GIZ គាំទ្រគម្រោងលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងទីក្រុងទេសចរណ៍ ០៣ ក្នុងប្រទេសអាស៊ាន

ថ្ងៃសៅរ៍ ទី០៨ ខែតុលា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 436
1

សៀមរាប - គម្រោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានជ្រើសរើសទីក្រុងអាស៊ានចំនួន ០៣ រួមមាន ខេត្តសៀមរាប (កម្ពុជា), ខេត្តវ៉ាងវៀង (ឡាវ), និងខេត្តដាឡាត (វៀតណាម) ជាទីក្រុងសាកល្បងលើការគ្រប់គ្រងសំណល់រឹងប្រកបដោយនិរន្តរភាព ។ នេះបើផ្អែកតាមជំនួបរវាងឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈ អភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីជំនាញ និងលោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ កាលពីថ្ងៃទី០៤ ខែកញ្ញា កន្លងទៅនៅសាលាខេត្តសៀមរាប ។ 

 

ឯកឧត្តម យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍សាទរនឹងគម្រោងជ្រើសរើសយកខេត្តសៀមរាប ជាក្រុងអនុវត្តសាកល្បងលើការគ្រប់គ្រងកាកសំណល់រឹង ព្រមទាំងគាំទ្រការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាពនៅក្នុងទីក្រុងទេសចរណ៍ខ្នាតមធ្យម ។ 

 

ចំណែកលោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មានប្រសាសន៍ថា គម្រោងសាកល្បងលើការគ្រប់គ្រងប្រកបដោយនិរន្តរភាព នឹងចូលរួមចំណែកធ្វើឱ្យគុណភាពបរិស្ថានកាន់ប្រសើរឡើងសម្រាប់ក្រុងទេសចរណ៍ខ្នាតមធ្យមនៅក្នុងតំបន់អាស៊ាន ។  តាមរយៈការពង្រឹងសមត្ថភាពទុកដាក់សំណល់ចុងក្រោយ និងកែច្នៃសំណល់ឡើងវិញប្រកបដោយប្រសិទ្ធភាព ព្រមទាំងគិតគូរពីតួនាទីរបស់យេនឌ័រនៅក្នុងទីក្រុងទេសចរណ៍គោលដៅ ។ 

 

គួរបញ្ជាក់ថា តាមរយៈការអនុវត្តគម្រោងខាងលើភាគីទាំងពីរជឿជាក់ថា នឹងរួមចំណែកសម្រេចផែនការមេរបស់សហគមន៍សង្គមវប្បធម៌អាស៊ាន ឆ្នាំ២០២៥ ដែលជាគោលដៅរបស់អាស៊ាន ។ គម្រោងនេះ បានផ្តល់មូលនិធិដោយក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ដែលអនុវត្តដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ក្នុងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយលេខាធិការដ្ឋានអាស៊ាន ៕

 

 

 

អត្ថបទពេញនិយម