ស្ត្រីមានផ្ទៃពោះនិងទារកក្នុងផ្ទៃមានសុខភាពល្អ ម្តាយគួរបរិភោគអាហារក្នុងពេលឱ្យបាន ៤ដងក្នុងមួយថ្ងៃ
ភ្នំពេញ - ស្ត្រីក្នុងវ័យបន្តពូជជាច្រើននាក់នៅកម្ពុជាមានទម្លាប់បរិភោគអាហារដែលគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ទាំងមុននិងក្នុងអំឡុងពេលមានផ្ទៃពោះ និងក្នុងពេលបំបៅដោះកូន ។ ការសិក្សាស្រាវជ្រាវដោយអង្គការ IDE និង MRA នៅឆ្នាំ២០១៦ បានរកឃើញថា ស្ត្រីនិងបុរសកម្ពុជាជាច្រើននាក់យល់ដឹងពីអ្វីដែលស្ត្រីគួរធ្វើក្នុងអំឡុងពេលមានផ្ទៃពោះ ។ ផ្ទុយទៅវិញពួកគាត់ពុំដឹងថា តើប្រភេទអាហារអ្វីដែលស្ត្រីគួរបរិភោគ សម្បូរដោយសារជាតិចិញ្ចឹម ឬបរិមាណអាហារកម្រិតណាដែលត្រូវបរិភោគ ជួយឱ្យស្ត្រីមានផ្ទៃពោះមានសុខភាពល្អ ។
អ្នកជំនាញអាហារូបត្ថម្ភ បានឱ្យដឹងថា កត្តាទាំងនេះអាចកើតមានឡើងដោយសារតែស្ត្រីពុំបានទទួលការផ្ដល់ប្រឹក្សាស្តីពីអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ ពេលមកពិនិត្យផ្ទៃពោះនៅតាមមណ្ឌលសុខភាព ។ លើសពីនេះ ស្ត្រីមានផ្ទៃពោះ ដែលរស់នៅតំបន់ជនបទភាគច្រើនទៅពិនិត្យផ្ទៃពោះមិនគ្រប់ចំនួនដង និងចាប់ផ្ដើមទៅពិនិត្យផ្ទៃពោះយឺតយ៉ាវ បើធៀបនឹងស្ត្រីដែលរស់នៅទីប្រជុំជន ។
ការសិក្សាស្រាវជ្រាវ ក៏បានរកឃើញថា ស្ត្រីមានផ្ទៃពោះជាច្រើននាក់យល់ខុសថា គួរបរិភោគអាហារតិចតួចដើម្បីចៀសវាងការពិបាកសម្រាលកូន ដោយសារខ្លាចកូនថ្លោស ។ អ្នកជំនាញសុខភាពសាធារណៈបានបញ្ជាក់ថា នេះជាការយល់ខុសធ្ងន់ធ្ងរមួយ ។ ទន្ទឹមគ្នានេះ គម្លាតយេនឌ័រក៏អាចមានឥទ្ធិពលលើបញ្ហាកង្វះអាហារូបត្ថម្ភរបស់មាតាផងដែរ ។ តាមទម្លាប់ជាពិសេសនៅតាមគ្រួសារក្រីក្រ បុរសទទួលបានអាហារល្អជាងគេ និងតែងតែបរិភោគមុនកុមារ និងស្ត្រី ។ កត្តាទាំងនេះមិនត្រឹមតែធ្វើឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភរបស់មាតាប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលលើក្មេងស្រីជំទង់និងសុខភាពបន្តពូជរបស់ពួកគេ នៅពេលក្រោយទៀតក្នុងជីវិតរបស់ពួកគេផងដែរ ។
ថ្មីៗនេះនៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន រៀបចំដោយអង្គការ អង្គការ Helen Keller និងគម្រោង MUSEFO របស់អង្គការ GIZ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភ មានប្រសាសន៍ថា ដើម្បីឱ្យស្ត្រីមានផ្ទៃពោះនិងទារកក្នុងផ្ទៃមានសុខភាពល្អ ស្រ្តីមានផ្ទៃពោះគូរតែបរិភោគអាហារក្នុងពេលឱ្យបាន ៤ដងក្នុងមួយថ្ងៃ និងមានអាហារក្រៅពេលផងដែរ ។
លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភ ៖ “ពួកគេគួរបរិភោគអាហារចម្រុះមុខពោល គឺយ៉ាងហោចណាស់ឱ្យបានប្រាំប្រភេទក្នុងចំណោម ១០ប្រភេទ រួមទាំងបាយ ត្រី សាច់ ស៊ុត បន្លែពណ៌បៃតង ផ្លែឈើលឿងទុំ គ្រាប់ធញ្ញជាតិ ពពួកសណ្តែក ជាដើមដែលចេញមកពីអាហារបីក្រុម ។ ការបរិភោគអាហារចម្រុះមុខ ឱ្យបាន ៤ដងក្នុងមួយថ្ងៃព្រមទាំងអាហារក្រៅពេលនេះ ស្ត្រីមានផ្ទៃពោះមានសុខភាពល្អធម្មតា ត្រូវការកើនទម្ងន់ឱ្យបានពី ១១,៥ ទៅ ១៦គីឡូក្រាមក្នុងអំឡុងពេលមានផ្ទៃពោះ”។
មន្ត្រីជំនាញអាហារូបត្ថម្ភ បានបន្ថែមទៀតថា លើសពីនេះស្រ្តីមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះមុនពេលសម្រាលយ៉ាងតិចបំផុតឱ្យបាន ៤ដង និងត្រូវលេបគ្រាប់ថ្នាំជាតិដែក ឬហ្វូលិកអាស៊ីតរាល់ថ្ងៃ សម្រាប់រយៈពេល ៩០ថ្ងៃ ។ ម្យ៉ាងទៀតស្រ្តីមានផ្ទៃពោះត្រូវរក្សាសន្ទស្សន៍ម៉ាស់រាងកាយឲ្យបានពី ១៨.៥ ទៅដល់ ២៤.៩ ដើម្បីធានាបានសុខភាពល្អ ។ ស្របគ្នានេះ ស្រ្តីមានផ្ទៃពោះត្រូវលេបថ្នាំទំលាក់ព្រូន ១ដូស និងចាក់ថ្នាំបង្ការជំងឺតេតាណូសផងដែរ ។
លោកស្រី បានបញ្ជាក់បន្ថែមលើនេះ ស្រ្តីមានផ្ទៃពោះក៏ត្រូវតែអនុវត្តអនាម័យខ្លួនប្រាណនិងចំណីអាហារជាប្រចាំ ដើម្បីសុវត្តិភាពនិងសុខភាពទាំងម្តាយទាំងកូន ។ ជាចុងក្រោយស្រ្តីមានផ្ទៃពោះនិងក្រុមគ្រួសារគួរត្រៀមរៀបចំបំបៅដោះកូនក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ជៀសវាងការបំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្ត ដោយសារតែកុមារបៅទឹកដោះគោម្សៅផ្សំតាមរូបមន្តមានជំងឺច្រើន គ្មានអង្គបដិបក្ខការពារជំងឺ ចំណាយថវិកាគ្រួសារព្យាបាលជំងឺញឹកញាប់ កុមារមិនឆ្លាតវៃ រៀនមិនពូកែ និងមានហានិភ័យខ្ពស់បណ្ដាលឱ្យស្លាប់ ។
សូមជម្រាបថា ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របានរកឃើញថា ទឹកដោះម្តាយមានសារជាតិចិញ្ចឹមទាំងអស់ដែលទារកអាយុក្រោម ៦ខែត្រូវការ ដូច្នេះមិនត្រូវផ្តល់អាហារអ្វីក្រៅពីទឹកដោះម្តាយឡើយ ។ ទារកបៅទឹកដោះម្តាយបានពេញលេញមានសុខភាពល្អប្រសើរ ឈ្នះជំងឺគ្រប់ប្រភេទ មានអង្គបដិបក្ខការពារសុខភាពកុមារយ៉ាងរឹងមាំនិងអស្ចារ្យ ។ កុមារបៅទឹកដោះម្តាយពេញលេញមានទំហំខួរក្បាលធំជាងកុមារផ្សេងទៀត និងមានពិន្ទុការវៃឆ្លាត ២.៦ ខ្ពង់ជាងកុមារមិនបានបំបៅទឹកដោះម្តាយបានពេញលេញ ។ ការបៅកូនដោយទឹកដោះម្តាយជួយសន្សំថវិកាគ្រួសារ និងជួយដល់សេដ្ឋកិច្ចជាតិ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញសុខាភិបាលកម្ពុជាកន្លងទៅ ៕