សុវត្ថិភាពម្ហូបអាហារជាកត្តាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀង និងការអភិវឌ្ឍមូលធនមនុស្ស

ថ្ងៃពុធ ទី២១ ខែសីហា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 231
1

ភ្នំពេញ - ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា ការលើកកម្ពស់សុវត្ថិភាព ម្ហូបអាហារ គឺជាកត្តាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀង ការអភិវឌ្ឍ មូលធនមនុស្ស និងជាតម្រូវ ការចាំបាច់ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ។ ទន្ទឹនគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់បន្ថែមថា សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការរបស់យើងទាំងអស់គ្នា។ ម្ហូបអាហារមានសុវត្ថិភាពមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប ។

 

 

តាមរយៈសុន្ទរកថាថ្លែងនៅក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ក្រោមប្រធានបទ ការត្រៀមបង្ការហានិភ័យលើសុវត្ថិភាពម្ហូបអាហារ នៅសណ្ឋាគារភូគីត្រា ភ្នំពេញ  នាព្រឹកថ្ងៃពុធនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងដោយសង្កត់ធ្ងន់ថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមបានធ្វើឱ្យប្រជាជនផ្លាស់ប្តូររបៀបរបបរស់នៅ និងការហូបចុក ដោយផ្លាស់ប្តូរពីការហូបដើម្បីឆ្អែត មកហូបដើម្បីសុខភាព។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ធ្វើឱ្យសុវត្ថិភាពម្ហូបអាហារក្លាយជាបញ្ហាអាទិភាពនៃសុខភាពសាធារណៈ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគោលនយោបាយ ច្បាប់ ឯកសារគតិយុត្ត និងបទប្បញ្ញត្តិផ្សេងៗ។

 

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី បានបន្តបញ្ជាក់ថា  យុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហាររៀបចំឡើងដោយផ្តោតលើសកម្មភាពជាច្រើន ដូចជា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈការពង្រឹងសមត្ថភាពបច្ចេកទេសការរៀបចំគោលការណ៍ណែនាំ បទប្បញ្ញត្តិបច្ចេកទេសនិងស្តង់ដារ និងការពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាប្រកបដោយបរិយាប័ន្ន តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ។ កិច្ចការទាំងនេះ ភាគីពាក់ព័ន្ធត្រូវផ្សព្វផ្សាយជូនប្រជាជនកម្ពុជាគ្រប់រូបឱ្យបានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃសុវត្ថិភាពម្ហូបអាហារ និងទទួលបានម្ហូបអាហារដែលមានសុវត្ថិភាពប្រកបដោយអាហារូបត្ថម្ភ ហើយអាជីវកម្មម្ហូបអាហារត្រូវគោរពទៅតាមគោលការណ៍ណែនាំស្តីពីអនាម័យ សុវត្ថិភាព គុណភាព និងនិរន្តរភាពប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ ។

 

ជុំវិញកិច្ចការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនេះ កត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានបង្កើតគោលនយោបាយ ច្បាប់ និងឯកសារគតិយុត្ត ព្រមទាំងបទប្បញ្ញត្តិផ្សេងៗ រួមមាន ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វច្បាប់ស្តីពីស្តង់ដារកម្ពុជាច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវាជាដើម។ ដោយឡែកយន្តការពង្រឹងការអនុវត្តច្បាប់ទាំងនេះ ចាំបានទាមទារការយល់ដឹង និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។

 

សូមជម្រាបថា ផ្អែកការបញ្ជាក់ពីអ្នកជំនាញសុវត្ថិភាពម្ហូបអាហារ និងសុខភាពសាធារណៈ បានឱ្យដឹងថា សុវត្ថិភាពម្ហូបអាហារបានគ្របដណ្តប់សកម្មភាពនៅស្ទើរគ្រប់វិស័យអាទិភាពទាំងអស់ដោយរាប់ពីវិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច បរិស្ថាន ទេសចរណ៍ អប់រំ និងវិទ្យាសាស្ត្រ។ ស្របគ្នានេះដែរ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ កំពុងដើតតួនាទីយ៉ាងសំខាន់បន្តរៀបចំយុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ និងបន្តធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ស្ដីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ។ កិច្ចការនេះ មានគោលដៅពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ធន់ បរិយាបន្ន ដែលផ្តល់នូវរបបអាហារសុខភាព សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕

 

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង