គណៈរដ្ឋមន្ត្រីសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ
ភ្នំពេញ - កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកុម្ភៈនេះ បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ។ នេះបើតាមព័ត៌មានពីហ្វេសប៊ុកឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” បានរៀបចំឡើងដោយផ្អែកលើគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅក្នុងព្រះជាណាចក្រកម្ពុជា ព្រមទាំងកិច្ចព្រៀងនិងអនុសញ្ញាក្នុងតំបន់និងអន្តរជាតិស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ ។
ការបង្កើតសេចក្តីព្រាងច្បាប់នេះ ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនរបស់វិស័យកសិកម្មក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ក្នុងស្ថានការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។
អត្ថប្រយោជន៍សេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកផ្តល់ប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដូចជាការពារផលប្រយោជន៍របស់ប្រជាកសិករ តាមរយៈការគ្រប់គ្រង ការការពាររុក្ខជាតិ និងការអនុវត្តវិធានការភូតគាមអនាម័យ ដើម្បីកាត់បន្ថយការខាតបង់ដែលអាចបង្កឡើងដោយសមាសភាពចង្រៃចំពោះធនធានរុក្ខជាតិ និងផលិតផលដំណាំនៅក្នុងប្រព័ន្ធផលិតកម្មកសិកម្ម។
ទន្ទឹមគ្នានេះគាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ។
សេចក្តីព្រាងច្បាប់ការការពាររុក្ខជាតិ និងភូតគាមអនាម័យ ជាឧបករណ៍បទដ្ឋានគតិយុត្តិដ៏រឹងមាំ និងយន្តការគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តវិធានការការពាររុក្ខជាតិនិងភូតគាមអនាម័យ ដើម្បីទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតបំផ្លាញពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ។ ស្របគ្នានេះ នឹងធ្វើឱ្យមាននិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន។
បន្ថែមលើនេះ រក្សាអធិបតេយ្យភាពនិងសន្តិសុខភូតគាមអនាម័យតាមរយៈការទប់ស្កាត់ការហូរចូលផលិតផលកសិកម្មគ្រប់ប្រភេទដែលមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ចំពោះសុខភាព (សំណល់ថ្នាំកសិកម្ម សារធាតុគីមី សំណល់ជីវសាស្រ្ត និងលោហៈធ្ងន់)។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ការការពាររុក្ខជាតិ និងភូតគាមអនាម័យ នឹងចូលរួមផ្តល់ជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជា ជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗ ក្នុងពិភពលោក ៕