រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជាអាចលក់កាបូនបាន ជារបត់ថ្មីមួយដែលអាចរកចំណូលពីការអភិរក្សធនធានធម្មជាតិ


ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាអាចលក់កាបូនបាន គឺជារបត់ថ្មីមួយដែលកម្ពុជាអាចរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ។ ការលើកឡើងរបស់ឯកឧត្តម ដូចនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ ថ្លែងក្នុងសិក្ខាសាលាស្តីពីការអភិរក្សព្រៃឈើក្នុងតំបន់ការពារធម្មជាតិ
ជាមួយគ្នានេះ ឯកឧត្តម សង្ឃឹមថាក្រុមហ៊ុនបរទេសធំៗផ្សេងទៀត អាចទិញកាបូនថែមទៀតរបស់កម្ពុជា ហើយសិក្ខាសាលាស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នាពេលនេះនឹងផ្សព្វផ្សាយបន្ថែម ទៀតដល់មហាជនឲ្យបានយល់ដឹងថាពីភាពប្រសើរឡើង នៃការការពារអភិរក្សដែលអាចរកឃើញរបត់ថ្មីមួយយ៉ាងសំខាន់នៃការលក់កាបូនរបស់កម្ពុជា។
សូមជម្រាបថា ឥណទានកាបូន គឺជាឯកតាហិរញ្ញវត្ថុនៃការវាស់វែង តាងដោយការស្រូបយកឧស្ម័នផ្ទះកញ្ចក់ ដែលសមមូលឧស្ម័នកាបូនិក ចំនួន១តោនពីបរិយាកាស។ ប្រទេសអភិវឌ្ឍនៅលើសាកលលោក ដែលជាប់កាតព្វកិច្ចចូលរួមកាត់បន្ថយការបញ្ចេញកាបូន ត្រូវចំណាយថវិកាទិញឧស្ម័នកាបូនពីប្រទេស កំពុងអភិវឌ្ឍ ឬអភិវឌ្ឍតិចតួច ដើម្បីឱ្យប្រទេសក្រីក្រទាំងនេះ រក្សាព្រៃឈើដែលជាអាងស្តុកកាបូន ក្នុងការទប់ស្កាត់ ស្រូបទាញយកនូវឧស្ម័នកាបូនិក ដែលជះឥទ្ធិពលអាក្រក់ជំរុញឱ្យមានការកើនឡើងកម្ដៅ ។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន១១.៦លានដុល្លារ។ ថវិកាដែលបានមកពីការលក់កាបូននេះ គឺបានយក ទៅការពារ និងអភិរក្សធនធានធម្មជាតិ ពង្រឹងជីវភាពសហគមន៍ ដូចជាការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាត ជួយដល់សាលារៀន មធ្យោបាយរបស់មន្រ្តីឧទ្យានុរក្ស បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកសាងសមត្ថភាពមន្រ្តីរាជការថ្នាក់ក្រោមជាតិ លើវិស័យបរិស្ថានថែមទៀត ៕

