កម្ពុជាសាងសង់ទីលានចាក់សំរាមដី ៥១ហិកតាលំដាប់ស្តង់ដានៅខេត្តព្រះសីហនុ

ថ្ងៃសុក្រ ទី០៣ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 648
1

ព្រះសីហនុ - ទីលានចាក់សំរាមនៅខេត្តព្រះសីហនុជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងនិងប្រតិបត្តិការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។ គម្រោងសាងសង់លើផ្ទៃដីទំហំ ៥១ហិកតា និងចំណាយថវិកាជាតិសរុបជាង ៥លានដុល្លារអាមេរិក ។ នេះបើតាមព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ។

រយៈពេលប្រាំឆ្នាំដំបូងទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ត្រូវជីករណ្តៅដីចំនួន៤ ដើម្បីផ្ទុកសំរាមដោយក្នុងរណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម ១៣០ម៉ែត្រ, បណ្ដោយ ១៥០ម៉ែត្រ, និងជម្រៅចាប់ពី ២-៤ម៉ែត្រ ព្រមទាំងមានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម និងបំពង់បញ្ចេញឧស្ម័នពុល ។ 

ទីលានចាក់សំរាមថ្មីនេះ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយចុះពីផ្លូវជាតិលេខ៤ ប្រមាណបីគីឡូម៉ែត្រ ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់ថា នេះជាលើកដំបូងដែលកម្ពុជាមានទីលានចាក់សំរាមស្តង់ដាត្រឹមត្រូវតាមបច្ចេកទេស ខណៈនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ រាជរដ្ឋាភិបាល គ្រោងបង្កើតឱ្យមាននៅតាមបណ្តាខេត្តឯទៀត ដូចជាខេត្តកែប កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង ជាដើម ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា គោលដៅគ្រប់គ្រងកាកសំណល់រឹង និងសំរាមឱ្យបានល្អ ដែលជាផ្នែកមួយនៃគោលនយោបាយជាតិ ហើយក្រសួងបរិស្ថានបន្តផ្តល់ជំនួយបច្ចេកទេស បណ្តុះបណ្តាលសមត្ថភាពមន្ត្រីដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាមនៅតាមទីប្រជុំជន ។ 

ក្រសួងបរិស្ថានបានបញ្ជាក់ថា មួយថ្ងៃសំណល់សំរាមតែងបង្កើតឡើងមានប្រមាណជាង ១ម៉ឺន តោន ហើយក្នុងមួយឆ្នាំសំណល់សំរាមមានប្រមាណ ៤លានតោន។ ដោយឡែកនៅក្នុងខេត្តព្រះសីហនុមានសំរាមចន្លោះពី ៣៥០ – ៤០០ តោនបានបង្កើតឡើងក្នុងមួយថ្ងៃ។ តាមការសិក្សា ក្នុងចំណោមសំរាមទាំងនេះគឺមាន ៦៥ភាគរយជាសំរាមសំណល់សរីរាង្គ ២០ភាគរយជាសំណល់ប្លាស្ទិក ហើយនៅសល់ប៉ុន្មាន គឺជាសំណល់រឹង ៕

 

អត្ថបទពេញនិយម