ក្រសួងបរិស្ថានផ្តល់ធុងសំរាម ៤០៤ធុង ជួយលើកកម្ពស់គុណតម្លៃបរិស្ថានស្អាតនៅស្រុកពញាក្រែក

ថ្ងៃច័ន្ទ ទី២៨ ខែតុលា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 49
1

ត្បូងឃ្មុំ - ក្រសួងបរិស្ថានបានប្រគល់ធុងសំរាមចំនួន ៤០៤ធុងបន្ថែមទៀមជូនដល់រដ្ឋបាលស្រុកពញាក្រែក សម្រាប់ចែកជូនដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ដើម្បីពង្រឹងភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសចូលរួមជំរុញចលនាយុទ្ធនាការគ្មានប្លាស្ទិកនៅតាមផ្លូវ ។ ចលនាលើកកម្ពស់អនាម័យបរិស្ថានតាមរយៈការប្រគល់ធុងសំរាមនាព្រឹកថ្ងៃចន្ទនេះ ជាចំណែកសំខាន់ចូលរួមបំផុតគំនិតសាធារណជន និងសិស្សានុសិស្សឱ្យយល់ដឹងពីគុណតម្លៃបរិស្ថានស្អាត ។ 

 

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការផ្តល់ជូនធុងទុកដាក់សំរាមនាពេលនេះ បានបង្ហាញពីកិច្ចសហការទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍នានា និងជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញារមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានផែនការសកម្មភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសរសរស្តម្ភបី រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព។

 

ឯកឧត្តម ខ្វៃ អាទិត្យា តំណាងក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ផែនការសកម្មភាពជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាននៅក្នុងពេលដ៏ខ្លីខាងមុខ គឺជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមដងផ្លូវជាតិសម្រាប់ឆ្នាំ២០២៥ ។ គួររំលឹកថា គិតរហូតមកទល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាមដល់ទីអារាម សាលារៀន មណ្ឌលសុខភាព និងសាលាឃុំ-សង្កាត់ទូទាំងខេត្តត្បូងឃ្មុំ សរុបចំនួន ២,២៧២ធុង ៕

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង