​អ្នកសារព័ត៌មានជាបុគ្គលគន្លឹះជួយលើកកម្ពស់របបអាហារសុខភាពកម្ពុជាឱ្យកាន់តែប្រសើរ

ថ្ងៃសៅរ៍ ទី២៣ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 635
1

ភ្នំពេញ​​ - អ្នកជំនាញអាហារូបត្ថម្ភនៅកម្ពុជា​ ​​បានចាត់ទុកអ្នកសារព័ត៌មានជាបុគ្គលគន្លឹះសំខាន់ជួយលើកកម្ពស់អាហារូបត្ថម្ភ ​​សន្តិសុខស្បៀង​​ ​និងរបបអាហារសុខភាពបានយ៉ាងប្រសើរទៅកាន់សាធារណជន តាមរយៈការផ្សព្វផ្សាយអត្ថបទសារព័ត៌មានវីដេអូព័ត៌មាននិងខ្លឹមសារអប់រំសុខភាព​​ ​ ​ការលើកឡើងរបស់អ្នកជំនាញនេះនៅក្នុងវេទិកាអ្នកសារព័ត៌មានអាហារូបត្ថម្ភ កាលពីថ្ងៃសុក្រម្សិលមិញ​​ នៅសណ្ឋាគារភ្នំពេញ​ ​រៀបចំដោយអង្គការ Helen Keller និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្រសួងសុខាភិបាល

 

 

 ឯកឧត្តម សុខ សុីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថាទៅកាន់អ្នកសារព័ត៌មានយើងថា អ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយបានរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្នុងការពង្រីកអន្តរាគមន៍កម្មវិធីអាហារូបត្ថម្ភព្រមទាំងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើការងារតស៊ូមតិ ដើម្បីធានាថា អាហារូបត្ថម្ភនៅតែជាអាទិភាពខ្ពស់ក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាល ។​​​​ ជាពិសេសអ្នកសារព័ត៌មានបានជួយរក្សាតុល្យភាព និងលើកកម្ពស់គណនេយ្យភាពរវាងភាគីពាក់ព័ន្ធអាហារូបត្ថម្ភឱ្យបំពេញការងារស្របតាមភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ។​ 

 

 

ឯកឧត្តម សុខ សុីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍បញ្ជាក់ថាខ្ញុំសូមកោតសរសើរដោយស្មោះដល់អ្នកសារព័ត៌មានយើងទាំងអស់ដែលបានខិតខំសរសេរ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ។ ប្រព័ន្ធផ្សព្វផ្សាយបានរួមចំណែកជំរុញនិងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើការងារតស៊ូមតិដើម្បីធានាថាអាហារូបត្ថម្ភនៅតែជាអាទិភាពខ្ពស់ក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាលដោយអនុលោមតាមគោលនយោបាយ ព្រមទាំងលិខិតបទដ្ឋាននានា

 

ចំណែកលោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ដោយសង្កត់ធ្ងន់ថាអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹងអាហារូបត្ថម្ភដល់សាធារណជន ដោយផ្អែកលើគោលការណ៍សុក្រិត្យភាព ច្បាស់លាស់ មិនធ្វើឱ្យមានរូបភាពភាន់ច្រឡំក្នុងការធ្វើសេចក្តីសម្រេចចិត្តណាមួយ។ 

 

 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី​​ មានប្រសាសន៍បន្តថា ៖ខ្ញុំសូមឱ្យអ្នកសារពត៌មានមានទាំងអស់មេត្តាគិតគូរអំពីសុក្រិតភាពរបស់ទិន្នន័យ ប្រភពព័ត៌មាន ដោយមានការផ្ទៀងផ្ទាត់លើព័ត៌មានអាហារូបត្ថម្ភឱ្យបានច្បាស់លាស់និងត្រឹមត្រូវមុនពេលចេញផ្សាយអត្ថបទនីមួយៗ ព្រោះថាប្រសិនបើផ្សាយពត័មាន ឬទិន្នន័យអាហារូបត្ថម្ភខុសនឹងធ្វើសាធារណជនយល់ខុស ហើយអនុវត្តខុសតាមការផ្សព្វផ្សាយទាំងនោះ"

