អូរជុំក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមុនគេបង្អស់ក្នុងខេត្តរតនគិរី
រតនគិរី - មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី អង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូអភិវឌ្ឍន៍បានប្រារព្វទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១២ ឆ្នាំ២០២១ លើប្រធានបទ «គុណតម្លៃនៃការអនុវត្តអនាម័យ និងការសំអាត» និងពិធីប្រកាសជាផ្លូវការ ស្រុកអូរជុំជា ស្រុកបញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាល (ODF) ដែលប្រារព្ធឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកអូរជុំ ខេត្តរតនគិរី ។
ពិធីនេះមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានក្រុមការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រចាំខេត្តរតនគិរី និងតំណាងនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ។
ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារ:សំខាន់អនាម័យ និងបង្កើនលទ្ធភាពទទួលបានព័ត៌មានអំពីអនាម័យនៅតាមសហគមន៍ជនបទនៅកម្ពុជា ទទួលបានចំណេះដឹង និងបទពិសោធន៍ពីការអនុវត្តអនាម័យបានល្អត្រឹមត្រូវ ដើម្បីពន្លឿនការងារឈានទៅសម្រេចឱ្យបានការអនុវត្តសកម្មភាពលើកកម្ពស់អនាម័យជនបទ ។
លោក ធូ ឃឿ អភិបាល នៃអភិបាលស្រុកអូរជុំ ខេត្តរតនគិរី មានប្រសាសន៍ថា មុនស្រុកអូរជុំក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ស្រុកបានចំផែការស្រុកនិងឃុំដោយដាក់ទិសដៅការងារចំពោះវិស័យទឹកស្អាត និងអនាម័យប្រចាំឆ្នាំ និងធ្វើរបាយការណ៍បច្ចុប្បន្នភាព ។ ទន្ទឹមគ្នានេះ ស្រុកបានបញ្ជ្រាបរបៀបវារៈក្នុងកិច្ចប្រជុំបញ្ជាការឯកភាព ឃុំនីមួយៗត្រូវរាយការណ៍ពីស្ថានភាពទឹកស្អាតនិងអនាម័យនៅដែនសមត្ថកិច្ចរបស់ខ្លួន និងបញ្ចូលវិស័យទឹកស្អាត និងអនាម័យផែនការវិនិយោគរបស់ឃុំ ។
អភិបាលស្រុកអូរជុំ បានបញ្ជាក់បន្ថែមថា ស្រុកចាត់តាំងមន្ត្រីសាលាស្រុក ម្នាក់ទទួលបន្ទុកការងារទឹកស្អាត និងអនាម័យដើម្បីមានភាពច្បាស់លាស់ក្នុងការទទួលខុសត្រូវ និងស្រួលសម្របស្រួលជាមួយអ្នកពាក់ព័ន្ធ និងធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាព ។ លើសពីនេះស្រុកបានគិតគូររិៈរកមធ្យោបាយគ្រប់គ្រងកាកសំណល់ប្លាស្ទិក ដើម្បីរក្សាភូមិដ្ឋានមិនមានសំរាមតាមគ្រួសារ ឬទីសាធារណៈ ។
ក្នុងឆ្នាំ២០១៥ ក្រោមកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ និងមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្តើមអនុវត្តគម្រោងទឹកស្អាត និងអនាម័យ ហើយបច្ចុប្បន្ននេះស្រុកអូរជុំនៃខេត្តរតនគិរីបានសម្រេចបានស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ ២០២១ ។
ស្រុកអូរជុំជាស្រុកមួយក្នុងចំណោមស្រុកទាំង៨ និងក្រុងមួយនៃខេត្តរតនគិរី មានចម្ងាយពីទីរួមខេត្ត ០៨គីឡូម៉ែត្រធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣៧-៥ (៧៨A) ។ ស្រុកអូរជុំចែកចេញជា ០៧ឃុំ និង ៣៧ភូមិ ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋសរុបចំនួន ២៣,៧៣១នាក់ ស្រី្ត ១១,៩០២នាក់ ចំនួនគ្រួសារសរុបមាន ៦,០១៦គ្រួសារ ក្នុងនោះមានជនជាតិប្រមាណ ០៧ជាតិសាសន៍ដូចជា ជនជាតិខែ្មរ ទំពួន ព្រៅ គ្រឹង ឡាវ ចាម វៀតណាម កួយ ជាដើម។ ប្រជាជនប្រកបប្រកបមុខរបរកសិកម្ម ដាំដំណាំរួមផ្សំ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។
លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា៖ «ក្នុងនាមជាតំណាងនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូអភិវឌ្ឍន៍ ខ្ញុំសូមចូលរួមអបអរសាទរដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកអូរជុំ និងខេត្តរតនគិរី ដែលបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃនេះ។ ស្រុកអូជុំជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេក្នុងខេត្តរតនគិរី និងទីមួយនៅភាគឦសាននៃប្រទេសកម្ពុជា»។
លោកបន្ថែមទៀតថា ទឹកស្អាត និងអនាម័យគឺជាកម្មវិធីស្នូលមួយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលប្រជាជនប្រមាណ ១,៥ លាននាក់រស់នៅក្នុង ៣សែនពីរម៉ឺនគ្រួសារ ក្នុង ១ពាន់ប្រាំរយភូមិក្នុងខេត្តចំនួន១៣ ទទួលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល សហគមន៍ដឹកនាំអនុវត្តអនាម័យ (CLTS) ។ កុមារប្រមាណ ៥សែននាក់ ជាពិសេសកុមារី ២សែនប្រាំមួយម៉ឺននាក់ ដែលរស់នៅក្នុងសហគមន៍ទាំងនោះ ឥឡូវនេះកំពុងរស់នៅប្រកបដោយសុខភាពល្អនៅក្នុងបរិស្ថានស្អាត ។
សូមជម្រាបថា អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី។ យើងខិតខំដើម្បី ពិភពលោកដ៏យុត្តិធម៌មួយ ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ និងដៃគូ ។ ដោយមានបទពិសោធជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិមានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសឱ្យរៀន ដឹកនាំ សម្រេចចិត្ត និងលូតលាស់ និងបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ។