ខេត្តកណ្តាលមានស្រុកចំនួន៤ ក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
ខេត្តកណ្ដាល - បើកទំព័រដើមខែកុម្ភៈ ឆ្នាំ២០២២ ក្នុងចំណោមក្រុង -ស្រុកទាំង១១ នៃខេត្តកណ្ដាល ស្រុកចំនួន០៤ រួមមាន ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល និងស្រុកលើកដែក បានក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ឬស្រុក ODF មុនគេក្នុងខេត្ត ។ ស្រុកបួនទាំងនេះ ប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់ស្ទើគ្រប់ខ្នងផ្ទះ ទឹកស្អាតប្រើប្រាស់ និងរស់នៅមានបរិស្ថានល្អ បានប្រកាសទទួលស្គាល់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរដល់អាជ្ញាធរស្រុកទាំង៤ និងជំរុញដល់អភិបាលក្រុង-ស្រុកចំនួន៧ទៀត ត្រូវចូលរួមសហការ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យខេត្តកណ្តាលសម្រេចលទ្ធផលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនៅឆ្នាំ២០២២ តាមការប្តេជ្ញារបស់រដ្ឋបាលខេត្ត។
ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវដល់ដៃគូពាក់ព័ន្ធនានាទាំងអស់ បន្តការចូលរួមនិងសហការសម្រាប់សកម្មភាពលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គតផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍បញ្ជាក់ថា ៖ “ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ រាជរដ្ឋាភិបាលបាន និងគោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្តីពីកំណត់នូវទស្សនៈវិស័យ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងរស់នៅក្នុងនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ បរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព”។
ទន្ទឹមគ្នានេះលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកណ្តាល បានឱ្យដឹងដែរថា ខេត្តកណ្តាល គ្រួសារមានទឹកស្អាតប្រើប្រាស់មាន ៨៤.១% និងគ្រួសារទម្លាប់ទទួលទានទឹកស្អាត មាន ៩៤.៧%។ ចំពោះស្ថានភាពអនាម័យ ខ្នងផ្ទះមានបង្គន់អនាម័យប្រើ មាន ៩៥% ឯខ្នងផ្ទះប្រើបង្គន់រួមមាន ៤.៥% ចំណែកខ្នងផ្ទះដែលគ្មានបង្គន់អនាម័យប្រើ មាន ០.៥% ស្មើនឹង ១,៣៥១ ខ្នងផ្ទះទៀតតែប៉ុណ្ណោះ។ ចំពោះស្រុកបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល(ODF) បច្ចុប្បន្នសម្រេចបានចំនួន ៤ស្រុក ៥៣ឃុំ និង៤៤៥ភូមិ ។
ចំណែកឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបនបទ បានជួយឱ្យប្រជាពលរដ្ឋនៅតំបន់ជនបទមានទឹកស្អាតប្រើប្រាស់ រស់នៅមានអនាម័យស្អាត មានបរិស្ថានល្អ កាត់បន្ថយជំងឺឆ្លងផ្សេងៗតាមរយៈទឹកមិនស្អាត ប្រជាជនមានទម្លាប់បន្ទោបង់ក្នុងបង្គន់អនាម័យ ព្រមទាំងបានជួយសន្សំសំចៃថវិកាប្រជាពលរដ្ឋក្នុងស្រុកនីមួយៗ ។
ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍បន្តថា ៖ “ខ្ញុំសុំស្នើដល់អភិបាលក្រុង-ស្រុកចំនួនប្រាំពីរទៀត និងមេឃុំ ចៅសង្កាត់ ត្រូវចូលរួមសហការ និងអនុវត្តឱ្យបានពេញលេញ និងច្បាស់លាស់ យកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជំរុញដល់ថ្នាក់ដឹកនាំភូមិ ដែលជាជនបង្គោលភូមិ និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់បានដឹង និងចូលរួមសហការ ធ្វើយ៉ាងណាឱ្យខេត្តកណ្ដាលរបស់យើងសម្រេចបាន ODF ទូទាំងខេត្តនៅឆ្នាំ២០២២” ។
បើតាមក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ ក្រសួងបាននឹងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្ដីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយកំណត់យកគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក្រសួងក៏បានកំណត់យកខេត្តចំនួន ៥ ឱ្យក្លាយជាខេត្តដែលបញ្ឈប់ការ បន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៣ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្វាយរៀង។
គួរបញ្ជាក់ថា ត្រឹមឆ្នាំ២០០៧ ប្រជាជនកម្ពុជាមានលទ្ធភាពប្រើបង្គន់អនាម័យត្រឹមតែ ១៦ភាគរយប៉ុណ្ណោះ រហូតដល់ឆ្នាំ២០១៩ អត្រាគ្របដណ្ដប់អនាម័យជនបទបានកើនដល់ ៧៨,៣ភាគរយ។ វឌ្ឍនភាពនៃស្ថានភាពអនាម័យនេះ គឺកើតឡើងដោយសារការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យអនាម័យ៕