 

ដោយឡែកលោកបណ្ឌិត អ៊ុន សំអឿន តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា​​ លទ្ធផលការងារលើកកម្ពស់អាហារូបត្ថម្ភឱ្យបានល្អព័ត៌មានស្តីពីការចិញ្ចឹមទារក និងកុមារតូចនៅកម្ពុជាបានផ្សព្វផ្សាយទូលំទូលាយទៅកាន់សាធារណជនពឹងផ្អែកយ៉ាងសំខាន់លើការចូលរួមរបស់អ្នកសារព័ត៌មាននិងស្ថាប័នព័ត៌មាន ។

 

ប្រព័ន្ធផ្សព្វផ្សាយអាចប្រើប្រាស់ទាំងឥទ្ធិពលវិជ្ជមាន និងហានិភ័យនៃឥទ្ធិពលអវិជ្ជមាន ហើយយើងអាចធ្វើការរួមគ្នា រវាងតួអង្គអាហារូបត្ថម្ភ ក្រសួងសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកែលម្អព័ត៌មាន និងស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជនកម្ពុជា។ ប្រសាសន៍របស់លោកបណ្ឌិត អ៊ុន សំអឿន តំណាងគម្រោង MUSEFO នៃអង្គការ GIZ

 

ទន្ទឹមគ្នានឹងការផ្តល់តម្លៃដល់កិច្ចការសារព័ត៌មានផ្សាភ្ជាប់នឹងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជានេះ​​ លោកជំទាវនង​​ ធូក នាយិការងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា​​ នៃក្រសួងព័ត៌មាន មានប្រសាសន៍ថាសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅគ្រប់កាលៈទេសៈ ហើយគោលបំណងរួមនៃវិជ្ជាជីវៈសារព័ត៌មាន គឺផ្តល់ព័ត៌មានទៅកាន់ប្រជាពលរដ្ឋដើម្បីសម្រេចចិត្តបានត្រឺមត្រូវសម្រាប់ជីវិតផ្ទាល់ខ្លួនគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ។ 

 

 

លោកជំទាវ​​ បានបញ្ជាក់បន្ថែមទៀតថាជាទូទៅអ្នកសារព័ត៌មានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹងបន្ថែមជូនសាធារណជនអំពីព្រឹត្តិការណ៍ និងបញ្ហានានាដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃលើគ្រប់វិស័យ ។ អ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងតួនាទីជាស្ពានចម្លងពីស្ថាប័នអនុវត្តការងារទៅកាន់ប្រជាពលរដ្ឋនិងមានតួនាទីនាំព័ត៌មានពីប្រជាពលរដ្ឋមកស្ថាប័នអនុវត្តវិញលើគ្រប់ទិដ្ឋភាពសង្គម រាប់ទាំងវិស័យសុខាភិបាល​​​ និងសុខភាពសាធារណៈជាដើម 

 

សូមជម្រាបថាតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ Helen Keller និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្រសួងសុខាភិបាលវេទិកាសម្រាប់អ្នកសារព័ត៌មានខាងលើបានប្រគល់រង្វាន់លើកទឹកចិត្តដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័នដែលបានសរសេរអត្ថបទផលិតវីដេអូព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានស្តីពីបញ្ហាអាហារូបត្ថម្ភសុវត្ថិភាពស្បៀង​​ ទឹកស្អាតនិងអនាម័យ និងរបបអាហារសុខភាពជាដើម​​ ការប្រគល់រង្វាន់លើកទឹកចិត្តនេះ ផ្តល់ជូនអ្នកសារព័ត៌មានជ័យលាភីរួមមានកុំព្យូទ័រយូដៃ អាថេតម៉ាស៊ីនថតសំឡេងព្រមទាំងរង្វាន់លើកទឹកចិត្តមួយចំនួនទៀត 

 

 

 

អត្ថបទពេញនិយម