ជើងឯកបង្គន់ខេត្តកំពង់ឆ្នាំង ស្ត្រីឆ្នើមទទួលបានពានមាសបី និងមេដាយមាសបី

ថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ​ ឆ្នាំ២០២១      Root
ចែករំលែក
Views: 770
1

កំពង់ឆ្នាំង - អ្នកនាំបង្គន់អនាម័យ ឬជើងឯកបង្គន់ ជាឈ្មោះហៅក្រៅដែលប្រជាពលរដ្ឋក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដាក់ឱ្យនិងហៅលោកស្រីចាន់ ធី ជារឿយៗ ។ មានអាយុ ៥៧ឆ្នាំ បច្ចុប្បន្នលោកស្រីជាសមាជិកក្រុមប្រឹក្សាឃុំពង្រ និងជាសកម្មជនដឹកនាំអនាម័យមូលដ្ឋានឆ្នើមមួយរូប នៅក្នុងឃុំពង្រទាំងមូល ។

លោកស្រីចាន់ ធី តែងចុះចែករំលែកបទពិសោធន៍ទឹកស្អាតនិងអនាម័យដល់ប្រជាពលរដ្ឋក្នុងភូមិ និងជំរុញឱ្យគ្រួសារទាំងអស់ក្នុងឃុំយកចិត្តទុកដាក់សាងសង់បង្គន់អនាម័យ ។ នៅពេលនេះប្រជាពលរដ្ឋស្ទើរគ្រប់គ្រួសារទាំងអស់ឃុំពង្រ ស្រុករលាប្អៀរ មានបង្គន់ប្រើប្រាស់ ព្រមទាំងអនុវត្តអនាម័យល្អនៅតាមផ្ទះ ។

ស្ត្រីឆ្នើមរូបនេះ បាននិយាយថា “ខ្ញុំតែងចុះតាមផ្ទះប្រជាពលរដ្ឋក្នុងឃុំជានិច្ច បើសន្យាធ្វើបង្គន់ហើយ ខ្ញុំត្រូវទៅតាមដាននិងជំរុញបន្ថែម ហើយបើពិបាករកដំណោះស្រាយណាមួយជួយអ្នកភូមិ ។ ខ្ញុំអត់ចង់បានអ្វីទេ ចង់ឱ្យតែប្រជាជនរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងមានអនាម័យ”

ជើងឯកបង្គន់និងជាសមាជិកក្រុមប្រឹក្សាឃុំពង្រទទួលបន្ទុកចុះជួយកុមារនិងស្ត្រីក្នុងឃុំនេះ បានទទួលពានមាសចំនួនពីរ និងមេដាយមាសចំនួនបីពីអង្គការ WaterSHED និងអង្គការ WaterAid ដែលអង្គការទាំងពីរនេះ ធ្វើការលើការលើកកម្ពស់បញ្ហាទឹកស្អាតនិងអនាម័យនៅកម្ពុជា ។

សូមជម្រាបថា សកម្មភាពដឹកនាំគំរូនៅក្នុងសហគមន៍របស់ម្ចាស់ជ័យលាភីពានមាសនេះ ទទួលបានការគាំទ្រថ្នាក់ដឹកនាំឃុំ ស្រុក ខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំទាំងមូល ។

 

អត្ថបទពេញនិយម