IFAD ផ្តល់ថវិកា ១៥០លានដុល្លារដល់កម្ពុជាបន្តប្រើបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ

ថ្ងៃអង្គារ៍ ទី២២ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 476
1

ភ្នំពេញ - មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បន្តអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ កាត់ថាកម្មវិធី ASPIRE នៅកម្ពុជា មានទំហំថវិកាចំនួន ១៥០លានដុល្លារអាម៉េរិក ។ នេះ​បើតាមប្រសាសន៍របស់តំណាងអង្គការ IFAD ក្នុងជំនួបឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ 

លោក ម៉េង សាក់ពូសិទ្ធ តំណាងអង្គការ IFAD មានប្រសាសន៍ថា ការអនុវត្តកម្មវិធី ASPIRE ស្ថិតនៅក្នុងជំហានទី២ មានរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២២ - ២០២៧ ។ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្មជំហានទី២ ផ្តោតសំខាន់លើកសិករដែលមានទំហំផលិតកម្មតូចក្នុងការទាញប្រយោជន៍ពីផលិតកម្មកសិកម្ម ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញប្រកបដោយគុណភាព និងសុវត្ថិភាព ។ 

តំណាងអង្គការ IFAD ក្នុងជំនួបឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ 

លោក ម៉េង សាក់ពូសិទ្ធ មានប្រសាសន៍បន្តថា តាមរយៈកិច្ចសហការយ៉ាងល្អប្រសើរពីក្រសួងកសិកម្មកន្លងទៅ កម្មវិធី ASPIRE ជំហានទី១ សម្រេចលទ្ធ​ផល​បាន​ល្អប្រសើរ ។ ការអនុវត្តកម្មវិធីក្នុងជំហានទីមួយទទួលបានជោគជ័យតាមរយៈការចងក្រងបណ្តុំផលិត, ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា, ការអនុវត្ត​កសិកម្មល្អ (CamGAP), ការប្រើប្រាស់ផ្ទះសំណាញ់, ប្រព័ន្ធតំណក់ទឹក, ការប្រើថ្នាំជីកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗទៀត ទៅតាមបច្ចេកទេសត្រឹម​ត្រូវ និងការរៀបចំទីផ្សារលក់ផលិតផលនៅតាមសហគមន៍ ។

ទន្ទឹមគ្នានេះ បេសកកម្មរយៈពេលប្រាំឆ្នាំខាងមុខ ក្រុមការងាររបស់ ASPIRE នឹងរៀបចំកម្មវិធីកាលានុវត្តភាពយុទ្ធសាស្ត្រប្រចាំប្រទេស (កម្មវិធីការងារនៅកម្ពុជា​) កម្មវិធីផ្តល់សេវាកម្មកសិកម្មដើម្បីកំណើនសេដ្ឋកិច្ចនៅទីជនបទប្រកបដោយបរិយាប័ន្ន និងដើម្បីបង្កើនពាណិជ្ជកម្មកសិកម្ម ព្រមទាំងបង្កើតគម្រោងស្តីពីការ​កសាង​សមត្ថភាពបន្ស៊ាំអាកាសធាតុ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅតំបន់ជនបទនៃកម្ពុជាក្នុងជំហានទី២ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះ IFAD ដែលបាននិងកំពុងអនុវត្តកម្មវិធីស្តីពី ការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងដាំបន្លែសុវត្ថិភាព ដោយប្រើប្រាស់បច្ចេកទេស និងធាតុចូលកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសសមស្របតាមគន្លងប្រក្រតីភាព ថ្មីក្នុងស្ថានភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។

សួមជម្រាបថា តាមការសិក្សានិងវាយតម្លៃពីប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់ការវិនិយោគរបស់កម្មវិធី ASPIRE ជំហានទី១ ទឹកចំនួន ១ដុល្លារអ្នកទទួលផល (កសិករទូទាំង ២៣ខេត្ត) ទទួលបានចំណូលចំនួន ៦៥ដុល្លារ តាមរយ:ការលក់ផលិតកម្មកសិកម្ម (បន្លែសុវត្ថិភាព) សត្វបក្សី (មាន់ពង និងសាច់) និងត្រី ។ ចំណូលទាំងនោះ បានពីការអនុវត្តបច្ចេកទេសថ្មីសមស្របធន់នឹងការប្រែប្រួលអាការធាតុដែលទទួលបានពីកម្មវិធី ASPIRE ៕

អត្ថបទពេញនិយម