គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ LOLC លើកទឹកចិត្តបន្ថែម ៥លានរៀលដល់ម្ចាស់ជ័យលាភីអត្ថបទព័ត៌មានឆ្នើមទាំងប្រាំរូប

ថ្ងៃច័ន្ទ ទី០៨ ខែសីហា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 945
1

ភ្នំពេញ - អ្នកសារព័ត៌មានឆ្នើម ០៥ រូប ដែលទទួលជ័យលាភីសំណេរអត្ថបទលើប្រធានបទ ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា” បានទទួលទឹកប្រាក់លើកទឹកចិត្តប្រាំលានរៀលពីគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ LOLC ។ ការឧបត្ថម្ភទឹកប្រាក់បន្ថែមនេះ បំណងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មាន ដើម្បីចងក្រងព័ត៌មានលើកកម្ពស់ចំណេះដឹងស្តីពីការប្រើប្រាស់ហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពទៅកាន់សាធារណជន។

 

 

អ្នកសារព័ត៌មានជ័យលាភីទាំង ០៥ រូប រួមមាន កញ្ញា អ៊ូ សុខមាន (លេខ១)អ្នកស្រី អ៊ីសា រ៉ហ៊ីណី (លេខ២)លោក ស៊ី ម៉ាណេត (លេខ៣)កញ្ញា សាន ស្រីនិច (លេខ៤)និងលេខ៥ លោក ម៉ៅ សំណាង ។ តាមរយៈទឹកប្រាក់គាំទ្រលើកទឹកចិត្តបន្ថែម អ្នកសារព័ត៌មានម្នាក់ៗ ទទួលបានប្រាក់ចំនួនមួយលានរៀលលើរង្វាន់ដែលកម្មវិធីរៀបចំជូន។

 

បើតាមអ្នករៀបចំកម្មវិធីជ័យលាភីលេខ១ ទទួលបានរង្វាន់ជាថវិកាចំនួន ៤លានប្រាំបីសែនរៀល លិខិតសរសើរ និងពានមួយ។ ជ័យលាភីលេខ២ ទទួលបានរង្វាន់ ៤លានរៀល លិខិតសរសើរ និងពានមួយ។ ជ័យលាភីលេខ៣ ទទួលបានរង្វាន់ ៣លានពីរសែនរៀល លិខិតសរសើរ និងពានមួយ។ ជ័យលាភីលេខ៤ ទទួលបានថវិកា ១លានប្រាំមួយសែនរៀល លិខិតសរសើរ និងពានមួយ និងជ័យលាភីលេខ៥ ទទួលបានថវិកាចំនួន ១លានពីរសែនរៀល លិខិតសរសើរ និងពានមួយ។ 

 

នាពិធីប្រកាសលទ្ធផលអ្នកសារព័ត៌មានឆ្នើម កាលពីថ្ងៃទី០៥ ខែសីហា នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMAនិងជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC មានប្រសាសន៍ថា អ្នកសារព័ត៌មានជាបុគ្គលចាំបាច់ក្នុងការផ្សព្វផ្សាយព័ត៌មានថ្មីៗ ទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុ ព្រមទាំងចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់សាធារណជន។

 

 

ទន្ទឹមគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ៖ ខ្ញុំសូមលើកទឹកចិត្តដល់សមាជិកសមាគមគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទាំងអស់ ឱ្យបង្កើតរបៀបធ្វើការជាមួយអ្នកសារព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់វិស័យទាំងមូលហិរញ្ញវត្ថុទាំងមូល

 

សូមជម្រាបដែរថា កម្មវិធីប្រកាសលទ្ធផលអ្នកសារព័ត៌មានឆ្នើមចងក្រងអត្ថបទស្តីពីចំណេះដឹងហិរញ្ញវត្ថុ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្លឹបអ្នកកាសែតកម្ពុជា តំណាងធនាគារជាតិ ព្រមទាំងតំណាងស្ថាប័ននិងសមាជិកសមាគមធនាគារនៅកម្ពុជា សមាគមគមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងអ្នកចូលរួមសរុបជាង ១០០នាក់។ 

 

កម្មវិធីប្រកួតប្រជែងអត្ថបទសារព័ត៌មានប្រធានបទ ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា” ខាងលើ រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមគមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ មុនរៀបចំកម្មវិធីសមាគមធនាគារនៅកម្ពុជា និងសមាគមគមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏បានរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងស្តីពីហិរញ្ញវត្ថុទៅដល់អ្នកសារព័ត៌មានផងដែរ៕ 

 

អត្ថបទពេញនិយម