ជប៉ុនផ្ដល់កម្ចី ៥៨លានដុល្លារសម្រាប់គម្រោងពង្រីកទឹកស្អាតនៅសៀមរាប
ភ្នំពេញ - ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) បានចុះហត្ថលេខាតាមប្រព័ន្ធ Video Conference លើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប ក្នុងទឹកប្រាក់ចំនួនប្រមាណ ៥៨លាន ដុល្លារអាម៉េរិក ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តិទៅកាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង JICA បានបញ្ជាក់ថា គម្រោងនេះមានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប ។ ទន្ទឹមគ្នានេះគម្រោងមានការសាងសង់ប្រព័ន្ធបណ្តាញ-ស្ថានីយបូមទឹក សាងសង់ប្រព័ន្ធចែកចាយទឹក និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ។
សូមជម្រាបថា តាមរយៈកម្ចីលើគម្រោងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋ ទូទាំងក្រុងសៀមរាប ។ ស្របគ្នានេះ សមិទ្ធផលដែលទទួលបានពីគម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិលើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈការគាំទ្រដល់រដ្ឋាករទឹកស្វយ័តសៀមរាប និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ៕