បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចរបស់រដ្ឋារករទឹកមណ្ឌលគិរី សម្ពោធដំណើរការក្រោមជំនួយឥតសំណងរបស់ជប៉ុន

ថ្ងៃសុក្រ ទី១១ ខែតុលា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 130
1

មណ្ឌលគិរី - បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចថ្មីមួយ បានសម្ពោធឱ្យដំណើរការក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតនេះ មានសមត្ថភាពផលិតទឹកស្អាត ១.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២.០០០ ម៉ែត្រគូប ទៅ ៣.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ។ 

 

បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចក្រោមជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន បានសម្ពោធនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។ 

 

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុក ការដាក់ឱ្យដំណើរការបរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចនេះ បង្ហាញពីជំហានឆ្ពោះទៅមុខថ្មីមួយទៀតក្នុងការដោះស្រាយតម្រូវការទឹកស្អាតក្នុងក្រុងសែនមនោរម្យ ។ គម្រោងខ្នាតតូចតម្លៃ ១៥៦.១៥០ ដុល្លារនេះ ជាគម្រោងដំបូងដែលបានទទួលហិរញ្ញប្បទានពីកញ្ចប់ជំនួយ KUSANONE សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ។ 

 

សូមជម្រាបថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារ និងហិរញ្ញប្បទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ព្រមទាំងជំនួយបច្ចេកទេសពង្រឹងសមត្ថភាពទាំងរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន ៕  

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង