កម្មវិធី Turing Hackathon ស្វែងរកអ្នកបង្កើតគំរូបច្ចេកវិទ្យាសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
ភ្នំពេញ - នៅថ្ងៃទី០៤ និង០៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមបេក្ខជន៣៤ រូបដែលបានដាក់ពាក្យកម្មវិធី Turing Hackathon នឹងចូលរួមប្រកួតគំនិតអាជីវកម្ម ដើម្បីស្វែងរកក្រុមឆ្នើមបង្កើតគំរូបច្ចេកវិទ្យាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ។
កម្មវិធីថ្មីនេះ ក្រុមបេក្ខជន ធុរជន នវានុវត្តជន សិស្ស-និស្សិតមានឱកាសធ្វើការជាក្រុមក្នុងរយៈពេលពីរថ្ងៃដើម្បីបង្កើតគំរូបច្ចេកវិទ្យា ។ នៅចុងបញ្ចប់នៃកម្មវិធីក្រុមបេក្ខជនទាំងអស់នឹងបង្ហាញគំនិតអាជីវកម្មថ្មី ព្រមទាំងផែនការច្បាស់លាស់ទៅកាន់គណៈកម្មការដាក់ពិន្ទុ ។
កម្មវិធីប្រកួតក្រុមបេក្ខជនអាចបង្កើតគំរូបច្ចេកវិទ្យាទម្រង់ណាមួយក៏បាន ដូចជា ការវិភាគទិន្នន័យ (Data analytics) / សមត្ថភាពវៃឆ្លាតរបស់ម៉ាស៊ីន (Machine learning) / បញ្ញាសិប្បនិមិត្ត (Artificial Intelligence) ដើម្បីវិភាគទិន្នន័យជួយដល់ដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងដំណោះស្រាយចំពោះបញ្ហា SDGs ។
បេក្ខជនអាចបង្កើតកម្មវិធីទូរស័ព្ទដៃ (ស្មាតហ្វូន) សម្រាប់អ្នកប្រើប្រាស់ ដើម្បីជួយដោះស្រាយបញ្ហានៅក្នុងទីផ្សារ ឬសង្គម ។ បង្កើតកម្មវិធីកុំព្យូទ័រដែលអាចមានឥទ្ធិពលលើអ្នកប្រើប្រាស់ ដើម្បីជួយដោះស្រាយបញ្ហានៅក្នុងទីផ្សារ ឬសង្គម ។
ទន្ទឹមគ្នានេះក្រុមបេក្ខជនអាចអភិវឌ្ឍន៍គេហទំព័រដែលមានខ្លឹមសារ និងលក្ខណៈពិសេសដើម្បីជួយដល់ដំណោះស្រាយបញ្ហាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ម្យ៉ាងទៀតបេក្ខជនអាចបង្កើត Blockchain ជាសៀវភៅកត់ត្រាឌីជីថលគំរូដែលជួយឱ្យមានភាពជឿជាក់និងសុវត្ថិភាពបន្ថែមទៀតចំពោះកំណត់ត្រា ឬប្រតិបត្តិការតាមប្រព័ន្ធអ៊ិនធឺណេត។
សូមជម្រាបថា កម្មវិធីប្រកួតប្រជែងក្នុងរយៈពេលពីរថ្ងៃ ហើយក្រុមចូលរួមទាំងអស់ត្រូវបង្កើតកម្មវិធីមួយក្នុងចំណោមកម្មវិធីខាងលើ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ កម្មវិធី Turing Hackathon ជួយឱ្យបេក្ខជនមានឱកាសសិក្សាពីគ្នាទៅវិញទៅមក សិក្សាលឿនរហ័ស ព្រមទាំងទទួលបានការគាំទ្រពីក្រុមការងារមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ដៃគូប្រតិបត្តិការ Project Inspire និងដៃគូពាក់ព័ន្ធ ៕