ព្រៃវែងក្លាយជាខេត្តទី២ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង

ថ្ងៃអង្គារ៍ ទី២៥ ខែតុលា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 497
1

ព្រៃវែង - ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសទទួលស្គាល់ខេត្តព្រៃវែង ជាខេត្តទី២ នៅកម្ពុជា ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង បន្ទាប់ពីខេត្តស្វាយរៀង ។ ពិធីប្រកាសនៅព្រឹកថ្ងៃអង្គារ៍ ខែតុលានេះ ក្រោមវត្តមានឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ​ ព្រមទាំងតំណាងថ្នាក់ដឹកកិច្ចការពាក់ព័ន្ធនឹងវិស័យទឹកស្អាតនិងអនាម័យ ។ 

 

បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មានន័យថា គ្រប់គ្រួសារមានបង្គន់អនាម័យប្រើប្រាស់ ។ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត មានប្រសាសន៍ថា ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់ខេត្តព្រៃវែងបានបង្ហាញពីការលើកកម្ពស់អនាម័យរបស់ប្រជាពលរដ្ឋគ្រប់រូប និងបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទៅការរស់នៅ ព្រមទាំងសុខុមាលភាពប្រជាជន ។

 

 

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត មានប្រសាសន៍បញ្ជាក់ ៖  "តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់ទឹកស្អាត និងអនាម័យ និងសុខភាពសាធារណៈឱ្យកាន់តែប្រសើរឡើងនៅទូទាំងប្រទេស ព្រោះជាបញ្ហាចម្បង និងអាទិភាពដែលរាជរដ្ឋាភិបាលបានគិតគូរ"។

 

តាមរយៈសមិទ្ធិផលនេះ លោក យី គឹមថាន នាយករងប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា មានភាគីពាក់ព័ន្ធជាច្រើន បានយកចិត្តទុកដាក់បង្កើតការរៀបចំស្ថាប័នអនុវត្តប្រព័ន្ធត្រួតពិនិត្យអនាម័យ បង្កើតការចូលរួមសហគមន៍ បង្កើតទីផ្សារអនាម័យ ឧបត្ថម្ភធន់ដល់គ្រួសារក្រីក្រ និងអ្នកងាយរងគ្រោះក្នុងវិស័យអនាម័យ ។

 

លោក គឹមថាន បន្ថែមថា ៖ តួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក អាជ្ញាធរឃុំ និងភូមិ មានសារៈសំខាន់ណាស់ក្នុងការធានាបានជោគជ័យនេះនៅខេត្តព្រៃវែង

 

អ្នកជំនាញអប់រំអនាម័យនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល បានកាត់បន្ថយជំងឺកុមារ និងបញ្ហាកង្វះអាហារូបត្ថម្ភដែលជះឥទ្ធិពលដល់ការអភិវឌ្ឍន៍ ការរៀនសូត្ររបស់កុមារ និងឱកាសសេដ្ឋកិច្ចនៅពេលខាងមុខ។ ជាពិសេសសម្រាប់ក្មេងស្រី និងស្ត្រី ជួយលុបបំបាត់ឧបសគ្គចំពោះសេចក្តីថ្លៃថ្នូរ និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់នៅពេលធ្វើដំណើរផ្លូវឆ្ងាយ ឬនៅពេលយប់ ។

 

កន្លងទៅអង្គការភ្លែនអន្តរជាតិកម្ពុជា បានផ្តល់ការគាំទ្រដល់ខេត្តព្រៃវែង តាមរយៈកម្មវិធីលើកកម្ពស់អនាម័យជនបទកម្ពុជា (CRSHIP) ដែលអង្គការភ្លែនអន្តរជាតិជាទីភ្នាក់ងារប្រតិបត្តិ (EA) នៃមូលនិធិអនាម័យសកលឆ្នាំ ២០១១-២០២២ ។ កម្មវិធីនេះ បានធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិ ព្រមទាំងមន្ទីរ និងក្រសួងអភិវឌ្ឍន៍ជនបទ។ 

 

គួរបញ្ជាក់ថា ខេត្តព្រៃវែងស្ថិតក្នុងចំណោមខេត្តទាំង ១១ ដែលគម្រោង CRSHIP ចាប់ផ្តើមធ្វើការដោយមានការគ្របដណ្តប់អនាម័យតិចជាង ៥០%។ កម្មវិធីនេះលើកកម្ពស់ការប្រើប្រាស់បង្គន់អនាម័យជាប្រចាំ ការលាងដៃជាមួយសាប៊ូ និងទឹកស្អាតដោយសុវត្ថិភាព តាមរយៈអនាម័យសរុបដែលដឹកនាំដោយសហគមន៍ ការលាងសម្អាតនៅក្នុងសាលារៀន និងការពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអនុវត្តអនាម័យ និងអនាម័យកាន់តែប្រសើរឡើង។ 

 

 សូមជម្រាបថា ប្រជាពលរដ្ឋជាងមួយលាននាក់ក្នុងខេត្តព្រៃវែង នៅ ១១៣៩ ភូមិ ១១៦ឃុំ និង ១២ស្រុក និងក្រុង១ កំពុងទទួលបានអត្ថប្រយោជន៍ពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទូទាំងខេត្តនៅថ្ងៃទីអង្គារ៍នេះ ។

 

អត្ថបទពេញនិយម