អង្គការសំអាតទន្លេសមុទ្រ តាំងបង្ហាញស្នាដៃសិល្បៈដែលកែច្នៃពីសំរាមក្នុងទន្លេ


ភ្នំពេញ៖ អង្គការសំអាតទន្លេសមុទ្រ កាលពីថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២២ បានបើកពិព័រណ៌ស្នាដៃសិល្បៈដែលបានកែច្នៃពីសំរាម ឲ្យមហាជនចូលទស្សនារយៈពេលមួយខែពេញ នៅMeta House ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
កញ្ញា ភាព ច័ន្ទជាលីន ជំនួយការផ្នែកទីផ្សារអង្គការសំអាតទន្លេសមុទ្រ បានបញ្ជក់ថា ស្នាដៃសិល្បៈដែលបានបង្កើតឡើងដោយស្ម័គ្រចិត្តពីសំណាក់សិល្បៈករខ្មែរ និងសិល្បៈករបរទេស គឺច្នៃពីសំរាមដែលអង្គការប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។
កញ្ញា ភាព ច័ន្ទជាលីន ៖ ក្រុមការងារក៏មានគំនិតមួយ ដើម្បីរៀបចំការតាំងពិព័រណ៍នេះឡើងដើម្បីជាសារបំផុសគំនិតទៅដល់ប្រជាជនខ្មែរយើងទូទាំងប្រទេសតែម្តងដើម្បីឲ្យយកចិត្តទុកដាក់លើបញ្ហាសំរាមហើយ យើងអាចrecycle ឬការប្រើប្រាស់ឡើងវិញបាន ទៅតាមលទ្ធភាពដែលធ្វើទៅបាន ជាពិសេសមួយទៀតចង់ចែកជូនសារទៅដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យទុកដាក់សំរាមអោយបានត្រឹមត្រូវកុំបោះចោលសំរាមចូលទៅក្នុងទន្លេ ព្រោះទន្លេគឺជាប្រភពទឹកដ៏សំខាន់ជាធនធានដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រយោជន៍ទូទាំងប្រទេសជាតិយើងតែម្តង។
ស្នាដៃសិល្បៈដែលបានតាំងបង្ហាញសុទ្ធតែមានភាពទាក់ទាញ ដោយសិល្បៈករច្នែបង្កើតឡើងទៅតាមចំណងចំណូលចិត្ត និងអត្ថន័យយល់ឃើញរៀងៗខ្លួន។ លោក សន ចាន់ដារ៉ា វ័យ២៧ឆ្នាំ ជាអ្នកធ្វើការការងារសង្គមដែលផ្តោតទៅលើសិទ្ធមនុស្ស និងបរិស្ថាន បានយកសំរាមមកច្នៃធ្វើជារូបអណ្ដើករាជ ដែលជាប្រភេទសត្វល្មូនកម្រជិតផុតពូជ និងចាត់តាំងជានិមិត្តរូបនៃសត្វល្មូនជាតិ របស់កម្ពុជានិងផងដែរ។
"ការស្នើរសុំបង្កើតស្នាដៃសិល្បៈនេះឡើង ព្រោះខ្ញុំពិតជាចង់លើកទឹកចិត្តប្រជាជនកម្ពុជា ដែលមានអារម្មណ៍ឆ្គាំឆ្គង និងជាពិសេសសម្រាប់អ្នកនេសាទ កាត់បន្ថយឧបករណ៍នេសាទខុសច្បាប់ ដលប៉ះពាល់ដល់ក្រុមជីវិតសត្វសមុទ្រនិងជីវចម្រុះៗ។ ' នេះជាការបញ្ជាក់បន្ថែមរបស់ លោក សន ចាន់ដារ៉ា ។
លោក សន ចាន់ដារ៉ា ក៏បានរំពឹងថា តាមរយៈស្នាដៃសិល្បៈរបស់ខ្លួន នឹងក្លាយជាសារជំរុញដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងលើកកម្ពស់ដល់ការប្រើប្រាស់និងកែច្នៃសំរាមឡើងវិញ ។
គួរបញ្ជាក់ថា ចាប់តាំងពីពាក់កណ្ដាលខែមីនា រហូតមកទល់ពេលនេះ អង្គការសំអាតទន្លេសមុទ្រ សហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សាលារាជធានីភ្នំពេញ និងអង្គការដៃគូ បានប្រមូលសំរាមបានប្រមាណជាង១០០តោនចេញពីទន្លេសាប ទន្លេបាសាក់ និង ទន្លេមេគង្គ ក្រោមបេសកកម្មសំអាតទន្លេជាប្រវត្តិសាស្ត្រ ។
សំរាមទាំងអស់ដែលប្រមូលបានគឺបញ្ចូនទៅមជ្ឈមណ្ឌលគ្មានសំណល់ ដើម្បីញែកទៅតាមប្រភេទ សំរាមនីមួយៗ។ ចំពោះសំរាមដែលកែច្នៃបានអង្គការសហការជាមួយក្រុមហ៊ុនជាតិនិងអន្តរជាតិ ដើម្បីកែច្នៃឡើងវិញ ហើយចំពោះសំរាមដែលមិនអាចកែច្នៃបានគឺ បម្លែងជាថាមពលបម្រើដល់ផលិតកម្ម ៕

