អ្នកជំនាញសុខភាពសាធារណៈ WHO ៖ សុវត្ថិភាពចំណីអាហារ គឺជាការទទួលខុសត្រូវរួមគ្នា
ភ្នំពេញ - លោកស្រីវេជ្ជបណ្ឌិត Asheena Khalakdina ប្រធានក្រុមកម្មវិធីគ្រោះអាសន្នសុខភាពសាធារណៈ នៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា សុវត្ថិភាពចំណីអាហារគឺជាការទទួលខុសត្រូវរួមគ្នា។ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងជាសកលពីជំងឺបង្កឡើងដោយចំណីអាហារ រដ្ឋាភិបាល ឧស្សាហកម្មម្ហូបអាហារ និងបុគ្គលគ្រប់រូប ត្រូវធ្វើការងារបន្ថែមទៀតដើម្បីធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាព និងទប់ស្កាត់ការចម្លងរោគ។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ៖ “កម្ពុជានៅតែមានតម្រូវការចាំបាច់ចំពោះការអប់រំ និងការបណ្តុះបណ្តាលស្តីពីការការពារជំងឺបង្កឡើងដោយចំណីអាហារក្នុងចំណោមអ្នកផលិតម្ហូបអាហារ អ្នកផ្គត់ផ្គង់ អ្នករៀបចំទុកដាក់ និងសាធារណៈជនទូទៅ”។
តំណាងអង្គការសុខភាពពិភពលោករូបនេះ មានប្រសាសន៍បន្តទៀតថា អង្គការសុខភាពពិភពលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានាក្នុងគោលដៅនាំយកចំណេះដឹងបច្ចេកទេសពីពិភពលោក ទាំងផ្នែកវិទ្យាសាស្ត្រ ធុរកិច្ច និងសង្គម ដើម្បីលើកកម្ពស់ស្បៀងអាហារប្រកបដោយសុវត្ថិភាព សុខភាពល្អ និងនិរន្តរភាពសម្រាប់មនុស្សទាំងអស់គ្នា។
គួរបញ្ជាក់ថា សុវត្ថិភាពស្បៀងអាហារ ជាបញ្ហាប្រឈមដ៏ស្មុគស្មាញមួយនៅក្នុងប្រទេសកម្ពុជា។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពស្បៀងអាហារ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនាពេលថ្មីៗនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពស្បៀងអាហារ។
ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារបានកំណត់ក្របខ័ណ្ឌ និងយន្តការសម្រាប់ការគ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់នៃម្ហូបអាហារនៅក្នុងគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការការពារសុខភាព និងសុវត្ថិភាពស្បៀងអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់៕