ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ សង្កត់ធ្ងន់លើសិទ្ធិទទួលបានអាហារ ដើម្បីជីវិត និងអនាគតកាន់តែប្រសើរ

ថ្ងៃសុក្រ ទី១៨ ខែតុលា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 131
1

ក្រុងកែប - ទិវាស្បៀងអាហារពិភពលោកបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៦ ខែតុលា ។ កម្ពុជាបានចូលរួមជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីចូលរួមអបអរទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទសិទ្ធិទទួលបានអាហារ ដើម្បីជីវិតនិងអនាគតកាន់តែប្រសើរដោយព្រឹត្តិការណ៍នៃការរំលឹកខួបនេះធ្វើឡើងនៅកីឡដ្ឋានក្រុងកែប ខេត្តកែប  

 

ការប្រារព្ធទិវាស្បៀងអាហារពិភពលោកលើកទី៤៤ ឆ្នាំនេះ ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើប្រធានបទដ៏សំខាន់ដែលជួយក្រឿនរំឮកដល់ប្រជាជនទាំងអស់ឱ្យបានដឹងថា គ្រប់គ្នាមានសិទ្ធិទទួលបានអាហារគ្រប់គ្រាន់ និងប្រកបដោយជីវជាតិ ។ ទន្ទឹមគ្នានេះ ទិវាស្បៀងអាហារពិភពលោកបានគូសបញ្ជាក់ពីភាពចាំបាច់នៃលទ្ធភាពទទួលបានអាហារ ការប្រើប្រាស់ ព្រមទាំងភាពសម្បូរបែប និងលក្ខខណ្ឌតម្លៃសមស្រប ដែលមនុស្សគ្រប់រូបអាចទទួលយកបាន ។ 

 

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ទៅកាន់អ្នកចូលរួមដោយសង្កត់ធ្ងន់លើការអនុវត្តរបរកសិកម្មប្រកបដោយនិរន្តរភាព ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបានស្បៀងប្រើប្រាស់គ្រប់គ្រាន់ ។ 

 

ចំណែកលោក អេះសាន់ ខាបៀរ មន្ត្រីជំនាញផ្នែកទំនាក់ទំនង និងជាតំណាងរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) មានប្រសាសន៍ថា លើកកម្ពស់សន្តិសុខស្បៀងប្រកបដោយផ្លែផ្កា ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រ ។ បន្ថែមលើនេះ យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងសន្តិសុខស្បៀងសម្រាប់ពេលអនាគត។ កិច្ចខិតខំប្រឹងប្រែងរបស់យុវជននាថ្ងៃនេះ នឹងសាបព្រោះលទ្ធផលជាវិជ្ជមាននៅថ្ងៃខាងមុខ ។

 

បើតាមអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានឱ្យដឹងថា ទោះបីជាកសិករនៅលើពិភពលោកបានផលិតកាឡូរីច្រើនគ្រប់គ្រាន់យ៉ាងណាក្តី ក៏ប៉ុន្តែនៅមានប្រជាជនប្រមាណ ៧៣០លាននាក់នៅតែប្រឈមនឹងភាពអត់ឃ្លាន ដែលបង្កដោយកត្តាមនុស្ស និងគ្រោះមហន្តរាយធម្មជាតិ រួមមាន បញ្ហាសង្គ្រាម ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ វិសមភាព និងការធ្លាក់ចុះនៃវិស័យសេដ្ឋកិច្ច ។ ជាងនេះទៅទៀតមនុស្សប្រមាណជាង ២.៨ ពាន់លាននាក់មិនទាន់មានលទ្ធភាពទទួលបានរបបអាហារសុខភាពត្រឹមត្រូវ ដែលជាមូលហេតុបង្កឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងផលប៉ះពាល់ដល់គុណភាពជីវិតរស់នៅរបស់មនុស្សស្ទើរមួយភាគបីនៃប្រជាជនពិភពលោក ។

 

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង