អភិបាលខេត្តកណ្តាល ៖ រដ្ឋបាលខេត្តមានគោលដៅបញ្ចប់បញ្ហាសំរាមគ្មានសណ្តាប់ធ្នាប់ក្នុងក្រុងទាំងមូល

ថ្ងៃសៅរ៍ ទី២៧ ខែសីហា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 878
1

ខេត្តកណ្តាល - រដ្ឋបាលខេត្តកណ្តាលសហការជាមួយអង្គការសំអាតទន្លេ-សមុទ្រ (River Ocean Cleanup) នៅរសៀលថ្ងៃសុក្រម្សិលមិញ បានចុះប្រមូលសំរាមសំអាតច្រាំងដងស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។ ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តបានផ្សព្វផ្សាយសារអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីរបៀបទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុងតាខ្មៅទាំងមូលបញ្ចប់បញ្ហាសំរាម មានបរិស្ថានស្អាតនិងរៀបរយ អនាម័យល្អ ព្រមទាំងមានផាសុកភាពសម្រាប់ការរស់នៅ។

 

 

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ការចុះបើកយុទ្ធនាការសម្អាតសំរាម នៅតំបន់មាត់ស្ទឹងព្រែកត្នោតនេះ គឺមានគោលដៅបញ្ចប់បញ្ហាសំរាម ដើម្បីជួយលើក កម្ពស់ធនធាន ធម្មជាតិ និងជីវចម្រុះ នៅក្នុងទន្លេ ព្រមទាំងរួមចំណែកជួយបង្កើនការយល់ដឹង ដល់ប្រជា ពលរដ្ឋដែលរស់នៅតាមដងទន្លេ ពិសេសផ្តោតលើការទុកដាក់វេចខ្ចប់សំរាមនៅតាមផ្ទះ ឱ្យបានត្រឹមត្រូវ។ 

 

ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា៖យុទ្ធនាការនេះធ្វើឡើងដើម្បីជួយជំរុញនិង បំផុសឱ្យមានការចូលរួមពីសាធារណជន ភាគីពាក់ព័ន្ធទាំងអស់ គោលដៅធ្វើឱ្យទន្លេស្អាត គ្មានសំរាម និងចូលរួមសំអាតបរិស្ថានគ្រប់ទីកន្លែងគ្រប់ពេលវេលា 

 

សូមជម្រាបថា នៅក្នុងយុទ្ធនាការសំអាតបរិស្ថានខាងលើនេះ ឯកឧត្តមអភិបាលខេត្តកណ្តាល ក៏បានលើកឡើងថា បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា សង្គមកម្ពុជាមាន បរិស្ថានស្អាត និងមានភាពបៃតង គឺកើតចេញពីពលរដ្ឋម្នាក់ៗចូលរួមសកម្មភាពបរិស្ថាន មេត្រីភាពបរិស្ថានប្រកបដោយការទទួលខុសត្រូវ និងដោយស្មារតីស្រឡាញ់បរិស្ថានខ្ពស់។ 

 

យុទ្ធនាការសំអាតនាថ្ងៃសុក្រ ទី២៦ ខែសីហានេះ ជាបេសសកកម្មសំអាតទន្លេជាប្រវត្តិសាស្រ្ត សហការជាមួយអង្គការសំអាតទន្លេ-សមុទ្រ (River Ocean Cleanup), ក្រុមហ៊ុន We are everwave, Cambrew LTD, អាជ្ញាធរមូលដ្ឋាន, ប្រជាពលរដ្ឋ, យុវជនសសយក, ក្រុមកាកបាតក្រហម, សិស្សានុសិស្ស, និងក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី  រួមគ្នាបញ្ចប់បញ្ហាការបំពុលទឹកទន្លេដោយកាកសំណល់បោះចោលគ្មានសណ្តាប់ធ្នាប់ ជាពិសេសសំណល់ប្លាស្ទិក៕

 

 

 

អត្ថបទពេញនិយម