រដ្ឋបាលខេត្តកំពង់ស្ពឺ ៖ ច្បារមនត្រៀមខ្លួនជាស្រេចក្លាយជាទីក្រុងស្អាតជាប់ជ័យលាភីផ្ការំដួលពីរទង
កំពង់ស្ពឺ - រដ្ឋបាលខេត្តកំពង់ស្ពឺកំពុងត្រៀមខ្លួនជាស្រេចលើកកម្ពស់ក្រុងច្បារមនឱ្យក្លាយជាទីក្រុងស្អាតនិងមានអនាម័យ ដើម្បីទទួលបានជ័យលាភីផ្ការំដួលពីរទង ឆ្នាំ២០២២ ។ ក្រុងស្អាតនិងមានអនាម័យល្អ នោះនឹងចូលរួមចំណែកលើកសោភ័ណភាពខេត្ត ព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ ប្រាប់សារព័ត៌មានមង្គល កាលពីថ្ងៃចន្ទ ទី៣១ ខែមករា កន្លងទៅ ។
ទន្ទឹមគ្នានេះ ឯកឧត្តម សុខ ភា បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺបានប្តេជ្ញាចិត្តដណ្តើមយកចំណាត់ថ្នាក់ផ្ការំដួលពីរទងក្នុងការប្រកួតប្រជែងទីក្រុងស្អាត នៅឆ្នាំ២០២២ ។ រដ្ឋបាលខេត្តនឹងបង្កើតភាពទាក់ទាញក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយសារវិស័យទេសចរណ៍នឹងមិនពឹងផ្អែកលើផលិតផលទេសចរណ៍តែមួយមុខនោះទេ ប៉ុន្តែក៏អាស្រ័យលើលើការអភិវឌ្ឍប្រកបដោយចីរភាព គុណភាពបរិស្ថាន និងមានសេវាសាធារណៈល្អ ។
ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ មានប្រសាសន៍បន្ថែនថា ៖ “ឆ្នាំកន្លងទៅខ្វះតែពីរពិន្ទុប៉ុណ្ណោះខេត្តកំពង់ស្ពឺបានផ្ការំដួលពីរទងក្នុងការប្រកួតប្រជែងទីក្រុងស្អាត ។ ឆ្នាំនេះរដ្ឋបាលខេត្តចង់ដណ្តើមយកឱ្យបានរំដួលពីរទង តែទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់បណ្តាអង្គភាពពាក់ពន្ធ័” ។
ស្របនឹងបំណងខាងលើឯកឧត្តមប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) ខេត្ត បានបញ្ជាក់ឱ្យដឹងទៀតថា រដ្ឋបាលខេត្តចង់ឱ្យក្រុងច្បារមនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ដ៏មានសក្តានុពល ដើម្បីលើកកម្ពស់ជីវភាព សុខភាព ព្រមទាំងការរបស់នៅរបស់ប្រជាពលរដ្ឋនៅក្រុងឱ្យកាន់តែរីកចម្រើន។ ខេត្តជឿជាក់លើការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ពិសេសមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលក្រុងកំពង់ស្ពឺ ។
សូមជម្រាបថា ការរៀបចំតុបតែងលម្អមធ្យោបាយដឹកជញ្ជូនសាធារណៈឱ្យស៊ីសង្វាក់គ្នា និងស្របតាមអត្តសញ្ញាណនៅទីក្រុង ព្រមទាំងភាពទាក់ទាញទេសចរណ៍ជាចំណុចពិសេសដែលរដ្ឋបាលខេត្តកំពង់ស្ពឺបន្តអភិវឌ្ឍន៍ ។ ស្របគ្នានេះ ខេត្តមានគោលដៅគ្របគ្រងសំណល់រឹងនិងរាវឱ្យមានប្រសិទ្ធភាព និងបំផុសប្រជាជនឱ្យចេះបែងចែកសំរាមដាក់សំរាមក្នុងធុងសំរាម ចេះគ្រប់គ្រងសំណល់មានជាតិគីមីផ្សេងៗពីគ្នា និងកែច្នៃសំរាមផងដែរ ៕