ក្រសួងឧស្សាហកម្មនិងធនាគារ ADB ប្តេជ្ញាបន្តសកម្មភាពផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន ១០០% ត្រឹមឆ្នាំ២០២៥
ភ្នំពេញ - ក្រសួងឧស្សាហកម្មនិងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្តេជ្ញារួមគ្នាបន្តសកម្មភាពផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនត្រឹមឆ្នាំ២០២៥ ខាងមុខស្របតាមគោលនយោបាយរដ្ឋាភិបាល ។ នេះជាការលើកឡើងរបស់ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ឯកឧត្តមបានលើកឡើងនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក Srinivasan Palle Venkata ប្រធានប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី០២ ខែធ្នូកន្លងទៅ ។
ឯកឧត្តម ចម ប្រសិទ្ធ មានប្រសាសន៍ថា ដើម្បីសម្រេចគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាលនៅត្រឹម២០២៥ ចាំបាច់ត្រូវមានហិរញ្ញប្បទានបន្ថែមទៀត សម្រាប់គាំទ្រដល់ប្រតិបត្តិករទឹកស្អាត ក្នុងការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់របស់ខ្លួន ។
ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងឧស្សាហកម្មកំពុងរៀបចំសេចក្តីព្រាងច្បាប់គ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ព្រមទាំងបង្កើតយន្តការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គ្រប់រូប ។
លោក Srinivasan Palle Venkata ប្រធានប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា បេសកកម្មរបស់ ADB មានបំណងជួយគាំទ្រវិស័យទឹកស្អាតនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ។ លោកបានបញ្ជាក់ថា គោលនយោបាយទឹករបស់ ADB គឺស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅទីប្រជុំជនឱ្យបាន ១០០ភាគរយត្រឹមឆ្នាំ២០២៥ ។
សូមជម្រាបថា បច្ចុប្បន្នក្រសួងឧស្សាហកម្មកំពុងអនុវត្តគម្រោងចំនួនពីរដែលគាំទ្រដោយ ADB រួមមាន គម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន (Urban Water Supply Project) និងគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្ត (Provincial Water Supply and Sanitation Project) ។ ក្រសួងកំពុងអនុវត្តគោលនយោបាយគាំទ្រដល់គ្រួសារក្រីក្រ តាមរយៈការឧបត្ថម្ភធនភ្ជាប់បណ្តាញ និងការឧតបត្ថម្ភធនថ្លៃលក់ទឹក ជាដើម។៕