អង្គរជុំក្លាយជាស្រុកទី១ ក្នុងខេត្តសៀមរាប បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង
សៀមរាប - មន្ត្រីជំនាញលើកកម្ពស់អនាម័យ និងអាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ថា ស្រុកអង្គរជុំ ក្លាយជាស្រុកគោលដៅមុនគេក្នុងខេត្ត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលពេញលេញទាំងស្រុង នៅក្នុងដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ ។ ការលើកឡើងនេះ នៅក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១២ នៅស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ ។
លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។ ស្របគ្នានេះ រដ្ឋបាលខេត្តសៀមរាបកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងអភិវឌ្ឍន៍តាមមូលដ្ឋាន លើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទូទាំងខេត្ត ។
លោក ង៉ាន់ ភិរុណ បានបន្តថា ស្រុកអង្គជុំអត្រាអនាម័យបានគ្របដណ្តប់ ៩៩,៥៣ភាគរយ ពោលនៅសល់តែពលរដ្ឋចំនួន៧០ខ្នងផ្ទះប៉ុណ្ណោះដែលមិនទាន់មានបង្គន់អនាម័យបន្ទោរបង់ពាសវាលពាសកាល និងកំពុងប្រើបង្គន់អនាម័យរួមគ្នា ។
សូមជម្រាបថា កាលពីឆ្នាំ២០២០ កន្លងទៅ ខេត្តសៀមរាប មានអត្រាផ្គត់ផ្គង់ទឹកស្អាតមានរហូតដល់ទៅ ៧៥,៦០ភាគរយ និងអត្រាគ្របដណ្តប់អនាម័យមានចំនួន ៧៩,១០ភាគរយ ហើយនៅក្នុងឆ្នាំ ២០២១ ខេត្តសៀមរាប មានភូមិដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលចំនួន ២៥៥ភូមិ និងឃុំមានចំនួន ១៥ឃុំ ៕