ទិវាជាតិអាហារូបត្ថម្ភលើកទី១១ ប្រារព្ធឡើងក្រោមប្រធានបទ អាហារូបត្ថម្ភ ដើម្បីការលូតលាស់ និងកំណើន

ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 74
1

ភ្នំពេញ - ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល គ្រឹះស្ថានសិក្សា ព្រមទាំងវិស័យសាធារណៈ និងឯកជន រៀបចំទិវាជាតិអាហារូបត្ថម្ភលើកទី១១ ក្រោមប្រធានបទ អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន ។ ទិវាជាតិអាហារូបត្ថម្ភនៅថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំនេះ ប្រារព្ធឡើងពេញមួយថ្ងៃនៅរាជធានីភ្នំពេញ ។ ចំណែកសារអប់រំសំខាន់ៗ នៃទិវាជាតិអាហារូបត្ថម្ភលើកទី១១ កំពុងផ្សព្វផ្សាយទូទាំងប្រទេសចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា តាមបណ្តាញសង្គម ផ្ទាំងរូបភាព បដា ទូរទស្សន៍ និងព្រឹត្តិការណ៍ជាតិស្តីពីអាហារូបត្ថម្ភទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

 

 

ទន្ទឹមគ្នាគ្នានេះដែរ ឯកសារទស្សនាទាននៃវេទិកាទាំងមូលបានបង្ហាញថា កម្ពុជាបានសម្រេចការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងរបៀបរស់នៅ និងការហូបចុករបស់ប្រជាជន ដែលជះឥទ្ធិពលជាវិជ្ជមានដល់ស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជន ។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃជំងឺធាត់ជ្រុល និងលើសទម្ងន់កំពុងក្លាយជាក្តីបារម្ភកាន់តែខ្លាំងឡើង ខណៈរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ បញ្ហាកង្វះមីក្រូសារជាតិ និងការថយចុះអត្រាបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខ បញ្ហាសុខភាពសាធារណៈពាក់ព័ន្ធនឹងរបបអាហារមិនល្អ និងការធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់នៅតែបន្តកើតមាន ។ 

 

ជំងឺមិនឆ្លងដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺដាច់សរសៃឈាមខួរក្បាល មានទំនាក់ទំនងកាន់តែច្រើនទៅនឹងការទទួលទានអាហារដែលមានថាមពលខ្ពស់ ខ្លាញ់ច្រើន ស្ករច្រើន និងអំបិលច្រើន រួមផ្សំនឹងការទទួលទានផ្លែឈើ និងបន្លែមិនគ្រប់គ្រាន់ផងដែរ ។ ទម្លាប់ទទួលទានរបបអាហារទាំងនេះ ធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ និងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ។ រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល គ្រឹះស្ថានសិក្សា កំពុងអំពាវនាវឱ្យអ្នកពាក់ព័ន្ធផ្លាស់ប្តូរទម្រង់ផលិតកម្ម ការកែច្នៃ និងការទទួលទានម្ហូបអាហារ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ។

 

អ្នកជំនាញនៃស្ថាប័នតំណាងរដ្ឋាភិបាល អ្នកពាក់ព័ន្ធជាតិ អន្តរជាតិ បានរំលេចទស្សនាទានថា ដើម្បីលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ កម្ពុជាចាំបាច់អនុវត្តអភិក្រមពហុវិស័យ ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម សុខាភិបាល អប់រំ កិច្ចគាំពារសង្គម និងទឹកស្អាត និងអនាម័យ ។ រាជរដ្ឋាភិបាលកម្ពុជានៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព ផ្តោតអារម្មណ៍លើបរិវត្តកម្មវិស័យកសិកម្មឱ្យមានភាពទំនើប ភាពធន់ និងផលិតកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ។ ចំណុចនេះនឹងរួមចំណែកដល់ការអភិវឌ្ឍជនបទ ធានាសន្តិសុខស្បៀងសុវត្ថិភាពចំណីអាហារ លើកកម្ពស់តម្លៃបន្ថែម ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែង និងកែលម្អគុណភាពជីវិត ។

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង