ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជិត ៣០លានដុល្លារ អភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ
កំពង់ធំ - ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនជិត ៣០លានដុល្លារ បានប្រគល់ទៅរដ្ឋបាលខេត្តកំពង់ធំ ដើម្បីអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាតតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៍ដូច្នេះ នៅក្នុងពេលចុះត្រួតពិនិត្យស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត “គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ” ស្ថិតក្នុងក្រុងស្ទឹងសែន កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២២ កន្លងទៅ ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ មានគោលបំណងចង់ធានាឱ្យបាននិរន្តរភាពនៃការប្រើប្រាស់សេវាទឹកស្អាត ធានាផ្ដល់សេវាទឹកស្អាតប្រកបដោយគុណភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ប្រជុំជន ។ គម្រោងអភិវឌ្ឍទឹកស្អាតនេះ នឹងធានាថា ទឹកស្អាតមិនមានក្លិន មិនល្អក់កករ មិនមានជាតិពុល ប្រជាពលរដ្ឋអាចពិសារទឹកស្អាតបាន ប្រជាពលរដ្ឋអាចប្រើបានគ្រប់រដូវកាល គ្រប់ពេលវេលា និងធានាផ្តល់សេវាទឹកស្អាតតម្លៃសមរម្យជូនដល់ប្រជាពលរដ្ឋស្របទៅនឹងជីវភាពរស់បច្ចុប្បន្ន។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ៖ “បន្ទាប់ពីប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ហើយ ធ្វើឱ្យសុខុមាលភាពពួកគាត់ប្រសើរឡើង ជាពិសេសផ្តោតទៅលើប្រជាពលរដ្ឋរស់ក្នុងក្រុងស្ទឹងសែនតែម្តង”។
សូមជម្រាបថា តាមរយៈគម្រោងខាងលើរដ្ឋខេត្តកំពង់ធំបានសំណង់អាងប្រព្រឹត្តកម្មមានសមត្ថភាពផលិតទឹកស្អាត ៧៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ សំណង់បន្ទាប់មកទៀត គឺអាងស្តុបទឹកស្អាត និងស្ថានីយចែកចាយទឹកដែលអាចស្តុបទឹកបាន ១៨០០ម៉ែត្រគូប។ សំណង់បន្ទាប់បន្សុំប្រព័ន្ធគ្រប់គ្រងដំណើរការរោងចក្រមានប្រព័ន្ធបច្ចេកវិទ្យាបណ្តាញចែកចាយស៊ីយូទឹកស្អាត មានប្រវែង ១៥២គីឡូម៉ែត្រ ដែលគ្របដណ្តប់ទូទាំងក្រុងស្ទឹងសែន ៕