កម្ពុជា-ជប៉ុនរៀបចំសិក្ខាសាលារួមគ្នាពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងទីប្រជុំជន
ភ្នំពេញ - ក្រសួងឧស្សាហ៍កម្មបានរៀបសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុនលើកទី១៤ ឆ្នាំ២០២២ បំណងបង្ហាញអំពីស្ថានភាពវិស័យទឹកស្អាតរបស់កម្ពុជា បញ្ហាប្រឈម ការត្រៀមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត និងស្ថានភាពប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកនៅកម្ពុជា ការសហការគាំទ្ររបស់ភាគីជប៉ុនដល់វិស័យទឹកស្អាតនៅកម្ពុជា និងទំនាក់ទំនងរវាងការផ្គត់ផ្គង់ទឹកស្អាត សុខភាព សាធារណៈ និងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន លើកទី១៤ បានបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងកម្ពជា-ជប៉ុន ពិសេសលើវិស័យទឹកស្អាត ហើយប្រជាជនកម្ពុជាតែងនឹកគុណដល់ប្រទេសជប៉ុន ដែលបានដើរតួយ៉ាងសំខាន់លើវិស័យទឹកស្អាតនៅកម្ពុជា ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា កិច្ចពិភាក្សានៅក្នុងសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុនលើកទី១៤ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន ៩០% នៅឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ ដោយឈរលើលក្ខខណ្ឌបួនយ៉ាង គឺទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ។
"ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត តាមរយៈការកសាងឯកសារបទដ្ឋានគតិយុត្តិ ការវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងពង្រឹងស្ថាប័នអង្គភាពរដ្ឋាករទឹកសាធារណៈជាដើម" ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
សូមបញ្ជាក់ថា កម្មវិធីប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ខាងលើនេះ មានពិធីចុះហត្ថលេខាលើរបាយការណ៍សកម្មភាពនិងសមិទ្ធផលការងាររយ:ពេលពីរឆ្នាំ ក្រោមអនុស្សារណ:យោគយល់គ្នារវាងឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោក ARITA Hitoshi អនុប្រធានសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុងគីតាគ្យូស៊ុ (KOWBA) ។
សិក្ខាសាលាបានចូលរួមក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅនៅទីស្តីការក្រសួងឧស្សាហកម្ម ដោយមានឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងមន្ទីរ អង្គភាព សមាគម ស្ថាប័នពាក់ព័ន្ធចូលរួមជាច្រើនរូប ៕