ក្រុងកំពង់ឆ្នាំងបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង (ODF) ដំបូងគេក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង - នាព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែឧសភានេះ រដ្ឋបាលក្រុងកំពង់ឆ្នាំងបានរៀបចំពិធីប្រកាសទទួលស្គាល់ក្រុងកំពង់ឆ្នាំងសម្រេចលទ្ធផលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង (ODF) ដំបូងគេក្នុងខេត្តកំពង់ឆ្នាំង ។ លទ្ធផលជោគជ័យនេះ កើតឡើងស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋបាលក្រុងនិងខេត្តក្នុងលើកកម្ពស់អនាម័យអនាម័យ និងសុខុមាលភាពប្រជាជន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រុងកំពង់ឆ្នាំងសម្រេចលទ្ធផលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុងដំបូងគេក្នុងខេត្តនៅពេលនេះ កើតឡើងក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីរដ្ឋបាលក្រុងកំពង់ឆ្នាំង អង្គការដៃគូពាក់ព័ន្ធធ្វើការងារលើកកម្ពស់អនាម័យជនបទ ពិសេសការចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ មានប្រសាសន៍បញ្ជាក់ថា ខេត្តកំពង់ឆ្នាំងមានភូមិសាស្ត្រពិបាកធ្វើការងារលើកកម្ពស់អនាម័យ ដោយសារជាតំបន់ខ្ពង់រាប មានទន្លេ និងមានភ្នំ។ ប៉ុន្តែរដ្ឋបាលខេត្តបានប្តេជ្ញាសម្រេចលទ្ធផលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុងស្របតាមគោលដៅនៅឆ្នាំ២០២៣ ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានឱ្យដឹងថា អង្គការវ័តធឺអេតបានជ្រើសរើសក្រុងកំពង់ឆ្នាំងជាតំបន់គោលដៅដើម្បីអនុវត្តកម្មវិធីផ្គត់ផ្គង់ ការសំអាត និងអនាម័យជនបទ កាលពីឆ្នាំ២០២០ ។
ដោយឡែកលោក ឆាត សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេត មានប្រសាសន៍ថា ក្រុងកំពង់ឆ្នាំងបានសម្រេចគោលដៅបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង (ODF) ដោយសារប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារមានបង្គន់អនាម័យប្រើប្រាស់ និងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ស្របតាមផែនការសកម្មភាពយុទ្ធសាស្រ្តរបស់កម្ពុជាដែលដឹកនាំដោយក្រសួងអភិវឌ្ឍន៍ជនបទ ។
ទន្ទឹមគ្នានេះ លោក ឆាត សុភាព បានលើកឡើងថា ខេត្តកំពង់ឆ្នាំងជាខេត្តមួយបានកំណត់យកគោលដៅឆ្នាំ២០២៣ ដែលនឹងត្រូវសម្រេចបានគោលដៅអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យឱ្យបាន ១០០% ហើយសមិទ្ធផលនៅថ្ងៃនេះ បានបង្ហាញអំពីភាពជាគំរូទៅដល់រដ្ឋបាលស្រុកទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងសម្រាប់បន្តការខិតខំប្រឹងប្រែង ។
លោកយល់ថា ដើម្បីសម្រេចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០២៣ កំណត់សម្រេចលទ្ធផល ៩០%នៃអត្រាគ្របដណ្ដប់សេវាទឹកស្អាត និងអនាម័យទូទាំងប្រទេស ទាមទារឱ្យភាគីពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការ ព្រមទាំងចូលរួមចំណែកទាំងធនធាន និងទាំងបច្ចេកទេសសម្រេចគោលដៅរួម។
សូមជម្រាបថា ក្រុងកំពង់ឆ្នាំងមានព្រំប្រទល់ខាងកើតទល់នឹងស្រុកជលគីរី ខាងលិចទល់នឹងស្រុករលាប្អៀរ ខាងជើងទល់នឹងស្រុកកំពង់លែង ខាងត្បូងទល់នឹងស្រុករលាប្អៀរ ។ ក្រុងមានផ្ទៃដីសរុប ៤៦.៦៥ គីឡូម៉ែត្រការ៉េ ចែកចេញជា ៤សង្កាត់ ស្មើនឹង ២៦ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ៤០,៩១៣នាក់ ស្រី ២០,៨៨៧ នាក់ គ្រួសារមានចំនួន ៩,៤០៣ មានខ្នងផ្ទះចំនួន ៨,៣០៧ ក្នុងនោះប្រជាពលរដ្ឋអាយុ១៨ ឆ្នាំឡើងមានចំនួន ២១,១១១ នាក់ ។
ក្រុងកំពង់ឆ្នាំង ជាក្រុងមួយក្នុងចំណោមស្រុកគោលដៅទាំង០៨ ដែលត្រូវបានអង្គការវ័តធឺអេត ជ្រើសរើសជាតំបន់គោលដៅដើម្បីអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទនៅចុងឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ។ ចំពោះដើមគ្រាគឺអត្រាប្រជាពលរដ្ឋមានប្រភពទឹកប្រាស់ចំនួន ១០០% ក្នុងនោះអត្រាប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួ ៨៧.៤% ចំណែកអត្រាប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់ចំនួន ៨៩% និងអត្រាប្រជាពលរដ្ឋទម្លាប់លាងដៃជាមួយសាប៊ូចំនួន៩១% ។
បច្ចុប្បន្នប្រជាពលរដ្ឋទូទាំងក្រុងបានយល់ដឹងពីសារៈសំខាន់នៃការបន្ទោបង់ក្នុងបង្គន់ ហើយផ្លាស់ប្តូរទម្លាប់មកសាងសង់បង្គន់ប្រើប្រាស់ ហូបទឹកស្អាត និងលាងដៃជាមួយសាប៊ូ តាមរយៈការចូលរួមរបស់អាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ បានធ្វើឱ្យអត្រាអនាម័យបានកើនពី ៨៩% មក ១០០% នៅទូទាំងក្រុងកំពង់ឆ្នាំង ។ ការប្រកាសក្រុង ODF មានគោលដៅឆ្លើយតបទៅនឹងផែនការសកម្មភាពខេត្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនជំហានទី២ ឆ្នាំ២០១៩-២០២៣ (PAP II 2019-2023) និងផែនការ ODF ខេត្តឆ្នាំ២០២៣ ៕