គំនូរប្រពៃណីកូរ៉េ និងសហសម័យ ៤៤ផ្ទាំងបង្ហាញទស្សនីយភាពដ៏ស្រស់ស្អាតនៅទីក្រុងភ្នំពេញ

ថ្ងៃសុក្រ ទី១៧ ខែមករា​ ឆ្នាំ២០២៥      ម៉ៅ សំណាង
ចែករំលែក
Views: 128
1

ភ្នំពេញ - វេលាម៉ោង ១រសៀលថ្ងៃសុក្រទី១៧ ខែមករានេះ លោក សុង ឆាងស៊ូ វិចិត្រករ និងជាប្រធានសមាគមគំនូររូបិយកូរ៉េ បានដឹកនាំក្រុមការងាររៀបចំតាំងពិព័រណ៌ស្នាដៃគំនូរសិល្បៈប្រពៃណីកូរ៉េ និងគំនូរសហសម័យចំនួន ៤៤ ផ្ទាំង នៅវិចិត្រសាលស្រាអាត មានទីតាំងក្បែវវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។ នេះជាលើកដំបូងដែលសមាគមគំនូររូបិយបានយកស្នាដៃគំនូរវិចិត្រករកូរ៉េ មកតាំងបង្ហាញជាសាធារណៈនៅក្នុងប្រទេសកម្ពុជា ។ 

 

ផ្ទាំងគំនូរដែលដាក់តាំងបង្ហាញរយៈពេលពីរថ្ងៃនេះ មានរូបភាពស្រស់ស្អាត ស្នាដៃថ្មី ល្អ និងប្លែង ព្រមទាំងផ្តល់អត្ថន័យជាច្រើនក្នុងគោលបំណងបង្ហាញពីសេចក្តីស្រឡាញ់ ក្តីសង្ឃឹម សេចក្តីសុខ និងសុភមង្គលទៅកាន់មនុស្សគ្រប់រូប ។ អត្ថន័យគំនូរគឺជាក្តីប្រាថ្នាមួយរបស់វិចិត្រករ និងប្រជាជនកូរ៉េ ។ នេះបើតាមការលើកឡើងរបស់លោក សុង ឆាងស៊ូ ។

 

 

លោក សុង ឆាងស៊ូ ប្រធានសមាគមគំនូររូបិយកូរ៉េ បានបញ្ជាក់ថា សមាគមគំនូររូបិយកូរ៉េបានជ្រើសរើសប្រទេសកម្ពុជាជាទីតាំងដំបូងគេបង្អស់ ចាប់ផ្តើមតាំងពិព័រណ៌ស្នាដៃគំនូរសិល្បៈប្រពៃណីកូរ៉េ និងគំនូរសហសម័យ ។ សមាគមគំនូរនឹងធ្វើដំណើរទៅប្រទេសអាស៊ានចំនួនពីរទៀត ដើម្បីបង្ហាញស្នាដៃសិល្បៈគំនូរប្រពៃណីរបស់ជនជាតិកូរ៉េ ។ ស្នាដៃគំនូរដែលតាំងពិព័រណ៌ចង់បង្ហាញទៅកាន់អ្នកទស្សនាទាំងអស់ ឱ្យស្គាល់កាន់តែច្បាស់អំពីវប្បធម៌ប្រពៃណីរបស់កូរ៉េ ។

 

លោក សុង ឆាងស៊ូ មានប្រសាសន៍ទៀតថា ៖ពិភពលោក និងប្រជាជនកម្ពុជាប្រហែលភាគច្រើនស្គាល់ពី K-POP យ៉ាងទូលំទូលាយ ។ ក៏ប៉ុន្តែបើនិយាយអំពីស្នាដៃសិល្បៈគំនូររបស់ប្រទេសកូរ៉េវិញ ខ្ញុំចង់បង្ហាញស្នាដៃទាំងអស់នេះ ឱ្យកាន់តែច្រើនបន្ថែមទៀត ថាតើសិល្បៈគំនូររបស់កូរ៉េមានលក្ខណៈពិសេសអ្វីខ្លះ ហើយចង់ឱ្យសាធារណជនចាប់អារម្មណ៍ និងឈ្វេងយល់បន្ថែមអំពីលក្ខណៈពិសេសនៃគំនូររបស់ប្រពៃណីកូរ៉េនេះតែម្ដង

 

 

សូមជម្រាបថា ស្នាដៃគំនូរសិល្បៈទាំងអស់សុទ្ធសឹងតែមានលក្ខណៈពិសេស និងអត្ថន័យខុសៗគ្នា ។ គំនូរមួយផ្ទាំងឈ្មោះត្រីគល់រាំងក៏បានបង្ហាញវត្តមានក្នុងវិចិត្រសាលតាំងពិព័រណ៌នេះដែរ ។ លោក សុង ឆាងស៊ូ បានបញ្ជាក់ដោយសង្ខេបអំពីអត្ថន័យនៃគំនូរប្រពៃណីនេះថា នេះជាផ្ទាំងគំនូរដែលគូរដោយរូបលោកផ្ទាល់ ។ គំនូរត្រីគល់រាំងបង្ហាញពីការតស៊ូរបស់ត្រីគល់រាំងកំពុងហក់ចេញពីផ្ទៃទឹកដោយសំទុះខ្លាំងខ្លាប្រៀបដូចជាអំណាចសត្វនាគ ។ 

 

គំនូរនេះ មានរង្វង់ព្រះអាទិត្យទើបរះឡើងចេញពីផ្ទៃទឹកនៅផ្នែកខាងលើ អមដោយធម្មជាតិរុក្ខជាតិដ៏ស្រស់ស្អាតព័ទ្ធជុំវិញ ខណៈផ្ទៃគំនូរមានព័ណ៌លឿងស្រាលស្រទន់ ។ គំនូរបង្ហាញអំពីការតស៊ូព្យាយាមរបស់មនុស្សវ័យជំទង់ ។ មានន័យថា សិស្សថ្នាក់វិទ្យាល័យត្រូវរៀនជម្នះឧបសគ្គសិក្សាយ៉ាងច្រើន និងត្រៀមខ្លួនចូលសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ ។ ជីវិតនិស្សិតមហាវិទ្យាល័យមានលំហសេរីភាព និងមានរឿងរ៉ាវជីវិតជាច្រើនត្រូវសិក្សា ហើយត្រីគល់រាំងជាប្រភេទត្រីនិមិត្តរូបនៃការតស៊ូព្យាយាម ។

 

 

តាមរយៈការតាំងពិព័រណ៌ស្នាដៃគំនូរសិល្បៈប្រពៃណីកូរ៉េ និងគំនូរសហសម័យនៅកម្ពុជាលើកនេះ ទទួលបានការគំាទ្រយ៉ាងច្រើនពីសាធារណជនជាតិ និងអន្តរជាតិ ។ លោក សុង ឆាងស៊ូ ជឿជាក់ថា ឆ្នាំក្រោយការតាំងពិព័រណ៌ស្នាដៃគំនូរសិល្បៈប្រពៃណីកូរ៉េនឹងវិលមកកម្ពុជាម្តងទៀត ។ ការបង្ហាញស្នាដៃគំនូរនឹងមានឥទ្ធិពលដល់ការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមករវាងកូរ៉េនិងកម្ពុជា ហើយយុវជនកម្ពុជានឹងមានឱកាសឈ្វេងយល់ស៊ីជម្រៅពីស្នាដៃសិល្បៈនេះកាន់តែច្រើន ៕ 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង