក្សារបស់កុមារក៏កាន់តែល្អប្រសើរដែរ” ។
សាលាបឋមសិក្សា ហ្គាហ្ស៊ី ពួរ៉ា អគារសិក្សាចំនួនពីរ ដោយអគារនីមួយៗមានកម្ពស់បីជាន់ ផ្ទៃដីទំហំពីរហិចតាកន្លះ ។ ក្នុងចំណោមថ្នាក់់រៀនសរុបទាំងអស់ ៣៦ថ្នាក់ ។ បឋមសិក្សានេះ មានបន្ទប់ទឹកចំនួន ៤២ បន្ទប់ទឹកកំពុងដំណើរការដោយបែងចែកស្មើគ្នាចំពោះសិស្សប្រុស និងសិស្សស្រី ។ សាលាក៏បានបែងចែកវេណសិក្សាជាពីរវេណដោយពេលព្រឹកមានសិស្សចំនួន ៤០០នាក់ និងពេលរសៀលចំនួនជាង ៤៤៨នាក់ ។
ថ្នាក់ដឹកនាំសាលា និងតំណាងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការនៅសាលាបឋមសិក្សាហ្គាហ្ស៊ី ពួរ៉ា នៅជាយក្រុងញ៉ូវដេលីនេះ បានបង្ហាញការជឿជាក់ថា កុមារគំរូនៅក្នុងសាលានឹងផ្លាស់ប្តូរឥរិយាបថម្តាយឪពុកពួកគេ ឱ្យរស់នៅមានអនាម័យ និងប្រើប្រាស់ទឹកស្អាតដើម្បីសុខភាព ៕