បំពង់បឺតធ្វើពីអង្ករនៅខេត្តពោធិ៍សាត់ កំពុងបង្ហាញវត្តមាននៅតាមទីផ្សារនិងហាងមួយចំនួននៅភ្នំពេញ
សហគ្រាសធីខេ & ឌី ដែលមានទីតាំងនៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកែច្នៃបំពង់បឺត ធ្វើអំពីអង្ករខ្មែរ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។ បច្ចុប្បន្ននេះ បំពង់បឺត ធ្វើអំពីអង្ករខ្មែរ ដំឡូង និងពោត មានលក់ទៅទីផ្សារម៉ាក្រូ ហាងស្នាដៃម៉ែ និងហាងមួយចំនួនទៀត នៅរាជធានីភ្នំពេញនិងខេត្តមួយចំនួន។
លោកស្រី ទិត សុខុម អគ្គនាយិកាក្រុមហ៊ុន ធីខេ & ឌី មេនូហ្វេកធឺរី បានបង្ហាញថា ការបង្កើតសហគ្រាស កែច្នៃកែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករ ដំឡូង និងពោតខ្មែរនេះ កាលពីឆ្នាំ២០២១ ដើម្បីផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋនៅកម្ពុជា ក្នុងគោលបំណងចូលរួមចំណែក លុបបំបាត់កាកសំណល់ប្លាស្ទិក ជួយបរិស្ថាន ហើយក៏ជួយកូនខ្មែរយើងមានការងារធ្វើផងដែរ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏លើកទឹកចិត្តដល់សហគ្រាសកែច្នៃបំពង់បឺត ធ្វើអំពីអង្ករខ្មែរ និងជំរុញឲ្យសាធារណជន អាចឈប់ប្រើប្រាស់បំពង់បឺតធ្វើអំពីប្លាស្ទិកបាននៅពេលនេះ។
គួរបញ្ជាក់ថា សហគ្រាស TK & D បានដំណើរការជាផ្លូវការកាលពីខែកញ្ញា ឆ្នាំ២០២១ ដោយផលិតផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង៕