ក្រសួងបរិស្ថានបំពាក់និងប្រគល់គ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃបំពេញការងារ ៥៩៦រូប

ថ្ងៃអាទិត្យ ទី៣០ ខែតុលា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 344
1

ភ្នំពេញ - ក្រសួងបរិស្ថានបានបំពាក់និងប្រគល់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃបំពេញការងារ ៥៩៦រូប ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួង នាព្រឹកថ្ងៃអាទិត្យនេះ នៅទីស្តីការក្រសួងបរិស្ថាន ។ ទន្ទឹមគ្នានេះ ក្រសួងក៏បានប្រគល់ប័ណ្ណសរសើរជូនដល់មន្ត្រីមានស្នាដៃផ្សេងៗ ចំនួន ១០១៨រូប ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា កន្លងទៅមន្ត្រីបរិស្ថានបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុបរិស្ថាន ក៏ដូចជាជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។ ក្នុងនាមរាជរដ្ឋាភិបាល និងឯកឧត្តមផ្ទាល់បានទទួលស្គាល់ការលះបង់របស់មន្ត្រីបរិស្ថានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើររបស់កម្ពុជា ក្នុងការកសាង អភិវឌ្ឍន៍ និងស្តារឡើងវិញនូវសង្គមជាតិថ្មី បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ 

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កិច្ចការងាររបស់មន្ត្រីរាជការក្រសួងបរិស្ថាន មិនត្រឹមតែការការពារ អភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមកសាងសង្គមជាតិថ្មី ហើយកម្ពុជាត្រូវតែមានឯកភាពជាតិមួយ បើទោះបីជាបុគ្គលម្នាក់ៗមានគំនិតខុសគ្នាក៏ដោយ ប៉ុន្តែសម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន គឺត្រូវតាំងចិត្តខ្ពស់ ។

គួរបញ្ជាក់ថា គ្រឿងឥស្សរិយយសឆ្នាំ២០២១ - ២០២២ ខាងលើបានប្រគល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត រួមបញ្ចូលបុគ្គលិកផ្នែកសន្តិសុខ អនាម័យ អគ្គិសនី និងថែសួន ដែលបានខិតខំបំពេញការងារ និងមានស្នាដៃល្អប្រសើរ ។

មន្ត្រីបរិស្ថានទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ២០រូបមេដាយសុវត្ថារាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ១១រូបមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា ចំនួន ១៥រូបមេដាយសុវត្ថារាថ្នាក់មហាសេនា ចំនួន ០៥រូបមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន ០៦រូបមេដាយសុវត្ថារាថ្នាក់ធិបឌិន្ទ ចំនួន ១៤រូប,មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ចំនួន ១៥រូបមេដាយសុវត្ថារាថ្នាក់សេនា ចំនួន ២៦រូបមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឬទិ្ធ ចំនួន ០៤រូបមេដាយសុវត្ថារាថ្នាក់អស្សឬទ្ធិ ចំនួន ៦៧រូបមេដាយមាសការងារ ចំនួន ៦២រូបមេដាយប្រាក់ការងារ ចំនួន ៨៨រូប និងមេដាយសំរឹទ្ធិ ចំនួន ២៦២រូប ។

បន្ថែមលើនេះ ក្រសួងបរិស្ថានក៏មានកម្មវិធីប្រគល់រង្វាន់ ប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់អង្គភាពជ័យលាភីក្នុងការប្រឡងប្រណាំងអង្គភាពគំរូ និងប្រគល់ពានរង្វាន់និងប័ណ្ណសរសើរជូនដល់បេក្ខជនជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងសិល្បៈថ្នាក់ជាតិ ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្តីពីអូហ្សូនចំពោះបរិយាកាស ឆ្នាំ២០២២ ផងដែរ ៕

អត្ថបទពេញនិយម